បច្ចុប្បន្ន អគ្គិសនីកម្ពុជា បានផ្តល់ជំនួយដល់មូលនិធិអគ្គិសនីជនបទ ដើម្បីឲ្យពង្រីកសក្ដានុពលផ្គត់ផ្គង់អគ្គិសនីទៅដល់មូលដ្ឋាន ក្នុងគោលបំណងសម្រេចនូវគោលនយោបាយថ្នាក់ជាតិនោះ។
អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្តល់ជំនួយថវិកាចំនួន ៤លានដុល្លារអាមេរិក ដល់មូលនិធិអគ្គិសនីជនបទសម្រាប់ឆ្នាំ២០១៣ ដើម្បីជំរុញកម្មវិធីពង្រីក និងការផ្គត់ផ្គង់អគ្គិសនីទៅដល់តំបន់ជនបទដាច់ស្រយាល ឲ្យមានអគ្គិសនីប្រើប្រាស់ និងមានតម្លៃថោកសមរម្យ។
នាយកមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា លោក លឿង កែវសិលា ថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១២ របស់សមាគមអគ្គិសនីជនបទនៅថ្ងៃទី១៧ ខែធ្នូ ថា តាមគម្រោង មូលនិធិអគ្គិសនីជនបទនឹងអនុវត្តនូវគម្រោងចំនួន៤សំខាន់ ក្នុងឆ្នាំ២០១៣។ ទី១ គឺការអនុវត្តកម្មវិធីដំឡើង និងលក់ប្រព័ន្ធថាមពលព្រះអាទិត្យដល់គ្រួសារជនបទក្រីក្រ និងទីទ័លក្រដាច់ស្រយាល ដោយដំឡើងប្រព័ន្ធអគ្គិសនីជូនប្រជាពលរដ្ឋ និងតម្រូវឲ្យបង់រំលោះសងមកវិញក្នុងរយៈពេល ៤ឆ្នាំ។ ទី២ អនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ដែលគ្មានលទ្ធភាពភ្ជាប់ចរន្ត ឬខ្សែបណ្ដាញអគ្គិសនីប្រើប្រាស់ ដោយឲ្យខ្ចីប្រាក់ចំនួន ៤៨ម៉ឺនរៀលក្នុងមួយផ្ទះ ដោយឥតការប្រាក់ក្នុងរយៈពេល ៣ឆ្នាំ តាមរយៈសេវាកអគ្គិសនីជនបទ។ ទី៣ ជំរុញឲ្យសេវាករចែកចាយអគ្គិសនីបង្កើត ឬអភិវឌ្ឍន៍ការកកើតឡើងវិញនូវវារីអគ្គិសនីខ្នាតតូច និងមធ្យម។ ទី៤ ជំរុញឲ្យមានការពង្រីកខ្សែបណ្ដាញអគ្គិសនីដល់អ្នកផ្គត់ផ្គង់អគ្គិសនីនៅក្នុងដែនអាជ្ញាប័ណ្ណរបស់សេវាករ។
លោក លឿង កែវសិលា៖ «អគ្គិសនីកម្ពុជា បានផ្តល់ថវិកា ៤លានដុល្លារ ដល់មូលនិធិជនបទ ដើម្បីជំរុញកម្មវិធីទាំង៤ ដូចបានរៀបរាប់ខាងលើហើយនៅឆ្នាំក្រោយៗទៀត ទៅតាមស្ថានភាពថវិកាដែលអាជ្ញាធរអគ្គិសនីមាន គឺយើងនឹងធ្វើការហ្នឹងទាំងអស់គ្នា ជំរុញអាហ្នឹងឲ្យបានលឿន»។
ជាមួយគ្នាដែរ លោក សំអឿន គឹមហឿន សមាជិកទី២ នៃអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងថា សេវាករជាសមាជិកសមាគមអគ្គិសនីជនបទ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម និងជំរុញឲ្យមានអគ្គិសនីប្រើប្រាស់នៅជនបទ តាមរយៈការរៀបចំប្រព័ន្ធផែនទីភូមិសាស្ត្រគ្រប់គ្រងបណ្ដាញអគ្គិសនីតង់ស្យុងមធ្យម និងតង់ស្យុងទាប និងបង្កើតសហករណ៍ឥណទានអគ្គិសនីជនបទទាក់ទងជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ដើម្បីទទួលបានូវប្រាក់កម្ចីសម្រាប់សេវាករ ប្រសិនបើសេវាករនោះត្រូវការថវិកាសម្រាប់បង្កើតអាជីវកម្មធុនតូច ឬមធ្យម ឬពង្រីកសេវាកម្មរបស់ខ្លួន។
នាយកប្រតិបត្តិសមាគមអគ្គិសនីជនបទ លោក អ៊ួច ង៉ាក់ ពន្យល់ថា សេវាករអគ្គិសនីដែលទទួលអាជ្ញាប័ណ្ណពីអគ្គិសនីកម្ពុជា មានតួនាទីចែកចាយអគ្គិសនីទៅតាមតំបន់ណាដែលអាជ្ញាធរអគ្គិសនីកម្ពុជា មិនទាន់ផ្គត់ផ្គង់ទៅដល់៖ «សព្វថ្ងៃអ្នកដែលចែកចាយអគ្គិសនីធំបំផុត គឺអគ្គិសនីកម្ពុជា ទន្ទឹមនឹងសេវាករមួយចំនួនធំ គឺគាត់ចែកចាយនៅក្នុងតំបន់ប្រភពជាវពីអាជ្ញាធរអគ្គិសនីកម្ពុជា ផ្ទាល់ ឬតាមការផលិតអគ្គិសនីដោយខ្លួនឯង តាមរយៈការប្រើបញ្ឆេះម៉ាស៊ីនភ្លើង»។
បច្ចុប្បន្ន សេវាករអគ្គិសនីមានចំនួនជាង៣០០ បានចុះអាជ្ញាប័ណ្ណនៅអគ្គិសនីកម្ពុជា ប៉ុន្តែមានប្រមាណ៦០ ទៅ៧០% ប៉ុណ្ណោះ ដែលបានចូលរួមក្នុងសមាគមអគ្គិសនីជនបទ។ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវឲ្យសេវាករទាំងនោះចូលរួមក្នុងសមាគមឲ្យបានច្រើន ដើម្បីងាយស្រួលទទួលបានអត្ថប្រយោជន៍ ឬប្រាក់កម្ចីឥណទានផ្សេងៗ ដើម្បីពង្រីក និងចែកចាយអគ្គិសនីដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទឲ្យបានប្រើប្រាស់គ្រប់ៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
