ប្រជាពលរដ្ឋចំនួន ៧៣គ្រួសារ នៅក្នុងភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងតែប្រឈមមុខនឹងការបណ្ដេញចេញពីផ្ទះសំបែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុនសូគីម៉ិច (Sokimex) របស់លោកឧកញ៉ា សុខ គង់ ដើម្បីរឹបយកដីធ្លីចំនួនជាង ១ហិកតារ។
ប្រជាពលរដ្ឋឈ្មោះ សៀង សុខា អាយុ៣២ឆ្នាំ នៅក្នុងភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែមីនា ថាគ្រួសារប្រជាពលរដ្ឋមិនព្រមចេញពីកន្លែងនោះទេ ៖ "ឲ្យចេញដោយស្ម័គ្រចិត្តយ៉ាងម៉េចបាន បើប្រជាជនមករស់នៅតាំងពីឆ្នាំ១៩៩៣ ណោះ។ សុខចិត្តនៅហ្នឹងហើយ ព្រោះអីជាឆ្នាំងបាយ។ ប្រជាជនចង់រស់នៅកន្លែងហ្នឹងតែម្ដង អត់ចង់បានសំណងផង"។
ប្រជាពលរដ្ឋឈ្មោះ ឈុន ជិន អាយុ៥៧ឆ្នាំ នៅក្នុងចំណោម ៧៣គ្រួសារនោះ បានថ្លែងថាប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីអនាគតរបស់ខ្លួននៅថ្ងៃខាងមុខ ៖ "ហូបបាយក៏មិនបាន ដេកក៏មិនលក់ ខ្លាចបាត់បង់ផ្ទះទៅ វាអាចបាត់បង់ដល់ជីវភាពគ្រួសារ។ ថវិកាចិញ្ចឹមកូនប្រពន្ធ ភ័យព្រួយបារម្ភមែនទែន"។
ប្រជាពលរដ្ឋបានធ្វើដំណើរមកទីក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ដើម្បីសុំឲ្យក្រសួងយុត្តិធម៌ជួយធ្វើអន្តរាគមន៍ ផ្អាកការអនុវត្តសាលក្រមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងដើម្បីសុំសេចក្ដីអត្ថាធិប្បាយពីលោកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិក ប៉ុន្តែមានអ្នកឆ្លើយទូរស័ព្ទបានប្រាប់ថា លោកកំពុងតែជាប់រវល់ប្រជុំ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានមករស់នៅទីកន្លែងនោះតាំងពីឆ្នាំ១៩៩៣ មក នៅគ្រាដែលកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជាកំពុងតែប្រទាញប្រទង់គ្នានៅតំបន់នោះ។ ការរស់នៅរបស់គាត់ មានការទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
ក្រុមហ៊ុនសូគីម៉ិក ត្រូវបានប្រភពប្រជាពលរដ្ឋបានអះអាងថាបានឈ្នះក្ដីនៅឯតុលាការភ្នំពេញនៅឆ្នាំ២០០១។ សាលក្រមនោះត្រូវបានប្រកាសកំបាំងមុខប្រជាពលរដ្ឋ។ ការអនុវត្តសាលក្រមចំនួន ២លើកកន្លងមក បានទទួលបរាជ័យដោយសារតែប្រជាពលរដ្ឋ ៧៣គ្រួសារ បានងើបតវ៉ា និងការពារដីធ្លីយ៉ាងស្វិតស្វាញ។
មេឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក ជុច កង បានមានប្រសាសន៍ថា រឿងនេះហួសពីសមត្ថភាពរបស់លោកក្នុងការដោះស្រាយ ៖ "គេឡើងទៅទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែឮថាថ្នាក់លើអត់ទទួល។ ដីហ្នឹងមានប័ណ្ណកម្មសិទ្ធិជារបស់គេ (Sokimex)"។
ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អ៊ំ សំអាត បានមានប្រសាសន៍ថា ៖ "អ៊ីចឹងយើងសូមទទូចហើយទទូចទៀត សុំឲ្យធ្វើការអនុវត្តទៅតាមកាលៈទេសៈ ទៅតាមសន្តិវិធី ជាជាងយើងប្រើប្រាស់នូវកម្លាំង ហើយនិងអំពើហិង្សា ឬក៏ចាប់ចងប្រជាពលរដ្ឋ"។
របាយការណ៍សិក្សាស្រាវជ្រាវរបស់លោក បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៣៨នាក់ហើយ កំពុងតែជាប់ពន្ធនាគារដោយសារតែបានងើបតវ៉ាទាមទារដីធ្លីកន្លងមក និងប្រជាពលរដ្ឋជាងមួយរយនាក់ទៀត កំពុងតែជាប់បណ្ដឹង។
អង្គការការពារសិទ្ធិមនុស្សឈ្មោះ អែមនីស្ទី អ៊ិនធើណាស់ហ្សឺនូល (Amnesty International) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១១ កន្លងទៅនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសគម្រោងការជម្លៀសដោយបង្ខំ នូវប្រជាពលរដ្ឋ ១៥០០គ្រួសារ នៅបឹងកក់ ក្នុងទីក្រុងភ្នំពេញ៕