អនាម័យ ទឹក​ស្អាត និង​បង្គន់ ជា​បញ្ហា​របស់​អ្នក​រស់​នៅ​លើ​ផ្ទៃ​​បឹង​ទន្លេសាប

កង្វះ​អនាម័យ ទឹក​ស្អាត និង​បង្គន់​ប្រើ​ប្រាស់​ជា​បញ្ហា​សំខាន់​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​បាត់​បង់​ចំណូល​គ្រួសារ​របស់​អ្នក​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប។

0:00 / 0:00

ការ​បាត់បង់​ប្រាក់​ចំណូល​នេះ តាម​រយៈ​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ ដែល​គេ​ប៉ាន់​ស្មាន​មាន​តម្លៃ​ប្រមាណ ៤៥០ លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ។ តំបន់​ដែល​ប្រឈម​ទៅ និង​ការ​ខ្វះ​អនាម័យ​ខ្លាំង គឺ​តំបន់​នៅ​តាម​ដង​ទន្លេ​សាប ភាគ​ច្រើន​លើស​លុប​គ្មាន​បង្គន់​ប្រើ​ប្រាស់ និង​ទឹក​ស្អាត។

ម៉្យាង​វិញ​ទៀត ការ​បោះ​ចោល​កាក​សំណល់​ផ្សេងៗ ទៅ​ក្នុង​ទឹក​ក៏​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទី​នោះ ត្រូវ​ប្រឈម​បញ្ហា​សុខភាព​កាន់​តែ​ខ្លាំង​ឡើង នៅ​ថ្ងៃ​ខាង​មុខ ប្រសិន ​បើ​គ្មាន​វិធាន​ការ​ ដោះ​ស្រាយ​បាន​សមរម្យ។

តំបន់​ឆ្នុក​ទ្រូ​មាន​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង និង​ធ្វើ​ដំណើរ​ដោយ​ទូក​ម៉ាស៊ីន​ចម្ងាយ ៧ គីឡូម៉ែត្រ នឹង​ដល់​ឃុំ​ផាត់​សណ្ដាយ​​ស្ថិត​នៅ​ខេត្ត​កំពង់ធំ។ តំបន់​នោះ​​មាន​ប្រជាជន​រាប់​ពាន់​គ្រួសារ រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ខ្វាត់​ខ្វែង​គ្នា​ រួម​ទាំង​សំឡេង ទូក​ម៉ាស៊ីន កាណូត​ តូច​ធំ​ បើក​ទៅ​មក​ដឹក​ទំនិញ​​ទៅ​កាន់​ទីផ្សារ បាន​លាន់​ឮ​កង​រំពង​នៅ​តំបន់​នោះ។

ប្រជាជន​ដែល​រស់​នៅ​លើ​ភូមិ​បណ្ដែត​ទឹក​ភាគ​ច្រើន​បំផុត​ជា​អ្នក​ប្រកប​របរ​នេសាទ ផ្គត់​ផ្គង់​ផល​ត្រី​ទៅ​កាន់​ទីផ្សារ​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាជន​ដែល​រស់​នៅ​ទី​នោះ បាន​យល់​ដឹង​តិច​តួច​នៅ​ឡើយ អំពី​ការ​ថែរក្សា​បរិស្ថាន ជា​មូលហេតុ​នៅ​តាម​ដង​ទន្លេសាប​ចំនួន​ថង់​ប្លាស្ទិក និង​កាក​សំណល់​ផ្សេងៗ ដែល​ចេញ​ពី​លំនៅឋាន​នៃ​គ្រួសារ​បណ្ដែត​ទឹក​ទាំង​នោះ អណ្ដែត​ត្រៀបត្រា​លើ​ផ្ទៃ​ទឹក។

លោក​ទឹម សុខ ទៀង ប្រជា​នេសាទ​រស់​នៅ​ក្នុង​ឃុំ​កំពង់លួង ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ​​ប្រជាជន​នៅ​ទី​នេះ​ភាគ​ច្រើន​បរិភោគ​​ទឹក​ស្ទឹង និង​ការ​យល់​ដឹង​អំពី​​ថែ​រក្សា​បរិស្ថាន​​រួម​ទាំង​បញ្ហា​អនាម័យ​និង​ទឹក​ស្អាត​ ក៏​នៅ​មាន​តិច​តួច​នៅ​ឡើយ។ លោក​បន្ថែម​ថា ឥឡូវ​បញ្ហា​អនាម័យ​នេះ មាន​ភាព​ប្រសើរ​ជាង​មុន ដោយ​សារ​តែ​មាន​អង្គការ​មួយ​ចំនួន បាន​ចុះ​អប់រំ និង​លើក​កម្ពស់​អនាម័យ​នៅ​ក្នុង​ភូមិ​នេះ។

លោក សុខ ទៀង បន្ត​ថា បើ​ទោះ​ជា​មាន​ស្ថានីយ​ទឹក​ស្អាត​ចំនួន​ពីរ និង​ផ្គត់​ផ្គង់​ត្រង់​តម្លៃ​សមរម្យ​ក៏​ដោយ ប៉ុន្តែ​បរិមាណ​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ នៅ​ក្នុង​ភូមិ​នេះ។

លោក សុខ ទៀង៖ «តែ​គ្រាន់​តែ​ថា​​ស្ថានីយ​នោះ​ផ្គត់​ផ្គង​មិន​ទាន់​បាន​គ្រប់​គ្រាន់ ថ្វី​ត្បិត​តែ​ពីរ​កន្លែង​មែន​ មិន​ទាន់​បាន​គ្រប់​គ្រាន់​ បើ​សិន​ជា​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដាក់​នៅ​ទី​នេះ​ទៀត​ អា​ហ្នឹង​យើង​អាច​ប្រើ​គ្រប់​គ្រាន់ យើង​រាល់​ថ្ងៃ​យើង​យក​ទឹក​ពី​ឆ្នុក​ទ្រូ​មក​​ខ្លះ»។

បញ្ជាក់​បន្ថែម​ពី​បញ្ហា​អនាម័យ ប្រជា​នេសាទ​អាយុ ៦២ ឆ្នាំ​ម្នាក់ គឺ​លោក គង់ ឃៀន មាន​ប្រសាសន៍​ថា ប្រជាជន ដែល​រស់​នៅ​ទី​នេះ តែង​តែ​ប្រើប្រាស់​ទឹក​ស្ទឹង​នេះ សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ពួក​គាត់​មិន​មាន​បង្គន់​ប្រើ​ប្រាស់​ទេ ដោយសារ​តែ​ពួក​គាត់​រស់​នៅ​ជា​ផ្ទះ​បណ្ដែត ចល័ត​តាម​ទឹក​ឡើង​ស្រក។

មេឃុំ​ផាត់​សណ្ដាយ លោក ហេង មនោ មាន​ប្រសាសន៍​ថា ទូទាំង​ឃុំ​ទាំង​មូល មាន​ប្រជាជន​ចំនួន​ជាង ១ ពាន់ ១ រយ​គ្រួសារ ត្រូវ​ជា ៥ ពាន់​នាក់។ ៩៥% ជា​អ្នក​នេសាទ ៣% ធ្វើ​កសិកម្ម និង ២% ជា​អ្នក​លក់​ដូរ​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក។

លោក​បញ្ជាក់​ទៀត​ថា ប្រជាជន​យល់​ដឹង​មាន​កម្រិត​ទាប​នៅ​ឡើយ​អំពី​ការ​ថែរក្សា​បញ្ហា​បរិស្ថាន និង​ចំនួន​បង្គន់​ប្រើ​ប្រាស់​តាម​ផ្ទះ​បណ្ដែត​ទឹក​មាន​តិច​តួច​​នៅ​ឡើយ។

ទាក់​ទង និង​បញ្ហា​អនាម័យ និង​ទឹក​ស្អាត​ក្នុង​ឃុំ​ផាត់​សណ្ដាយ​ខេត្ត​កំពង់ធំ​នេះ មន្ត្រី​អង្គការ លីវ អ៊ែន លើន (Live and Learn) លោក កែ ហាក់ឡី បាន​ឲ្យ​ដឹង​ថា ទឹក​សព្វ​ថ្ងៃ​មាន​សភាព​ល្អក់​ជាង​មុន ដោយសារ​តែ​ការ​បំពុល​ទឹក​របស់​ប្រជាជន ដែល​រស់​នៅ​ទី​នេះ និង​ចំនួន​ប្រជាជន​ក៏​មាន​ការ​កើន​ឡើង​រៀង​រាល់​ឆ្នាំ។

លោក ហាក់ឡី បន្ថែម​ថា ការ​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់ ការ​បន្ទោបង់ និង​កាក​សំណល់​ផ្សេងៗ ចោល​ក្នុង​ទឹក ជា​មូលហេតុ​ធ្វើ​ឲ្យ​គុណភាព​ទឹក​កាន់​តែ​ក្រខ្វក់។ លោក ហាក់ឡី អង្កេត​ឃើញ​ថា ប្រជាជន​តែង​តែ​មាន​ជំងឺ​រាក និង​ជំងឺ​ឆ្លង​ផ្សេងៗ ដោយ​សារ​តែ​ការ​ខ្វះ​អនាម័យ និង​ប្រជាជន​ចំណាយ​កាន់​តែ​ច្រើន ដោយ​សារ​តែ​មន្ទីរពេទ្យ​ស្ថិត​នៅ​ឆ្ងាយ។

បញ្ហា​នេះ ត្រូវ​បាន​អង្គការ​មួយ​ចំនួន​ចូល​រួម​លើក​ស្ទួយ​អនាម័យ​នៅ​តំបន់​នោះ ដូច​ជា ការ​កសាង​បង្គន់​បណ្ដែត​ទឹក និង​អាង​ស្តុក​លាមក​ជា​ដើម។

លោក ហាក់ឡី៖ «យើង​មាន​អង្គការ​អប់រំ​ស្ដី​ពី​ការ​រស់​នៅ​ជា​មួយ​បរិស្ថាន ដែល​ហៅ​កាត់​ថា Live and Learn រួម​ជា​មួយ​វិស្វករ​គ្មាន​ព្រំដែន​អូស្ត្រាលី ហើយ​និង​ក្រសួង​អភិវឌ្ឍ​ជន​បទ ដែល​មាន​ជំនួយ​មក​ពី​អាយបប់ គេ​បាន​បង្កើត​ផែ​ស្តុក​ទុក​លាមក និង​បង្គន់​បណ្ដែត​ទឹក។ គេ​រចនា​ឡើង​ដើម្បី​កុំ​ប្រជា​ពលរដ្ឋ​បន្ទោបង់​ផ្ទាល់​ដល់​ប្រភព​ទឹក​ប្រើ​ប្រាស់។ នេះ​ជា​រឿង​ប្រសើរ​បំផុត ដែល​ពី​មុន​មក​យើង​អត់​ធ្លាប់​មាន»។

វិស្វករ​ផ្ដល់​យោបល់​គម្រោង​ថាមពល​ជីវឧស្ម័ន ទឹក​ស្អាត និង​អនាម័យ នៃ​អង្គការ លីវ អ៊ែន លើន លោក គ្រីស បាន​ឲ្យ​ដឹង​ថា គម្រោង​សាង​សង់​បង្គន់​បណ្ដែត​ទឹក​នេះ គឺ​ជា​គម្រោង​សាក​ល្បង​មុន​គេ ដែល​ធ្វើ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ចំនួន ១២ គ្រួសារ និង​សាលា​រៀន​មួយ នៅ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ក្នុង​គោល​បំណង​លើក​កម្ពស់​ផ្នែក​អនាម័យ នៅ​ក្នុង​ឃុំ​នេះ។

លោក​បន្ថែម​ថា ការ​សង់​បង្គន់​បណ្ដែត​ទឹក និង​ការ​សាង​សង់​ផែ​ស្តុក​លាមក គឺ​អាច​យក​មក​កែច្នៃ​ធ្វើ​ជា​ឡ​ជីវឧស្ម័ន ដើម្បី​ប្រើ​ជា​ប្រភព​សម្រាប់​ចម្អិន​អាហារ និង​កាក​សំណល់​អាច​យក​មក​ធ្វើ​ជា​ជី​ធម្មជាតិ​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ ជាដើម។

លោក គ្រីស៖ «ចំណុច​សំខាន់​បំផុត​នោះ គឺ​ជួយ​លើក​កម្ពស់​ផ្នែក​អនាម័យ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប។ ដូច្នេះ​យើង​ធ្វើ​​​ការ​សាកល្បង​ដំបូង​ក្នុង​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក ហើយ​បើ​គម្រោង​នេះ​ជោគជ័យ យើង​នឹង​បន្ត​ទៅ​ទី​កន្លែង​ផ្សេង​ទៀត​ទៅ​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប»។

លោក គ្រីស បន្ត​ថា គម្រោង​នេះ មាន​រយៈ​ពេល ១ ឆ្នាំ​កន្លះ និង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១០ ម៉ឺន​ដុល្លារ ដើម្បី​សាក​ល្បង​គម្រោង​នេះ និង​អ្នក​ទទួល​ផល​ពី​គម្រោង​នេះ គឺ​ប្រជាជន​នៅ​ឃុំ​ផាត់​សណ្ដាយ។

មេ​ឃុំ​ផាត់​សណ្ដាយ លោក ហេង មនោ បាន​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ខ្វះ​ខាត​បង្គន់​ប្រើ​ប្រាស់ និង​ទឹក​ស្អាត បាន​សំណូមពរ​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ ជា​ពិសេស​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​មក​ជួយ​លើក​កម្ពស់​អនាម័យ​នៅ​តំបន់​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​​​មន្ត្រី​អង្គការ លិវ អ៊ែន លើន (Live and Learn) លោក កែ ហាក់ឡី អង្កេត​ឃើញ​ថា បញ្ហា​ទាំង​ឡាយ ជា​ពិសេស​បញ្ហា​អនាម័យ​នៅ​ឃុំ​ផាត់​សណ្ដាយ មិន​ទាន់​បាន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នៅ​ឡើយ​ទេ។

លោក កែ ហាក់ឡី៖ «ខ្ញុំ​រីករាយ​មែន​ទែន ដែល​ឃើញ​អាស៊ី​សេរី​ឈាន​ជើង​មក​មុន​គេ នៅ​ទី​នេះ។ យើង​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​មក គឺ​មក​យក​ដែល​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ បញ្ហា​អី​ផ្សេងៗ គឺ​ផ្ទាល់​តែ​ម្ដង»។

តំបន់​ដែល​គ្មាន​បង្គន់​ប្រើ​ប្រាស់​​និង​ប្រឈម​​កង្វះ​ទឹក​ស្អាត គឺ​ខេត្ត​ដែល​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប មាន​ដូច​ជា បាត់​ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ មាន​ប្រជាជន​រាប់​ម៉ឺន​គ្រួសារ​ជា​ផ្ទះ​បណ្ដែត​ទឹក រស់​នៅ​ទី​នោះ។ មុខ​របរ​ភាគ​ច្រើន គឺ​ពឹង​លើ​ការ​នេសាទ។

របាយការណ៍ ដែល​ស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក​អំពី​អនាម័យ​កន្លង​មក បាន​បង្ហាញ​ថា មាន​កាក​សំណល់​ប្រមាណ ២ ពាន់​ម៉ែត្រគីប បោះ​ចោល​ពាស​វាល​ពាស​កាល​នៅ​តំបន់​ជនបទ និង​យ៉ាង​ហោច​ណាស់ ក៏​មាន​ទឹក​ក្រខ្វក់​ប្រមាណ ៨ ពាន់​ម៉ែត្រ​គីប ទឹក​មូត្រ ឬ​ទឹក​នោម​ប្រមាណ ២ ពាន់​ម៉ែត្រ​គីប និង​លាមក​ប្រមាណ ២០០ តោន​បោះ​ចោល​ទៅ​ក្នុង​ទឹក​រៀង​រាល់​ថ្ងៃ។

បញ្ហា​កង្វះ​អនាម័យ និង​ទឹក​ស្អាត ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា កម្ពុជា​ខាត​បង់​ប្រមាណ ៤៥០ លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ ឬ​ប្រជាជន​ម្នាក់ ត្រូវ​ខាត​បង់​ប្រមាណ ៣២ ដុល្លារ​ក្នុង​មួយ​ឆ្នាំ តាម​រយៈ​ការ​ព្យាបាល​ជំងឺ ដែល​បង្ក​ឡើង​ដោយសារ​កង្វះ​ទឹក​ស្អាត និង​អនាម័យ។

ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា ប្រជាជន​កម្ពុជា​ច្រើន​ជាង ១១ លាន​នាក់ គ្មាន​បង្គន់​និង​ការ​ខ្វះ​អនាម័យ។ ក្នុង​នោះ​ចំនួន ២ ភាគ ៣ ប្រឈម​នឹង​ជំងឺ​រាករូស។ ចំនួន​មនុស្ស​ស្លាប់​ប្រចាំ​ឆ្នាំ ដោយ​សារ​តែ​កង្វះ​អនាម័យ មាន​ប្រមាណ ១ ម៉ឺន​នាក់។ ក្នុង​នោះ មាន ២ នាក់​ក្នុង​ចំណោម ១០ នាក់ ស្លាប់​ដោយ​សារ​ជំងឺ​រាក និង​មាន​ប្រជាជន​ប្រមាណ​ជិត ១០ លាន​នាក់ ជា​អ្នក​ក្រីក្រ​ប្រឈម​នឹង​បញ្ហា​ខ្វះ​អនាម័យ និង​ទឹក​ស្អាត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​វាយ​តម្លៃ​បាន​បង្ហាញ​ថា ការ​លើក​កម្ពស់​បញ្ហា​អនាម័យ​ដោយ​ការ​លាង​ដៃ​ឲ្យ​បាន​ស្អាត គឺ​ទទួល​បាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​សុខភាព​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៤ លាន​ដុល្លារ និង ៦០ លាន​ដុល្លារ​តាម​រយៈ​ការ​ប្រើប្រាស់​បង្គន់។

អ្នក​ជំនាញ​ផ្នែក​អនាម័យ​និង​ទឹក​ស្អាត​បាន​​​បង្ហាញ​ថា​ ប្រសិន​បើ​កម្ពុជា​អាច​ដោះ​ស្រាយ​បញ្ហា​​អនាម័យ​នេះ​បាន​ កម្ពុជា​និង​ទទួល​បាន​នូវ​​ផល​ចំណេញ​​​​​ដែល​មាន​តម្លៃ​ប្រមាណ​៧​ភាគ​រយ​នៃ​ផលិត​ផល​​សរុប (GDP) ​រៀង​រាល់​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។