បេក្ខជន​ដាក់ពាក្យ​សុំធ្វើការ​ជា​អ្នក​រៀបចំ​បោះឆ្នោត​ចោទ​ថា មាន​ការទារ​ប្រាក់

បេក្ខជន​ដាក់ពាក្យ​ធ្វើ​ជា​អ្នករៀបចំ​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​មួយ​ចំនួន បាន​តវ៉ា​ថា មាន​ការទារ​ប្រាក់​និង​បញ្ចូល​បក្សពួក​ក្នុង​ការរើស​ចូល​ធ្វើ​ការងារ ។

0:00 / 0:00

លោក ផាត់ ហឿន នៅខែត្រ​ព្រៃវែង ស្រុក​មេសាង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ដាក់​ពាក្យ​ធ្វើការ​នៅក្នុង​ក្រុម​អ្នករៀបចំ​ការបោះឆ្នោត​ថ្នាក់​ឃុំ តែ​លោក​បាន​ត្រូវ​គេ​ទារ​ប្រាក់ ។

លោក ផាត់ ហឿន ថ្លែង​ប្រាប់​ដូច្នេះ​ថា ៖ «ប៉ុន្តែ អ្នក​ដែល​រើស​គេ​កែ​ឯកសារ គាត់​ដាក់​សេវាកម្ម​ច្បាប់ ដល់​នេះ​គាត់​កែ​ឯកសារ​មក​បុក ខ្ញុំ​អត់​មាន​លុយ​ឲ្យ​គេ ។ គេ​ទារ​លុយ​ខ្ញុំ​ដល់ ៥០​[ដុល្លារ]​ឯណោះ ហើយ​ធ្វើ​តែ ២​ខែ​កន្លះ អ៊ីចឹង​ខ្ញុំ​អត់​មាន​លុយ​ឲ្យ​គេ គេ​ឲ្យ​លុយ ហើយ​អ្នក​ដែល​ដាក់​បុក​នោះ គេ​ឲ្យ​លុយ ៥០​ដែរ ហើយ​អ្នក​មួយ​នោះ គេ​ឲ្យ ១០០»

មន្ត្រី​ការងារ​ថ្នាក់​ខែត្រ​ដែល​ចុះរើស​អ្នករៀបចំ​ការបោះឆ្នោត​ថ្នាក់​ឃុំ​នៅស្រុក​មេសាង ឈ្មោះ រស់ ឈុនលី បាន​បដិសេធ​ថា លោក​មិន​បាន​ទារលុយ​ដូចការ​ចោទ​ប្រកាន់​ទេ ៖ «ខ្ញុំ​អត់​បាន​ដឹង​ផង ខ្ញុំ​មិន​ដែល​បាន​ដឹង​ថា អ្នក​យក​លុយ​យក​កាក់​ពី​អ្នក​ណា​ទេ ខ្ញុំ​អត់​បាន​ដឹង​ទេ ។ គេ​ប្រាប់​បង សួរ​គេ​ទៅ គេ​ឲ្យ​អ្នក​ណា​ស្អី​អ្នក​ណា​សួរ​គេ​ទៅ តែ​ខ្ញុំ​មិន​បាន​ដឹង​ផង»

ចំណែក​នៅក្រុង​ភ្នំពេញ​វិញ បេក្ខជន​ឈ្មោះ ខាន់ សេរីវុធី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ដាក់​ពាក្យ​ធ្វើ​ជា​អ្នករៀបចំ​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ដែរ តែ​លោក​មិន​មាន​ការទុកចិត្ត​សោះ ៖ «ដាក់​ឈ្មោះ​ធ្វើ​ជា​អនុប្រធាន​ការិយាល័យ ។ ខ្ញុំ​ដាក់​តែ​ម្នាក់​ខ្ញុំ ឈ្មោះ​ក៏​ម្នាក់​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​ធ្វើ​សម្ភាសន៍​ក៏​ម្នាក់​ខ្ញុំ​ដែរ តែ​ខ្ញុំ​ខ្លាច​បក្ស​ពួក​និយម​ស៊ី​សំណូក​សូក​ប៉ាន់​ទៅ គេ​យក​តំណែង​យើង​ហ្នឹង»

ទាក់ទង​ជាមួយ​ការចោទ​ប្រកាន់​និង​ការបារម្ភ​ក្នុង​ការរើស​អ្នករៀបចំ​ការបោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់​នេះ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​មាន​ប្រសាសន៏​ឲ្យ​ដឹង​ថា គ.ជ.ប. បាន​ដឹង​និង​ទទួល​បាន​ពាក្យ​តវ៉ា​មួយចំនួន​ដែរ ហើយ​បាន​ទប់ស្កាត់​បញ្ហា​នេះ ។

លោក ទេព នីថា មាន​ប្រសាសន៍​ថា ៖ «ការងារ​នេះ​យើង​បាន​ទប់​ស្កាត់ នៅ​ពេល​ដែល​ជ្រើសរើស​មក​បេក្ខភាព​មួយ​ចំនួន ដែល​យើង​ដឹង​ថា មាន​ការពាក់ព័ន្ធ​ទៅ​នឹង​មេខ្យល់​ណែនាំ​ឲ្យ​មាន​ការទារ​លុយ​គេ ហើយ​ការទារ​លុយ​នេះ​មិន​មែន​ទារ​លុយ​ពី​មន្រ្តី​ដែល​ចុះ​ពី​ថ្នាក់​ខេត្ត​ចុះ​ទៅ​ជ្រើសរើស​ទេ មាន​មេខ្យល់​ដោយឡែក​មួយ​ទៀត បង្កើត​បញ្ហា ហើយ​ខ្ញុំ​បាន​បញ្ចៀស​បញ្ហា​នេះ ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត ។ ហើយ​ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេះ ប្រសិនបើ​បង​ប្អូន​ប្រជាពលរដ្ឋ​ណា បាន​ឲ្យ​លុយ​គេ​ហើយ មិន​ទុក​ចិត្ត​អាច​ប្ដឹង​អ្នក​នោះ ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ក៏បាន ប្ដឹង​មក គ.ជ.ប. ក៏​បាន ឬ​ក៏​ប្ដឹង​ទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏បាន ដើម្បី​យើង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»

ការបោះឆ្នោត​រើស​តំណាងរាស្រ្ត​អាណត្តិ​ថ្មី ត្រូវ​ធ្វើឡើង​នៅថ្ងៃ​ទី​២៧ កក្កដា ខាង​មុខ​នេះ ហើយ​តាម​លោក ខន កែវមនោ មន្រ្តី គ.ជ.ប. បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់​ខាងមុខ​នេះ ត្រូវការ​ជ្រើសរើស អ្នករៀបចំ​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ ៩.៧២៦​នាក់ ៕