ប៉ុន្តែ ជាមួយគ្នានេះ ក៏កត់សម្គាល់ឃើញថា មានយុទ្ធនាការដាក់សម្ពាធបង្កការគំរាមកំហែង បំភិតបំភ័យ ចំពោះសកម្មជនគណបក្សនយោបាយនៅគ្រប់ស្រទាប់ ក្នុងការព្យាយាមបញ្ចុះបញ្ចូលមនុស្សឲ្យដូរបក្ស ។
អង្គការឃ្លាំមើលការបោះឆ្នោតនៅអាស៊ីមួយ ឈ្មោះ បណ្តាញអាស៊ីដើម្បីការបោះឆ្នោតសេរី ហៅកាត់ អាន់ហ្វ្រែល (ANFREL) បានធ្វើការកត់សម្គាល់លើសម័យបោះឆ្នោតអាណត្តិទី៤នេះថា ថ្វីត្បិតតែមានភាពស្ងប់ស្ងាត់ក្នុងពេលបោះឆ្នោតក្តី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ឃុំ ហៅថា សិក (CEC) មិនចង់ជួយរកដំណោះស្រាយដល់ពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋដែលបាត់ឈ្មោះពីបញ្ជីបោះឆ្នោតនោះទេ ។
នាយក្រុមសង្កេតការណ៍ អាន់ហ្រ្វែល មួយរូប មានប្រសាសន៍ថា គេប្រហែលជាអាចហៅការបោះឆ្នោតនេះថា សេរី ប៉ុន្តែ មិនយុត្តិធម៌ទាល់តែសោះ ។
ចំណែកឯក្រុមអ្នកសង្កេតការណ៍បោះឆ្នោតពីសហគមន៍អឺរ៉ុបវិញ គេថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ២៧ កក្កដា មិនឈានដល់កម្រិតអន្តរជាតិជាច្រើនអន្លើ ដែលគេមិនអាចហៅថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ។
លោក Martin Callanan នាយក្រុមសង្កេតការណ៍ពីសហភាពអឺរ៉ុប បានថ្លែងប្រាប់អ្នកកាសែតថា រាល់ទិដ្ឋភាពទាំងអស់នៃការរៀបចំការបោះឆ្នោតនេះ គឺត្រួតត្រាដោយគណបក្សប្រជាជនកម្ពុជា ទើបអាចអនុញ្ញាតឲ្យគេធ្វើការចោទប្រកាន់ផ្សេងៗ អំពីកង្វះភាពមិនលំអៀង ភាពមិនយុត្តិធម៌នោះ ។
លោកថា នៅទីបំផុត ការសម្រេចចិត្តគឺស្ថិតលើពលរដ្ឋខ្មែរ ថាតើចង់ទទួលស្គាល់ ឬបដិសេធលទ្ធផលនៃការបោះឆ្នោតនោះ ៕
