ជន​អង់គ្លេស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ពី​បទ​រួមភេទ​ជាមួយ​ក្មេង​ស្រី

ប៉ូលិស​បាន​ចាប់​ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ និង​ខ្មែរ ៣​នាក់ កាល​ពី​យប់​ថ្ងៃ​ទី​៥ កញ្ញា ក្នុង​ហាង​មួយ​នៅ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ និង​រួម​ភេទ​ជាមួយ​ក្មេង​​ស្រី​មិន​ទាន់​គ្រប់​អាយុ។

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ លោក កែវ ធា ដែល​បាន​នាំ​កម្លាំង​ចុះ​ចាប់​ជន​សង្ស័យ​ទាំង​យប់​នោះ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា ប៉ូលិស​បាន​ចាប់​ជន​បរទេស​ឈ្មោះ ម៉ៃឃើល ជូលៀន លិច្ឆ (Michael Julian Leach) អាយុ ៥០​ឆ្នាំ មក​ពី​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាន់​លិខិត​ឆ្លងដែន​លេខ ១០៤៩១៤០ ក្នុង​ពេល​ដែល​គាត់​កំពុង​រួមភេទ​ជាមួយ​ក្មេង​ស្រី​ខ្មែរ ២​នាក់​ដែល​មិន​ទាន់​គ្រប់​អាយុ នៅ​ក្នុង​បន្ទប់​ក្នុង​ហាង​មួយ នៅ​ក្នុង​កៀនស្វាយ។

លោក កែវ ធា បាន​បញ្ជាក់​ថា ៖ «ពេល​ដែល​យើង​ចុះ​បង្ក្រាប​ជាក់ស្ដែង គឺ​ឃើញ​គាត់​កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​កុមារី ២​នាក់ ម្នាក់​អាយុ ១៣ឆ្នាំ ម្នាក់​ទៀត​អាយុ ១១ឆ្នាំ។ អ៊ីចឹង​សរុប​ឥឡូវនេះ​យើង​រំដោះ​ជន​រងគ្រោះ​បាន ២​នាក់ មួយ​អាយុ ១៣​ឆ្នាំ មួយ​អាយុ ១១​ឆ្នាំ និង​សល់​មនុស្ស​ប៉ុន្មាន​នាក់​ទៀត យើង​នឹង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ថ្ងៃ​ស្អែក»

ប៉ូលិស​បាន​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ សេង អែប បាន​លក់​កូន លក់​ក្មួយ និង​កូន​ចិញ្ចឹម​របស់​ខ្លួន ៣​នាក់​ទៅ​ឲ្យ​ជន​បរទេស ក៏ប៉ុន្តែ​នៅ​យប់​ដែល​ប៉ូលិស​បង្ក្រាប​នោះ មាន​តែ​កូន និង​ក្មួយ​ទេ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ ចំណែក​កូន​ចិញ្ចឹម​ម្នាក់​ទៀត​មិន​បាន​មក​ទេ។

ចំពោះ​ជនជាតិ​ខ្មែរ ៣​នាក់​ទៀត​ដែល​បាន​ឃាត់​ខ្លួន​នោះ មាន​ឈ្មោះ ពេញ ប៉ាត់ អាយុ ៤៥​ឆ្នាំ អ្នក​រត់​រ៉ឺម៉ក​កង់​បី, សេង អែប អាយុ ៣៥​ឆ្នាំ ត្រូវ​ជា​ម្ដាយ​បង្កើត និង​ម្ដាយ​មីង​របស់​ក្មេង​ស្រី​ទាំង ២​នាក់​នោះ និង​ឈ្មោះ អែត អឿន អាយុ ៤០​ឆ្នាំ​ជា​ម្ចាស់​ហាង​នៅ​កៀនស្វាយ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​សហការ​ជាមួយ​អង្គការ​ការពារ​អនីតិជន ឈ្មោះ អាក់ស្យុង ពួរ ឡេ ហ្សង់ហ្វង់ (Action Pour Les Enfants) បាន​តាមដាន​ជន​សង្ស័យ​ជា​ច្រើន​ខែ​រួច​មក។

តំណាង​អង្គការ​អង្គការ​ការពារ​អនីតិជន​ប្រចាំ​ប្រទេស​កម្ពុជា លោក សំលៀង សីលា បាន​បញ្ជាក់​ថា សេង អែប បាន​លក់​កូន លក់​ក្មួយ និង​កូន​ចិញ្ចឹម​របស់​ខ្លួន ៣​នាក់ ដោយ​មាន​ចុះ​កិច្ច​សន្យា​ផង ទៅ​ឲ្យ​ជន​បរទេស​រួម​ភេទ​ក្នុង​រយៈពេល​ពេញ​មួយ​សប្ដាហ៍។

លោក សំលៀង សីលា បញ្ជាក់​បន្ថែម​ថា ៖ «រឿង​នេះ​ពាក់ព័ន្ធ​នឹង​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​បាន​រៀបចំ​ទិញ​កុមារី​ដែល​ជា​អនីតិជន មាន​អាយុ​ក្រោម ១៥​ឆ្នាំ ចំនួន ៣​នាក់ ដើម្បី​មក​រួមភេទ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ក្នុង​តម្លៃ​ជាង ១.០០០​ដុល្លារ។ ម្ដាយ​ហ្នឹង​គឺ​លក់​កូន​តែម្ដង ក្នុង​កុងត្រា​រួមភេទ​ហ្នឹង​មាន​រយៈពេល​ ១​សប្ដាហ៍។ អ៊ីចឹង​បើ​តាម​ព័ត៌មាន លុយ​ដែល​គាត់​ត្រូវរ៉ូវ​គ្នា​ហ្នឹង គឺ​រហូត​ដល់​ទៅ​១.០០០ ទៅ ១.៥០០​ដុល្លារ​ឯណោះ ក្នុង​ការ​រួមភេទ ក្នុង​កុមារ​ម្នាក់!»

ទាំង​មន្ត្រី​ប៉ូលិស និង​មន្ត្រី​អង្គការ អះអាង​ថា ជន​សង្ស័យ​បរទេស​ឈ្មោះ ម៉ៃឃើល ជូលៀន លិច្ឆ ធ្លាប់​មាន​រឿង​ក្តី ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ទិញ​ក្មេង​ស្រី​មិន​ទាន់​ពេញ​វ័យ​ដូច្នេះ មក​រួម​ភេទ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០០៥​កន្លង​ទៅ តែ​តុលាការ​បាន​រំលត់​ពាក្យ​បណ្ដឹង​នោះ​ទៅ​វិញ ដោយសារ​មិន​មាន​ភស្តុតាង។

ក្រុម​មន្ត្រី​ប៉ូលិស​ឲ្យ​ដឹង​ដែរ​ថា ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន​បុរស​ខ្មែរ​ម្នាក់​ទៀត ដែល​ជា​អ្នក​ជួញដូរ​មនុស្ស​ក្នុង​ករណី​នេះ​ដែរ និង​តាម​រក​ក្មេង​ស្រី​ម្នាក់​ទៀត​អាយុ ១៥​ឆ្នាំ ដែល​ម្ដាយ​បាន​លក់​ទៅ​បរទេស​រូប​នេះ​រួម​ភេទ៕