ក្រុមអាជ្ញាធរខេត្តបានថ្លែងថា ពួកគេមិនបានហាមឃាត់មិនឲ្យគណបក្ស សម រង្ស៊ី លើកស្លាកគណបក្សនោះទេ។ ប៉ុន្តែ គណបក្ស សម រង្ស៊ី ត្រូវសុំការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិនៅតាមទីកន្លែងដែលខ្លួនត្រូវលើកស្លាកគណបក្សនោះជាមុនសិន។
ជម្លោះលើកស្លាកគណបក្សនយោបាយមួយ នៅក្នុងខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់មានការដោះស្រាយចប់នៅឡើយ។ បក្សប្រឆាំង សម រង្ស៊ី បានសុំយកស្លាកគណបក្សទៅដាក់នៅលើទីតាំងចាស់ ដែលបានស្នើសុំរួចហើយ។ ប៉ុន្តែ អាជ្ញាធរខេត្តប៉ៃលិន អះអាងថា បញ្ហានេះមិនស្ថិតនៅលើអាជ្ញាធរទេ គឺមានការពាក់ព័ន្ធនឹងម្ចាស់កម្មសិទ្ធិគ្រប់គ្រងទីតាំង ដែលគណបក្សស្នើសុំនោះ។
សមាជិកក្រុមប្រឹក្សាក្រុងរបស់គណបក្ស សម រង្ស៊ី នៅប៉ៃលិន លោក ឃិន ប៉ុន បានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី៨ ខែកញ្ញា ឆ្នាំ ២០១១ ថា អាជ្ញាធរខេត្តប៉ៃលិន កំពុងបង្កភាពស្មុគស្មាញដល់គណៈបក្ស សម រង្ស៊ី ដោយបានចេញសេចក្ដីណែនាំឲ្យគណបក្ស សម រង្ស៊ី សុំការអនុញ្ញាតពីមេភូមិ មេឃុំ ទើបអាចលើកស្លាកគណបក្សបាន។ ប៉ុន្តែ សេចក្ដីណែនាំនេះផ្ទុយពីច្បាប់បោះឆ្នោត។
លោក ឃិន ប៉ុន ៖ «ក្រសួងមហាផ្ទៃតម្រូវឲ្យគណបក្សនយោបាយនោះធ្វើសេចក្ដីជូនដំណឹងត្រឹមអាជ្ញាធរ ហើយបើអាជ្ញាធរមិនឆ្លើយតប មានន័យថា អាជ្ញាធរហ្នឹងឯកភាព ព្រោះបើដាក់ឲ្យការស្នើសុំ អ្នកដឹកនាំគ្រប់ថ្នាក់ហ្នឹងវាចេញពីគណបក្សប្រជាជន។ អ៊ីចឹងពួកគាត់ដែលមានគំនិតរើសអើង គាត់អត់ដោះស្រាយ ពន្យារពេលយូរធ្វើឲ្យមានការយឺតយូរ»។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ គណបក្ស សម រង្ស៊ី បានដាក់លិខិតជូនដំណឹងស្ដីពីការលើកស្លាកសញ្ញាគណបក្ស ចំនួន ៥ ស្លាក ទៅអាជ្ញាធរខេត្តប៉ៃលិន។ ប៉ុន្តែ អាជ្ញាធរខេត្តពុំបានឆ្លើយតប។ លុះដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១១ គណបក្ស សម រង្ស៊ី បានយកស្លាកទៅដាក់លើដីមួយកន្លែងទល់មុខសាលាខេត្តប៉ៃលិន កៀកនឹងស្លាកគណបក្សប្រជាជនកម្ពុជា ដែលបានដាក់តាំងរួច ក៏ត្រូវប៉ូលិសចុះទៅទម្លាក់ និងរឹបអូសយកស្លាកគណបក្សនោះ។
នៅក្រោយការទម្លាក់ស្លាកគណបក្ស សម រង្ស៊ី នោះ លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន បានអះអាងថា ដីនៅខាងមុខសាលាខេត្តប៉ៃលិននោះ គឺជាកម្មសិទ្ធិរបស់លោក សៅ សារ៉ាត់ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន។ លោកបន្តថា ករណីនេះបក្ស សម រង្ស៊ី ត្រូវសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវពីម្ចាស់កម្មសិទ្ធិ និងអាជ្ញាធរដែនដី។ ចំណែកស្លាកគណបក្ស សមត្ថកិច្ចប៉ូលិសកំពុងថែរក្សានៅស្នងការនគរបាលខេត្ត។
លោក អ៊ី ឈាន ៖ «ណែនាំឲ្យថែរក្សារបស់គេឲ្យល្អ។ បើគេសុំវិញ គឺឲ្យព្រោះថា អាហ្នឹង សុំឲ្យយើងទាំងអស់គ្នាមានសិទ្ធិគ្រប់គណបក្ស។ មានសិទ្ធិដូចគ្នា។ ប្រជាជនក៏មានសិទ្ធិដែរ ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក»។
មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស លីកាដូ លោក ហេង សាយហុង បានថ្លែងថា ក្រុមអាជ្ញាធរខេត្តមានកាតព្វកិច្ចជួយសម្រួលដល់គ្រប់គណបក្សនយោបាយក្នុងការលើកស្លាក ដើម្បីឲ្យបានប្រកួតប្រជែងដោយតម្លាភាពក្នុងរបបសេរីពហុបក្ស ដែលប្រទេសកម្ពុជាកំពុងប្រកាន់យក។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន លោក ស្រី ប៊ុនសុភី បានពន្យល់ថា ការលើកស្លាកគណបក្ស សម រង្ស៊ី គឺជាការលើកតាំងជាអចិន្ត្រៃយ៍ តម្រូវឱ្យសុំច្បាប់ពីអាជ្ញាធរដែនដី និងក្រសួងមហាផ្ទៃ។ លោកស្រីបន្តថា នៅដំណាក់កាលនេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតថ្នាក់ខេត្តពុំទាន់មានតួនាទីឡើយ។
កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១១ គណបក្សប្រឆាំងនៅខេត្តប៉ៃលិន បានប្ដឹងចោទប្រកាន់មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជាច្រើននាក់ ទៅតុលាការខេត្តប៉ៃលិន ឲ្យជួយរកយុត្តិធម៌ក្នុងករណី ដែលក្រុមប៉ូលិសនាំគ្នាចុះទៅទម្លាក់ស្លាកគណបក្ស សម រង្ស៊ី នៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១១៕