អ្នក​ឃុំ​ពាម​ក្រសោប ខេត្ត​កោះកុង យល់​ពី​ប្រយោជន៍​ការពារ​ព្រៃ​កោងកាង

ប្រជា​សហគមន៍​នៅ​ខេត្ត​កោះកុង បាន​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​អភិរក្ស​ព្រៃ​កោងកាង និង​សកម្មភាព​ក្នុង​ការ​ចូលរួម​ដាំ​ដើម​ឈើ​នេះ​ឡើង​វិញ នៅ​តាម​កន្លែង​បាត់បង់​ដោយសារ​មាន​អ្នក​កាប់​បំផ្លាញ​កន្លង​មក។

0:00 / 0:00

តើ​ដើម​កោងកាង​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ?

កោងកាង​ជា​ប្រភេទ​រុក្ខជាតិ​សមុទ្រ​មួយ​ប្រភេទ ដែល​ដុះ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មាន​ភាក់​ល្បាប់ មាន​ទឹក​ប្រៃ​ជោរ​នាច ហើយ​ធន់​នឹង​កំហាប់​អំបិល​ខ្ពស់។

កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៩០ ព្រៃ​ដើម​កោងកាង រង​ការ​កាប់​យក​ទៅ​ធ្វើ​ធ្យូង និង​វាទ​យក​ដី​យ៉ាង​ធ្ងន់ធ្ងរ​ស្ទើរ​តែ​ផុត​ពូជ។

ប៉ុន្តែ​បច្ចុប្បន្ន ពលរដ្ឋ​ភាគ​ច្រើន​ជា​ពិសេស​ប្រជា​នេសាទ បាន​យល់​ដឹង​ពី​សារ​ប្រយោជន៍​របស់​វា និង​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​យ៉ាង​ម៉ត់ចត់ និង​មាន​ផែនការ​ដាំ​ដុះ​ឡើង​វិញ​ជា​បន្ត​បន្ទាប់។ កោងកាង​ជា​រុក្ខជាតិ​ពណ៌​បៃតង និង​មាន​ឫស​ច្រើន​បែក​ចេញ​សាខា។

បុរស​អ្នក​នេសាទ​ម្នាក់​រស់​នៅ ឃុំ​ពាម​ក្រសោប ខេត្ត​កោះកុង លោក ជូ ឆឹក បាន​ឲ្យ​ដឹង​ថា ព្រៃ​កោងកាង​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ទេ សូម្បី​តែ​សត្វ​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​វា​ដែរ។
ដូចជា​ជម្រក​ត្រី ខ្ចង ក្ដាម​គ្រប់​ប្រភេទ​រស់​នៅ និង​ជា​ជម្រក​ពង​កូន​យ៉ាង​សំខាន់។

ក្រៅ​ពី​នេះ​ដើម​កោងកាង​ជា​របាំង​យ៉ាង​រឹងមាំ​សម្រាប់​ការពារ​ខ្យល់​ព្យុះ ឬ​រលក់​សមុទ្រ មិន​ឲ្យ​បោកបក់​បំផ្លាញ​ដំណាំ និង​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នោះ។

ស្ត្រី​អ្នក​នេសាទ​ក្ដាម​ម្នាក់​ទៀត ឈ្មោះ ប៉ែន មុំ មាន​វ័យ​ជិត ៣០​ឆ្នាំ រស់នៅ​សហគមន៍​ព្រៃ​កោងកាង​ក្នុង​ឃុំ​ពាម​ក្រសោប។ លោក​ស្រី​បាន​ធំ​ដឹង​ក្តី​នៅ​តំបន់​ព្រៃ​កោងកាង និង​ធ្លាប់​បាន​អាស្រ័យ​ផល​ពី​ព្រៃ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ។

ស្ត្រី​រូប​នេះ​រៀបរាប់​ឲ្យ​ដឹង​ពី​សារ​ប្រយោជន៍​កោងកាង​នោះ​ដែរ​ថា គេ​អាច​ប្រើ​វា​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល រោគ​ដល់​មនុស្ស និង​សត្វ​ចិញ្ចឹម​បាន​យ៉ាង​សក្ដិសិទ្ធិ​ទៀត​ផង។

ជាង​នេះ​ទៅ​ទៀត​សំបក​វា​គេ​អាច​ប្រើ​សម្រាប់​បន្សាប​ជាតិ​ប្រៃ​នៃ​ទឹក​សមុទ្រ​អាច​ឲ្យ​ផឹក​ទឹក​បាន​ម្ដងម្កាល។

ទាក់ទង​នឹង​អត្ថ​ប្រយោជន៍​នៃ​ព្រៃ​កោងកាង​នេះ​ដែរ អនុ​ប្រធាន​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ ឃុំ​ពាម​ក្រសោប ខេត្ត​កោះកុង លោក យ៉ែម យ៉ាន បាន​ឲ្យ​ដឹង​ដែរ​ថា ដើម​កោងកាង​អាច​ដុះ​លូតលាស់​បាន​នៅ​តំបន់​ឆ្នេរ ហើយ​បើ​តំបន់​ណា ដែល​មិន​មាន​ទឹក​សមុទ្រ​ជោរ​នាច​ទៅ​ដល់​គ្រប់​គ្រាន់ ឬ​ទៀង​ទាត់​នោះ រុក្ខជាតិ​នេះ​មិន​អាច​ដុះ​លូត​លាស់​បាន​ទេ។

លោក​បន្ត​ថា ព្រៃ​កោងកាង​មាន​សារ​ប្រយោជន៍​សំខាន់ ៣ យ៉ាង គឺ​សេដ្ឋកិច្ច​ការ​ប្រើប្រាស់​និង​បរិស្ថាន​ធម្មជាតិ​ល្អ។

ព្រៃ​កោងកាង​អាច​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ ដែល​អាច​រក្សា​ការពារ​តម្លៃ​នៃ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព បង្ហាញ​អំពី​គុណ​តម្លៃ​នៃ​ព្រៃ​កោងកាង​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ការពារ បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ដោយ​អាច​ទាញ​យក​ប្រាក់​ចំណូល​បាន​តាម​រយៈ​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​តំបន់​ព្រៃ​កោងកាង​នោះ។

យុវជន​ឈ្មោះ ស៊ី ថេរ អាយុ ២៣​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​ម្នាក់ មក​ពី​ខេត្ត​បន្ទាយ​មានជ័យ ដែល​មក​លេង​ខេត្ត​កោះកុង បាន​ចាប់​អារម្មណ៍​នឹង​សម្រស់​ព្រៃ​កោងកាង​នេះ​ដែរ​ថា ព្រៃ​កោងកាង​ជា​កេរដំណែល​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា បើ​គេ​អភិវឌ្ឍ​វា​កាន់​តែ​ច្រើន ជីវភាព​របស់​ពលរដ្ឋ និង​ប្រទេស​ជាតិ​ក៏​កាន់​តែ​រីក​ចំរើន​ដែរ។

បច្ចុប្បន្ន តំបន់​ព្រៃ​កោងកាង​នៅ​ខេត្ត​កោះកុង​មាន​ប្រមាណ​មួយ​ម៉ឺន​ហិកតារ។ ចាប់​តាំង​ពី​ឆ្នាំ ២០០១ មក អាជ្ញាធរ ប្រជា​ពលរដ្ឋ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ គេ​បាន​ដាំ​ព្រៃ​កោងកាង នៅ​កន្លែង​ដែល​ខូចខាត ឬ​បាត់បង់​នោះ​ឡើង​វិញ បាន​ប្រមាណ​ជិត ២ រយ​ហិកតារ​ក្នុង​រយៈ​ពេល​ប្រមាណ ១០ ឆ្នាំ កន្លង​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។