ទឹក​ជំនន់​បង្អាក់​ការ​ពិនិត្យ និង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។ លោក​បាន​អំពាវនាវ​ទៅ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ.ជ.ប នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា សូម​ឲ្យ​ពន្យារ​កាល​បរិច្ឆេទ​នៃ​ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១១ ឲ្យ​បាន​ច្រើន​ថ្ងៃ​ថែម​ទៀត។

លោក​បន្ត​ថា មូលហេតុ​នាំ​ឲ្យ​គណបក្ស សិទ្ធិមនុស្ស ស្នើសុំ​បែប​នេះ ដោយសារ​តែ​មាន​ពលរដ្ឋ នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ជន់​លិច​មិន​អាច​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

លោក កឹម សុខា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ខេត្ត​ជា​ច្រើន​មក បញ្ហា​ទឹក​ជំនន់​ច្រើន ហើយ​ប្រជា​ពលរដ្ឋ​អត់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ច្រើន ដោយសារ​បញ្ហា​ទឹក​ជំនន់​ជន់​លិច។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ គ.ជ.ប ពន្យារ​ពេល​បន្ត​ទៀត ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​ទឹក​ជំនន់ ហើយ​ប្រជា​ពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បាន»។

សេចក្ដី​អំពាវនាវ​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី គ.ជ.ប ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ពុធ​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០១១។

គ.ជ.ប បាន​កំណត់​រយៈ​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ មាន​រយៈ​ពេល ៤៥ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ ហើយ​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១១ គឺ​ទុក​សម្រាប់​ការ​បោះឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១២៕