សមត្ថកិច្ចខ្មែរបានឲ្យដឹងថា គេបានរកឃើញប័ណ្ណសម្គាល់ខ្លួនមួយនៅជាប់នឹងខ្លួនសាកសពដែលបញ្ជាក់ថា សាកសពនោះឈ្មោះ Darin Robert ជាជនជាតិអង់គ្លេស។
សមត្ថកិច្ចអះអាងបន្តថា សាកសពនោះអាយុ៣៥ឆ្នាំត្រូវបានគេប្រទះឃើញចងកនិងខ្សែនីឡុងជាប់នឹងថ្នឹមនៅក្នុងបន្ទប់ដាក់បាសាំងទឹកដែលស្ថិតនៅជាន់ខាងលើនៃចំណតរថយន្តក្រុង។
លោក ម៉ែន ភិរម្យ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅថ្លែងថា ក្រោយពីគ្រូពេទ្យធ្វើកោសល្យវិច័យគឺលទ្ធផលបានបញ្ជាក់ថា លោក Darin Robert ស្លាប់ដោយសារការធ្វើអត្តឃាតដោយខ្លួនឯង ប៉ុន្តែនៅជាប់ខ្លួនសាកសពមិនមានសល់ប្រាក់និងលិខិតឆ្លងដែនទេ គឺមានតែកាបូបទទេមួយនិងអត្តសញ្ញាណប័ណ្ណមួយ។
ទោះជាយ៉ាងនេះក្តីក្រុមប្រជាពលរដ្ឋដែលបានចូលទៅមើលសាកសពនោះមានការសង្ស័យថា ជនជាតិអង់គ្លេសរូបនោះទំនងត្រូវបានចោរប្លន់សម្លាប់ ហើយយកសពទៅចងកនៅក្នុងបន្ទប់នោះ។
លោក គង់ រិទ្ធី ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធប្រចាំនៅតំបន់ប៉ោយប៉ែតដែលចូលពិនិត្យផ្ទាល់នឹងភ្នែកបានថ្លែងថា ៖ «សាកសពនេះបើតាមប្រជាពលរដ្ឋ ហើយនិងប្រជាពលរដ្ឋនិយាយជាក់ស្ដែងគឺជាការធ្វើឃាតដោយសម្លាប់ហើយ បានយកមកចងកដើម្បីបំបែងភស្តុតាង ពីព្រោះយើងឃើញថា សាកសពចងកហ្នឹងពុំមានលៀនអណ្ដាត ឬឈាមកកនៅផ្ទៃមុខអីទេ គឺសាកសពនៅស្អាតទាំងអស់ ហើយយកមកចងកដែលទំនងជាការប្លន់យកលុយហើយ យកទៅចងបង្វែងដាននៅបន្ទប់ជាន់លើបំផុតនៅក្នុងក្រុមហ៊ុនចំណតរថយន្តដែលឈ្មោះថា ក្រុមហ៊ុនផាន់លក្ខណា នៅឃុំប៉ោយប៉ែត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបាននៅឡើយទេនៅថ្ងៃនេះដើម្បីនឹងសុំប្រតិកម្មជុំវិញមរណភាពរបស់លោក Darin Robert។
ចំណែកឯ លោក គុន គួន នាយប៉ុស្តិ៍នគរបាលឃុំប៉ោយប៉ែតមានប្រសាសន៍ថា សាកសពលោក Darin Robert ត្រូវគេយកទៅតម្កល់នៅវត្តថ្មីកាលពីព្រឹកមិញនេះ។ ចំណែកប៉ូលិសខ្មែរកំពុងបន្តស៊ើបអង្កេតករណីនេះ៕
