ការឃោសនា​បោះឆ្នោត​នៅ​សៀមរាប មាន​ភាព​ល្អប្រសើរ បើទោះ​ជា​មាន​បញ្ហា​ខ្លះ​ក៏ដោយ

2008-07-07

មន្រ្តី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​និង​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​សៀមរាប បាន​អះអាង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​ក្នុង​រយៈពេល ១០​ថ្ងៃ កន្លង​មក​នេះ មាន​លទ្ធផល​ល្អ​ប្រសើរ បើទោះ​ជា​មាន​ករណី​គំរាម​កំហែង ការរារាំង​មិន​ឲ្យ​បិទ​ខិត្តប័ណ្ណ​និង​ការរំខាន​ដល់​គណបក្ស​នយោបាយ​ខ្លះ​ក៏​ដោយ ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​សៀមរាប លោក នឹម វ៉ាន់សំ បាន​មាន​ប្រសាសន៍​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ ខែ​កក្កដា ថា ចាប់ពី​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដំបូង​ថ្ងៃ​ទី​២៦ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា មាន​រយៈពេល ១០​ថ្ងៃ​ហើយ ឯ​លទ្ធផល​នៃ​យុទ្ធនាការ​របស់​គណបក្ស​នយោបាយ​នានា​គឺ​មាន​ដំណើរការ​ល្អ​ប្រសើរ បើ​ទោះ​ជា​ក្នុង​នោះ​មាន​ការគំរាម​កំហែង មាន​ការបំផ្លាញ​ខិត្តប័ណ្ណ​ឃោសនា​និង​មាន​បណ្តឹង​ពី​គណបក្ស​នយោបាយ​ខ្លះ​ក៏​ដោយ ។

លោក នឹម វ៉ាន់សំ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ការឃោសនា​នៅ​តាម​ផ្លូវ​គឺ​គ្មាន​អំពើ​ហិង្សា​អ្វី​ទេ ប៉ុន្តែ​នៅ​តែ​មាន​បណ្ដឹង​អី​បន្តិចបន្តួច»

មន្ត្រី​រៀបចំ​ការបោះឆ្នោត​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១០​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក​នេះ គេ​ទើប​តែ​បាន​ទទួល​បណ្តឹង​ចំនួន​៣ ប៉ុណ្ណោះ ស្តីពី​ការរារាំង​យុទ្ធនាការ​ឃោសនា​និង​ការគំរាម​កំហែង ។

ទោះយ៉ាង​ណា ប្រធាន​ក្រុមការងារ​គណបក្ស​សមរង្ស៊ី​ខេត្ត​សៀមរាប អ្នកស្រី កែ សុវណ្ណារ័ត្ន បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ឃោសនា​កន្លង​មក កន្លែង​ខ្លះ អាច​ទទួល​យក​បាន​ថា​មាន​លក្ខណៈ​ប្រសើរ​កន្លែង​ខ្លះ​ទៀត មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​តែ​មាន​ការរារាំង​និង​គំរាម​កំហែង​ដល់​សកម្មជន ។

អ្នកស្រី កែ សុវណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ៖ «កន្លែង​ខ្លះ​គឺ​យើង​អាច​ទទួល​យក​បាន ប៉ុន្តែ​កន្លែង​ខ្លះ​ទៀត យើង​នៅ​តែ​មាន​ការបារម្ភ»

តាមអ្នកស្រី កែ សុវណ្ណារ័ត្ន បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ ១០​ថ្ងៃ​កន្លង​មក​នេះ មាន​ការរំលោភ​មក​លើ​សកម្មជន​គណបក្ស​សម​រង្ស៊ី ចំនួន ៧​ករណី ដូចជា​ការគំរាម​កំហែង ការរារាំង​ការឃោសនា និង​ការបំផ្លាញ​ចោល​ខិត្តប័ណ្ណ​ដែល​បិទ​នៅ​តាម​ដើមឈើ​នៅ​ទី​សាធារណៈ​ជាដើម ។

ចំណែក​ប្រធាន​ក្រុម​ការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​សៀមរាប លោក ស៊ឹម សុន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ហ៊ាន​សន្និដ្ឋាន​អំពី​លទ្ធផល​យុទ្ធនាការ​ឃោសនា​ថា​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​ក្នុង​រយៈពេល ១០​ថ្ងៃ​មក​នេះ មាន​ការរំលោភ​បំពាន​ពី​មន្ត្រី​ឃុំ ភូមិ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មក​លើ​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៥​ករណី​មក​ហើយ ។

លោក ស៊ឹម សុន ថ្លែង​ដូច្នេះ​ថា ៖ «យើង​មាន ៥​ករណី ក្រៅ​ពី​ហ្នឹង ដូចជា​អត់​មាន​អី​ទេ»

អ្នកស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ខេត្ត​សៀមរាប លោក ចៅល័ក្ខ វណ្ណា បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នានា មាន​ស្ថានភាព​ល្អ​ប្រសើរ បើ​ទោះ​ជា​មាន​ការគំរាម​កំហែង ការរារាំង​ខ្លះ​និង​បំផ្លាញ​ចោល​ខិត្តប័ណ្ណ​គណបក្ស​ផ្សេង​ៗ​ខ្លះ​ក៏​ដោយ ក៏​មិន​មាន​អំពើ​ហិង្សា​និង​ការសម្លាប់​ទេ ៖ «ចាប់​តាំង​ពី​ថ្ងៃ ២៦ [មិថុនា] រហូត​មក​ដល់​ថ្ងៃ​នេះ យើង​ឃើញ​ថា មាន​ដំណើរការ​ល្អ​ប្រសើរ ទោះជា​មាន​ការរារាំង​បន្តិច​បន្តួច»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ថ្ងៃ​កន្លង​មក​នេះ គេ​បាន​ទទួល​បណ្តឹង​ពី​គណបក្ស​នយោបាយ​ស្តីពី​ការគំរាម​កំហែង ការរារាំង និង​ការបំផ្លាញ​ខិត្តប័ណ្ណ​ឃោសនា តែ ៤​ករណី​ប៉ុណ្ណោះ ។

នៅ​ខេត្ត​សៀមរាប មាន​គណបក្ស​នយោបាយ​ចំនួន ១០ បាន​និង​កំពុង​ឃោសនា​រក​សំឡេង​ឆ្នោត ក្នុង​ចំណោម​គណបក្ស​ទាំងអស់​ចំនួន ១១ ដែល​បាន​ចុះបញ្ជី​នៅឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៕

អត្ថបទ​ដែល​ទាក់ទង

ប្រតិកម្ម​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ថា​ដំណើរការ​សង់​សាលារៀន​មួយ​ត្រូវ​ផ្អាក​ដោយសារ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បង្ហាញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត

គណបក្ស​សម​រង្ស៊ី​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​បង្ហាញ​ជំហរ​បក្ស​ប្រឆាំង

បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បដិសេធ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៤ ត្រូវ​បាន​ប្រកាស

សំណង់​សាលារៀន​មួយ​នៅ​ស្រុក​បារាយណ៍​ត្រូវ​ផ្អាក​ដោយសារ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត​នៅ​ទីនោះ

បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​ថ្មី​នឹង​ត្រូវ​កាន់កាប់​ដោយ​បក្ស​ប្រជាជន

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​បញ្ជាក់​ជំហរ​មិន​ចូល​ស្បថស្បែ​បង្កើត​សភា​ថ្មី

បក្ស​សមរង្ស៊ី​ស្នើសុំ​ឲ្យ​គ.ជ.ប.​បង្ហាញ​ភស្តុតាង​ពី​ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត