មន្ត្រី​រាជការ​នៃ​នាយកដ្ឋាន​ក្សេត្រសាស្ត្រ​តវ៉ា​ទាមទារ​ប្រាក់​ពី​ការលក់​ដី

បុគ្គលិក​និង​មន្ត្រី​រាជការ​ជាង ១០០​នាក់​នៃ​នាយកដ្ឋាន​ក្សេត្រ​សាស្ត្រ​និង​កែ​លំអ​ដី​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ដើម្បី​ទាមទារ​ប្រាក់​ចំណែក​ខ្លះ ដែល​បាន​មក​ពី​ការលក់​ដី​របស់​នាយកដ្ឋាន​មួយ​កន្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

បុគ្គលិក​ទាំង​នោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដី​នាយកដ្ឋាន​ក្សេត្រ​សាស្ត្រ​និង​កែ​លំអ​ដី​កសិកម្ម​នោះ មាន​ទំហំ ២៤.៩០៨​ម៉ែត្រ​ការ៉េ ដែល​ជា​ទីតាំង​ការិយាល័យ​ការពារ​ដំណាំ​ស្ទឹង​មានជ័យ ស្ថិត​នៅ​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ ហើយ​បាន​ដោះដូរ​ទីតាំង​ទៅ​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុង​ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទំហំ​ដី​៦​ហិកតារ។

បុគ្គលិក​នៃ​នាយកដ្ឋាន​ក្សេត្រសាស្ត្រ​និង​កែ​លំអ​ដី​កសិកម្ម​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បុគ្គលិក​ទាំង​អស់​មិន​ជំទាស់​ក្នុង​ការដោះដូរ​ទីតាំង​នោះ​ទេ ក៏​ប៉ុន្តែ​ទាមទារ​ចំណែក​ខ្លះ​នៃ​ចំនួន​បា្រក់​ដែល​សល់​ពី​ការលក់​ដី​នោះ ៖ «យើង​តវ៉ា​ទាមទារ​លុយ​តាម​តម្លៃ​ទីផ្សារ​ហ្នឹង តាម​យើង​ស៊ើបសួរ ២៥០ ទៅ ៣០០​[ដុល្លារ] កាល​អំឡុង​ពេល​លក់​ហ្នឹង អ៊ីចឹង​ឃើញ​ថា វា​បាត់​លុយ​ច្រើន​ណាស់។ អ៊ីចឹង​យើង​ទាមទារ​លុយ​ដែល​បាត់បង់​ហ្នឹង ត្រូវ​ចែក​ឲ្យ​បុគ្គលិក​ទាំង​អស់​គ្នា​ផង»

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការដឹង​នោះ ប្រាក់​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ក៏​ត្រូវ​មន្ត្រី​ថ្នាក់​លើ​បាន​ចែក​គ្នា​អស់​ខ្លះ​ហើយ បើ​ទោះ​បី​ជា​មិន​មាន​ថ្នាក់​លើ​ណា​ម្នាក់​អាច​បញ្ជាក់​ថា ទទួល​បាន​ចំនួន​ប៉ុន្មាន​ក៏​ដោយ។

ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​បុគ្គលិក​នៃ​នាយកដ្ឋាន​ក្សេត្រ​សាស្ត្រ​និង​កែ​លំអ​ដី​កសិកម្ម​នោះ​ដែរ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​បុគ្គលិក​ដែល​បាន​ផ្ដិត​មេដៃ​ទាមទារ​នោះ មាន​គ្នា​ជាង ១០០​នាក់ ហើយ​ពួក​គាត់​សុំ​ចំណែក​ចំនួន ២.០០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ ៖ «តាម​ធម្មតា ការលក់ដូរ​តែង​តែ​មាន​ចំណែក​របស់​អ្នក​ដឹកនាំ ថ្នាក់​បន្ត​បន្ទាប់​ហើយ តែ​ពេល​ដែល​ខ្លួន​មាន​ចំណែក​ហ្នឹង គួរតែ​ទាមទារ​ឲ្យ​បុគ្គលិក​ខ្លះ ព្រោះ​ថា យើង​ធ្វើការ​រាល់​ថ្ងៃ​ក៏​មិន​មែន​ធ្វើ​ម្នាក់​ឯង​ដែរ»

ចំណែកឯ​លោក ស៊ីថុន ជា​អ្នក​ដែល​តវ៉ា​នោះ​ដែរ បាន​មាន​ប្រសាសន៍​ដោយ​ទទូច​សុំ​ឲ្យ​មាន​ការដោះស្រាយ​គោល​នយោបាយ​ជា​ថវិកា​ខ្លះ​សម្រាប់​បុគ្គលិក​មន្ត្រី​រាជការ​ទាំង​នោះ ៖ «ហើយ​យើង​ក៏​ទទួល​ស្គាល់​ទាំង​អស់​គ្នា​ថា ដី​នេះ​មាន​តម្លៃ​ខ្ពស់​ណាស់ ប៉ុន្តែ​របាយការណ៍​ដែល​យើង​បាន​ទទួល​ពី​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន គឺ​ថា​តម្លៃ​នេះ​វា​មិន​សម​ហេតុ​សម​ផល​ទេ ដែល​គាត់​លើក​ឡើង​ថា មួយ​ការ៉េ​បាន​តែ ១៤០​ដុល្លារ ហើយ​មួយ​ចំណែក​ទៀត មួយ​ការ៉េ ៧០​ដុល្លារ ប៉ុន្តែ​ជា​ការពិត​ដី​នេះ​ខ្ញុំ​គិត​ថា មិន​ក្រោម ៣០០​ដុល្លារ​ទេ មួយ​ការ៉េ។ បើ​គិត​តម្លៃ​នេះ ហើយ​និង​ទំហំ​ផ្ទៃ​ដី​ដែល​មាន​តម្លៃ​ទៅ​ដល់ ៧​លាន​ដុល្លារ​ជាង តែ​អ្វី​ដែល​ជា​របាយការណ៍​នាយកដ្ឋាន​លើក​ឡើង មាន​តែ ២​លាន​ជាង​ទេ។ ហើយ​ខ្ញុំ​គិត​ថា មន្រ្តី​រាជការ​ទាំងអស់​លោក​អត់​ជឿ​ទេ។ តាម​ការ​ដែល​យើង​គិតគូរ​មើល​ទៅ​តម្លៃ​ទីផ្សារ​ដែល​ពិត​ប្រាកដ យើង​ឃើញ​ថា ហាក់​ដូច​ជា​បាត់​តួលេខ​ហ្នឹង​ច្រើន ដល់​ទៅ ៣​-៤​លាន​ដុល្លារ»

មិនទាន់​មាន​ចម្លើយ​ដោះស្រាយ​ណា​មួយ​ពី​មន្ត្រី​ថ្នាក់លើ​នោះ​ទេ ដោយ លោក ស្រ៊ុន សុខុម អនុប្រធាន​នាយកដ្ឋាន​ក្សេត្រសាស្ត្រ​និង​កែលំអ​ដី​កសិកម្ម មាន​ប្រសាសន៍​ថា ការងារ​គ្រប់​យ៉ាង​ជា​ការសម្រេច​របស់​ថ្នាក់​លើ ហើយ​លោក​ពុំ​បាន​ជ្រាប​ច្បាស់​នោះ​ទេ ដោយ​លោក​បំពេញ​បេសកកម្ម​ក្រៅ​ការិយាល័យ​ធ្វើការ។

ចំណែកឯ​ប្រធាន​នាយកដ្ឋាន​ក្សេត្រ​សាស្ត្រ លោក ប៉ែន វុធ មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ដោយ​លោក​មាន​ជំងឺ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន និង​រដ្ឋលេខាធិការ លោក ច័ន្ទ តុងអ៊ីវ ក៏​មិន​អាច​ទំនាក់ទំនង​ដើម្បី​រក​ការបំភ្លឺ​បាន​ទេ។

សូម​បញ្ជាក់​ថា ទីតាំង​ដី​របស់​ការិយាល័យ​ការពារ​ដំណាំ​ស្ទឹងមានជ័យ ដែល​មាន​ទំហំ​ជាង ២​ហិកតា​នេះ ត្រូវ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចេញ​លិខិត​មួយ​លេខ ៥៤០៥ ស.​ហ.​វ.​ទ.​រ. ចុះ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០០៦ ឯកភាព​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ឈ្មោះ Eng Kaing Development Corporation And Construction Co., LTD. ជួល​ក្នុង​រយៈពេល ៣០​ឆ្នាំ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​ថ្លៃ​ឈ្នួល ៣.៦០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រោយពី​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​បាន​ជួល​អស់​រយៈពេល ២​ឆ្នាំ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ លេខ​៤០០​ស.​ជ.​ណ. ចុះ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០០៨ ដោយ​សម្រេច​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ដោះដូរ​អតីត​ដី​ការិយាល័យ​ការពារ​ដំណាំ ជា​ថ្នូរ​នឹង​ដី​ចំនួន ៦​ហិកតារ នៅ​ឯ​ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដើម្បី​ធ្វើ​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​កសិករ​ក្នុង​តំបន់​អភិវឌ្ឍន៍​ខាង​លិច​រាជធានី​ភ្នំពេញ ក្នុង​រង្វង់​ទឹក​ប្រាក់ ១.៩៤៨.៣២០​ដុល្លារ​អាមេរិក​និង​មាន​លំអៀង​បង់​ចូល​រដ្ឋ​ថែម​ទៀត។

យោង​តាម​ឯកសារ​កំណត់ហេតុ​ស្តីពី​ការសិក្សា ពិនិត្យ និង​វាយ​តម្លៃ​ជាក់​ស្តែង ការដោះដូរ​ទីតាំង​ដី​អតីត​ការិយាល័យ​ការពារ​ដំណាំ​ស្ទឹងមានជ័យ​របស់​នាយកដ្ឋាន​ក្សេត្រ​សាស្ត្រ​និង​កែ​លំអ​ដី​កសិកម្ម​នោះ បាន​ឲ្យ​ដឹង​ថា ដី​ដែល​មាន​ទំហំ ២៤.៩០៨​ម៉ែត្រ​ការ៉េ​នោះ​មាន​តម្លៃ​តែ ២.១៦១.៥៦០​ដុល្លារ​អាមេរិក តែ​ប៉ុណ្ណោះ ស្មើ​ជាង ៨០​ដុល្លារ ក្នុង​១​ម៉ែត្រ​ការ៉េ ដែល​មន្ត្រី​នាយកដ្ឋាន​នោះ​បាន​ឲ្យ​ដឹង​ថា តាម​តម្លៃ​ទីផ្សារ​ដី​ធ្លី​កាល​ពី​គ្រា​នោះ មាន​តម្លៃ​យ៉ាង​ហោច ២៥០​ដុល្លារ ទៅ ៣០០​ដុល្លារ ក្នុង​១​ម៉ែត្រ​ការ៉េ។

យោងតាម​ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ថា ទីតាំង​និង​អគារ​ថ្មី ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ដែល​ត្រូវ​ដោះដូរ នៅឯ​ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​នោះ មាន​តម្លៃ ១.៩៤៨.៣២០​ដុល្លារ​អាមេរិក ដូច្នេះ ប្រាក់​លំអៀង​ដែល​ត្រូវ​បង់​ចូល​រដ្ឋ​វិញ​មាន​ចំនួន ២១៣.២៤០​ដុល្លារ​សហរដ្ឋ​អាមេរិក។

ចំណែក​ឯ លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​របស់​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការដោះដូរ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ត្រូវ​តែ​មាន​តម្លាភាព​និង​ការដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ​និង​កំណត់​ហេតុ​ត្រឹមត្រូវ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «រឿង​លក់​ដី​រដ្ឋ​នេះ គឺ​យើង​សង្កេត​ថា មាន​ការលក់​ដូរ​ច្រើន​មែន​ទែន នៅ​មុន​ពេល​បោះឆ្នោត​ហ្នឹង។ ការបាត់​បង់​ទ្រព្យ​សម្បត្តិ​ជាតិ ដោយសារ​តែ​ជន​ពុករលួយ​មួយ​ចំនួន យក​ឱកាស​លក់​ដី យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ គឺ​វា​កើត​មាន​ជាច្រើន​មក​ហើយ។ ហើយ​ករណី​ទាំង​នេះ យើង​ចាំបាច់​ត្រូវតែ​ឲ្យ​សមាជិក​ដែល​នៅក្នុង​ស្ថាប័ន​ជាតិ បាន​ឃើញ​នូវ​ការប្រព្រឹត្ត​ខុស កេង​ប្រវ័ញ្ច​ទាំង​នេះ​ហ្នឹង គឺ​ថា ការប្ដឹង​ផ្ដល់​មក យ៉ាង​ហោច​ណាស់​ក៏​មក​រដ្ឋសភា ដើម្បី​យើង​ធ្វើការ​តវ៉ា​ជាមួយ​រដ្ឋាភិបាល»

លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​បី​ជា​ការលក់​ទ្រព្យ​សម្បតិ្ត​របស់​រដ្ឋ​នេះ គឺ​ជា​អំពើ​ខុសឆ្គង​ក៏​ដោយ ប៉ុន្តែ​ក៏​ត្រូវតែ​មាន​ការបែងចែក​ឲ្យ​ដល់​មន្ត្រី​រាជការ​តូចតាច​ដែល​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​នោះ​ដែរ។ សូម​រំឭក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ការលក់​ទីតាំង​ក្រសួង​មន្ទីរ​របស់​រដ្ឋ ក្រោម​រូបភាព​ដោះដូរ​និង​អភិវឌ្ឍន៍។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ឯ​យើង​មាន​ការលក់​ដូរ​ដោយ​សម្ងាត់ ហើយ​ខុស​ច្បាប់។ ទាំង​អស់​នេះ ពាក់ព័ន្ធ​ទាំង​អ្នកធំ​នៅ​ក្នុង​រដ្ឋាភិបាល​រហូត​ដល់​មន្រ្តី​តាម​ក្រសួង​មន្ទីរ​មូលដ្ឋាន ដែល​មិន​ដែល​បាន​ទទួល​ការផ្ដន្ទាទោស តាម​ច្បាប់​ណា​មួយ​ទេ»

អ្នក​តំណាងរាស្ត្រ សុន ឆ័យ បាន​បញ្ជាក់​ទៀត​ថា ករណី​ដល់​ដី​ការិយាល័យ​ការពារ​ដំណាំ​នេះ គួរតែ​ចាត់​វិធានការ​ផ្តន្ទាទោស​ដើម្បី​ជា​គំរូ​ក្នុង​ការការពារ​ដី​អគារ​និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ផ្សេង​ទៀត​នោះ។

ចំណែក​ឯ​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុគ្គល​ដែល​លក់​ទ្រព្យ​សម្បតិ្ត​របស់​រដ្ឋ ហើយ​មាន​ការកិបកេង​នោះ គឺ​ជា​អំពើ​ខុសច្បាប់​ដែល​ត្រូវ​តែ​ចាត់​វិធានការ​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់៕