មន្រ្តី​បរិស្ថាន​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​បាន​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ

2009-10-02

ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ប្រមាណ​២០០​គ្រួសារ មាន​គម្រោង​នាំ​គ្នា​ផ្តិត​មេ​ដៃ​ប្តឹង​មន្ត្រី​បរិស្ថាន​ដែល​កំពុង​ឈរ​ជើង​នៅ​ឃុំ​ផាត់សណ្តាយ ដោយ​ចោទ​ប្រកាន់​ថា បាន​ជំរិត​ទារ​ប្រាក់​ពី​ពួកគាត់ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ។

ប្រជាពលរដ្ឋ​ឈ្មោះ ព្រហ្ម ច័ន្ទ មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព៌ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ចុះ​ផ្ទាល់​ដល់​ឃុំ​ផាត់សណ្តាយ កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ថា ឃុំ​ផាត់សណ្តាយ គឺ​ជា​ឃុំ​បណ្តែត​ទឹក ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របរ​នេសាទ​ត្រី។ កន្លង​ទៅ​រដ្ឋ​បាន​ផ្តល់​ដែន​នេសាទ​សម្រាប់​ឲ្យ​អ្នក​ស្រុក​រក​ត្រី​ដើម្បី​ដោះស្រាយ​ជីវភាព តែ​ឥឡូវ​ជំនាញ​ខាង​បរិស្ថាន​បាន​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​អ្នក​ស្រុក​រក​ត្រី​ទេ ហើយ​បើ​ចង់​រក​ត្រូវ​តែ​បង់​ប្រាក់​ដល់​មន្ត្រី​ប្រចាំការ​នៅ​ក្នុង​ឃុំ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​គេ​ចាប់​ដក​យក​ឧបករណ៍​នេសាទ​យក​ទៅ​បំផ្លាញ​ចោល ។

លោក ព្រហ្ម ច័ន្ទ មាន​ប្រសាសន៍​ដូច្នេះ ៖ «ជំនាញ​ដែល​ពិបាក​ជាង​គេ ជំនាញ​បរិស្ថាន។ ពី​មុន​មក​ទឹក​ដី​ហ្នឹង​រាជ​រដ្ឋាភិបាល​កាត់​ពី​ឡូត៍​មក​ឲ្យ​រាស្រ្ដ ដល់​ឥឡូវ​នេះ​លោក​បរិស្ថាន​គាត់​យក​ធ្វើ​កន្លែង​អភិរក្ស ធ្វើ​តំបន់​ស្នូល​អស់ អ៊ីចឹង​ប្រជារាស្រ្ដ​ចូល​រក​អត់​បាន កាល​ណា​ចូល​រក​ទាល់​តែ​បង់​លុយ​ច្រើន។ រាប់​ប្លុក​យក​លុយ​តែ​ម្ដង ប្លុក​តូចៗ​ដូច​ពួក​ខ្ញុំ ១​ប្លុក​៨​ម៉ឺន​រៀល ហើយ​ដាក់​មួយ​ចំណុច​អ៊ីចឹង​ទៅ រើ​ឡើង​ទៅ​១០០​ម៉ែត្រ​ទៀត ទារ​លុយ​ទៀត អ៊ីចឹង​ពិបាក​រក ពួក​បរិស្ថាន​គាប​សង្កត់។ សូម​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​កាត់​ទឹក​ដី​ដែល​កាត់​ឲ្យ​រាស្រ្ដ​ហ្នឹង​យក​មក​វិញ ដើម្បី​ដាក់​ចូល​សហគមន៍​នេសាទ​វិញ បើ​នៅ​តែ​ឲ្យ​បរិស្ថាន​គ្រប់គ្រង​រក​អី​ក៏​អត់​កើត​ដែរ»

ប្រជាពលរដ្ឋ​ឈ្មោះ សៀន ហួរ បន្ថែម ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​ទៅ​ថ្នាក់​លើ ហើយ​រាជ​រដ្ឋាភិបាល​ជួយ​បន្ធូរ​បន្ថយ​ឲ្យ​ប្រជារាស្រ្ដ​បាន​រស់​ផង ព្រោះ​អី​ប្រជារាស្រ្ដ​នៅ​ដែន​ទន្លេ​សាប​ហ្នឹង របរ​រក​ស៊ី​តែ​នឹង​ត្រី​មួយ​មុខ អត់​មាន​ស្រែ​ភ្លឺ​អី​ទេ»

មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ហេង ឃុនណា ហៅ ប៉ោង មន្ត្រី​បរិស្ថាន​ប្រចាំ​ការ​នៅ​ឃុំ​ផាត់សណ្តាយ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ។

ចំណែក​លោក ហេង ហួត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ព៌ត៌មាន​នេះ លោក​នឹង​ចុះ​ទៅ​ស្រាវជ្រាវ​បញ្ហា​នេះ​បន្ទាប់​មក​លោក​នឹង​មាន​វិធានការ​បង្ក្រាប ប្រសិន​បើ​រក​ឃើញ​ថា​ជា​ការ​ពិត។

លោក ហេង ហួត មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ក្ដាប់​អត់​បាន ខ្ញុំ​ជាប់​ការងារ​ប្រជាពលរដ្ឋ​នៅ​លើ​លិច​ទឹក​លិច​អី​ហ្នឹង​ជាប់​មួយ​ខែ​ហើយ អត់​ទាន់​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការងារ​ហ្នឹង ចាំ​មើល​ខ្ញុំ​តាម​ដាន​ត្រួត​ពិនិត្យ​ការងារ​ហ្នឹង ខ្ញុំ​សង្កេត​មើល​ហើយ​ខ្ញុំ​ដោះស្រាយ»

អភិបាល​ស្រុក​កំពង់ស្វាយ លោក អ៊ឹម ថន មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ ៖ «ខ្ញុំ​ក្ដាប់​អត់​ទាន់​បាន​ផង​ពាក់​ព័ន្ធ​នឹង​រឿង​ហ្នឹង ខ្ញុំ​ក្ដាប់​អត់​ទាន់​បាន ចាំ​មើល​ខ្ញុំ​សួរ​ទៅ​មេ​ឃុំ​មើល៍ ចាំ​ខ្ញុំ​ស្រាវជ្រាវ​ហើយ​សិន មូល​ហេតុ​អី»

មេ​ឃុំ​ផាត់សណ្តាយ លោក ហេង មនោ មាន​ប្រសាសន៍​ថា លោក​ក៏​ទទួល​បាន​របាយការណ៍​ដូច​គ្នា​នេះ​ពី​ប្រជាពលរដ្ឋ​ដែរ ហើយ​លោក​កំពុង​ស្វែង​រក​ការ​សម្រប​សម្រួល​មួយ​ជាមួយ​ផ្នែក​ជំនាញ​នេះ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​មួយ​ជំហាន​សិន មុន​នឹង​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាល​ខេត្ត​តាម​រយៈ​លោក​អភិបាល​ស្រុក​កំពង់ស្វាយ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​សម្រេច​យក​សម័យ​ប្រជុំ​ថ្ងៃ​១១ ធ្នូ ដើម្បី​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​អំពើ​ពុក​រលួយ

នគរបាល​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​បន្ត​ជំរិត​ប្រាក់​ពី​កម្មករ

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

អង្គការ​អន្តរជាតិ៖ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ប្រសើរ​ជាង​ឆ្នាំ​មុន

ពលរដ្ឋ​នៅ​កំពង់ធំ​ត្អូញ​ពី​បញ្ហា​ការ​ទារ​ប្រាក់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី

ភាព​យឺត​យ៉ាវ​ក្នុង​ការ​ធ្វើ​លិខិត​រៀបការ​រវាង​ខ្មែរ​និង​ជន​បរទេស​រង​ការ​រិះគន់

អាជ្ញាធរ​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​អ្នក​ភូមិ​ពេល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​តុលាការ​ខែត្រ​រតនគិរី​ជា​ថ្មី

តំណាង​រាស្ត្រ​ស.រ.អា.​ថ្កោលទោស​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា