ប្រជាពលរដ្ឋឈ្មោះ ព្រហ្ម ច័ន្ទ មានប្រសាសន៍ប្រាប់អ្នកយកព៌ត៌មានវិទ្យុអាស៊ីសេរី ដែលបានចុះផ្ទាល់ដល់ឃុំផាត់សណ្តាយ កាលពីថ្ងៃទី២៩ កញ្ញា ថា ឃុំផាត់សណ្តាយ គឺជាឃុំបណ្តែតទឹក ជីវភាពប្រជាពលរដ្ឋក្នុងឃុំពឹងផ្អែកទាំងស្រុងលើរបរនេសាទត្រី។ កន្លងទៅរដ្ឋបានផ្តល់ដែននេសាទសម្រាប់ឲ្យអ្នកស្រុករកត្រីដើម្បីដោះស្រាយជីវភាព តែឥឡូវជំនាញខាងបរិស្ថានបានធ្វើការហាមឃាត់មិនឲ្យអ្នកស្រុករកត្រីទេ ហើយបើចង់រកត្រូវតែបង់ប្រាក់ដល់មន្ត្រីប្រចាំការនៅក្នុងឃុំ បើមិនដូច្នោះទេ នឹងត្រូវគេចាប់ដកយកឧបករណ៍នេសាទយកទៅបំផ្លាញចោល ។
លោក ព្រហ្ម ច័ន្ទ មានប្រសាសន៍ដូច្នេះ ៖ «ជំនាញដែលពិបាកជាងគេ ជំនាញបរិស្ថាន។ ពីមុនមកទឹកដីហ្នឹងរាជរដ្ឋាភិបាលកាត់ពីឡូត៍មកឲ្យរាស្រ្ដ ដល់ឥឡូវនេះលោកបរិស្ថានគាត់យកធ្វើកន្លែងអភិរក្ស ធ្វើតំបន់ស្នូលអស់ អ៊ីចឹងប្រជារាស្រ្ដចូលរកអត់បាន កាលណាចូលរកទាល់តែបង់លុយច្រើន។ រាប់ប្លុកយកលុយតែម្ដង ប្លុកតូចៗដូចពួកខ្ញុំ ១ប្លុក៨ម៉ឺនរៀល ហើយដាក់មួយចំណុចអ៊ីចឹងទៅ រើឡើងទៅ១០០ម៉ែត្រទៀត ទារលុយទៀត អ៊ីចឹងពិបាករក ពួកបរិស្ថានគាបសង្កត់។ សូមសំណូមពរឲ្យរាជរដ្ឋាភិបាលកាត់ទឹកដីដែលកាត់ឲ្យរាស្រ្ដហ្នឹងយកមកវិញ ដើម្បីដាក់ចូលសហគមន៍នេសាទវិញ បើនៅតែឲ្យបរិស្ថានគ្រប់គ្រងរកអីក៏អត់កើតដែរ»។
ប្រជាពលរដ្ឋឈ្មោះ សៀន ហួរ បន្ថែម ៖ «ខ្ញុំសំណូមពរឲ្យទៅថ្នាក់លើ ហើយរាជរដ្ឋាភិបាលជួយបន្ធូរបន្ថយឲ្យប្រជារាស្រ្ដបានរស់ផង ព្រោះអីប្រជារាស្រ្ដនៅដែនទន្លេសាបហ្នឹង របររកស៊ីតែនឹងត្រីមួយមុខ អត់មានស្រែភ្លឺអីទេ»។
មិនអាចទាក់ទងសុំការបំភ្លឺពីលោក ហេង ឃុនណា ហៅ ប៉ោង មន្ត្រីបរិស្ថានប្រចាំការនៅឃុំផាត់សណ្តាយបានទេនៅល្ងាចថ្ងៃទី០១ ខែតុលានេះ។
ចំណែកលោក ហេង ហួត ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព៌ត៌មាននេះ លោកនឹងចុះទៅស្រាវជ្រាវបញ្ហានេះបន្ទាប់មកលោកនឹងមានវិធានការបង្ក្រាប ប្រសិនបើរកឃើញថាជាការពិត។
លោក ហេង ហួត មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំក្ដាប់អត់បាន ខ្ញុំជាប់ការងារប្រជាពលរដ្ឋនៅលើលិចទឹកលិចអីហ្នឹងជាប់មួយខែហើយ អត់ទាន់បានចុះទៅត្រួតពិនិត្យការងារហ្នឹង ចាំមើលខ្ញុំតាមដានត្រួតពិនិត្យការងារហ្នឹង ខ្ញុំសង្កេតមើលហើយខ្ញុំដោះស្រាយ»។
អភិបាលស្រុកកំពង់ស្វាយ លោក អ៊ឹម ថន មានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មាននេះទេ ៖ «ខ្ញុំក្ដាប់អត់ទាន់បានផងពាក់ព័ន្ធនឹងរឿងហ្នឹង ខ្ញុំក្ដាប់អត់ទាន់បាន ចាំមើលខ្ញុំសួរទៅមេឃុំមើល៍ ចាំខ្ញុំស្រាវជ្រាវហើយសិន មូលហេតុអី»។
មេឃុំផាត់សណ្តាយ លោក ហេង មនោ មានប្រសាសន៍ថា លោកក៏ទទួលបានរបាយការណ៍ដូចគ្នានេះពីប្រជាពលរដ្ឋដែរ ហើយលោកកំពុងស្វែងរកការសម្របសម្រួលមួយជាមួយផ្នែកជំនាញនេះ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋមួយជំហានសិន មុននឹងធ្វើរបាយការណ៍ជូនលោកអភិបាលខេត្តតាមរយៈលោកអភិបាលស្រុកកំពង់ស្វាយ៕
