ពលរដ្ឋ​រិះគន់​បញ្ហា​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ

ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ត្អូញ​ត្អែរ​ពី​បញ្ហា​គំនរ​សំរាម​ដែល​កកស្ទះ​នៅ​តាម​ដង​ផ្លូវ​មុខ​ផ្ទះ និង​នៅ​តាម​ទីផ្សារ​ទី​ប្រជុំជន ដោយ​ពុំ​មាន​អ្នក​ប្រមូល​យក​ទៅ​ចោល​នៅ​ក្រៅ​ទីក្រុង​ដូច​សព្វ​ដង​ឡើយ តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង ថ្ងៃ​ទី​១៣ មេសា រហូត​ដល់​ថ្ងៃ​១៨ មេសា។

0:00 / 0:00

ស្រ្តី​ឈ្មោះ យន់ ឆេងនី នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខ័ណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ការ​យឺត​យាវ​ក្នុង​ការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិនទ្រី​នេះ បាន​ធ្វើ​ឲ្យ​ខូច​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​ក្នុង​ភូមិ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ទាំង​មូល។

លោកស្រី យន់ ឆេងនី៖ «តាំង​ពី​ចូល​ឆ្នាំ​ហើយ​យក​មិន​ទាន់​អស់​ទៀត ឃើញ​ទេ​វា​អ៊ីចឹង! រាល់​ដង ៣ ៤​ថ្ងៃ​យក​ម្តង រាល់​ថ្ងៃ​អស់​លុយ​ហើយ​ដេក​ហិត​សំរាម​ទៀត»

ស្រ្តី​ម្នាក់​ទៀត​ឈ្មោះ មុត សារ៉ាន់ បាន​រអូរទាំ​ពី​បញ្ហា​សំរាម​ដែល​ទុក​ឲ្យ​ស្អុយរលួយ​ចោល​ក្នុង​ទី​ប្រជុំជន​ក្នុង​ទីក្រុង​នេះ​ដែរ​ថា រយៈ​ផុត​ចូល​ឆ្នាំ ៣​ថ្ងៃ​មក​ហើយ ក៏​នៅ​តែ​មិន​ទាន់​មាន​អ្នក​មក​ប្រមូល​សំរាម​ចេញ​ពីទីក្រុង​ទៀត។

លោកស្រី​បន្ត​ថា បញ្ហា​នេះ​បាន​ជះឥទ្ធិ​អាក្រក់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ៖ «អត់​មក​យក​តាំង​ពី​មុន​ចូល​ឆ្នាំ​រហូត​ដល់​ចូល​ឆ្នាំ​ហើយ ជិត ១០​ថ្ងៃ​ហើយ រួច​ស្អុយ​នៅ​ហ្នឹង រលួយ​នៅ​ហ្នឹង​ទៅ។ ធ្វើ​អ៊ីចឹង​ទៅ​វា​ខូច​សុខភាព​យើង​ដែល​ដក​ដង្ហើម​រាល់​ថ្ងៃ​នេះ នៅ​មុខ​ផ្ទះ​នេះ​ស្អុយ​រលួយ​អ៊ីចឹង​ធ្វើ​ម៉េច​ទៅ ដឹង​កាល​បាន​គេ​មក​យក»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​ក្រុមហ៊ុន ស៊ីនទ្រី [CINTRI (Camboda) LTD.] ដែល​ជា​ក្រុមហ៊ុន​មួយ​ទទួល​បន្ទុក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ លោក សេង ចំរើន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​មេសា ថា សំរាម​ដែល​ក្រុមហ៊ុន​លោក​ប្រមូល​មិន​ទាន់​នោះ មាន​ចំនួន​ប្រមាណ​ជាង ៣​ពាន់​តោន។

លោក​ទទួល​ស្គាល់​ថា ការ​កក​ស្ទះ​សំរាម​ប្រមូល​មិន​ទាន់​នេះ គឺ​ជៀស​មិន​ផុត​ពី​មាន​ផល​ប៉ះពាល់​ឡើយ៖ «បើ​និយាយ​ពី​ផល​ប៉ះពាល់​គឺ​វា​ប៉ះពាល់​ខ្លាំង។ ធម្មតា​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​មាន​ប្រជាជន​ប្រមាណ​មួយ​លាន​កន្លះ អ៊ីចឹង​ច្រើន​ហើយ បើ​យើង​គរ​សំរាម​ដូច្នេះ​វា​មាន​ក្លិន ហើយ​សំរាម​យើង​គរ​ទុក​ចោល​យូរ​ថ្ងៃ​វា​មិន​ល្អ​ទេ»

លោក​ពន្យល់​ថា បញ្ហា​នេះ​ដោយសារ​កម្មករ​របស់​ក្រុមហ៊ុន​ត្រូវ​ឈប់​សម្រាក​នៅ​ថ្ងៃ​ចូល​ឆ្នាំ។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី ក្រុមហ៊ុន​លោក​នៅ​តែ​មាន​កម្មវិធី​ប្រមូល​សំរាម​ដែរ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នោះ ដោយ​បាន​ប្រមូល​ឆ្លាស់​កន្លែង ឬ​ឆ្លាស់​ថ្ងៃ​គ្នា ប៉ុន្តែ​ដោយ​សារ​សំរាម​ច្រើន​ពេក​ទើប​ប្រមូល​មិន​ទាន់។

លោក សេង ចំរើន៖ «គឺ​ថា យើង​មិន​ដេក​ដួល​ទៅ​លើ​កម្លាំង​ពលកម្ម​មាន ឬ​ក៏​អត់។ ថ្ងៃ​ចូល​ឆ្នាំ​យើង​អត់​ធ្វើ​មិន​អ៊ីចឹង​ទេ យើង​ព្យាយាម​ធ្វើ​លុះត្រា​តែ​អត់​មាន​កម្មករ​ម្នាក់​តែម្តង​បាន​យើង​ធ្វើ​លែង​កើត យើង​អាច​ច្នៃ​ពី​របៀប​មួយ​ទៅ​របៀប​មួយ ឬ​យើង​អាច​ជួល​កម្លាំង​កម្មករ​ផ្សេង​ថែម ឬ​យើង​ច្នៃ​កម្លាំង​វិល​ជុំវិញ​ហ្នឹង​បាន គឺ​យើង​ព្យាយាម​ធ្វើ​ជូន​ទាំង​អស់ យើង​អត់​ចង់​ទុក​សំរាម​ឲ្យ​នៅ​អ៊ីចឹង​ទេ​បាទ!»

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ពី ៣ ទៅ ៤​ថ្ងៃ​ទៀត ទើប​អាច​ប្រមូល​សំរាម​ដែល​នៅ​សល់​ទាំង​នោះ​អស់ ហើយ​បរិយាកាស​ក្នុង​ទីក្រុង​នឹង​វិល​ទៅ​រក​សភាពធម្មតា​ឡើង​វិញ​ក្នុង​អំឡុង​ពេល ៣ ទៅ ៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។