នៅលើផ្ទៃដីប្រមាណជិត៥០ហិកតារ ភ្នំយក្សណាមគឺជាភ្នំមានថ្មមានតម្លៃនិងជាតំបន់ព្រៃឈើ ក៏ប៉ុន្តែក្នុងជំនឿសម្រាប់សហគមន៍ជនជាតិដើមគ្រឹងនៅតំបន់នោះជាច្រើនតំណមកហើយ ចាត់ទុកទីនោះជាទីអស្ចារ្យមានវត្ថុស័ក្ដិសិទ្ធសម្រាប់សក្ការបូជា និងជាកន្លែងដែលអ្នកភូមិប្រើប្រាស់អាស្រ័យផល អនុផលព្រៃឈើសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃពួកគេ ។
អ្នកភូមិឈ្មោះ អាន ផុង មានប្រសាសន៍ឲ្យដឹងថា កន្លងទៅប្រមាណមួយឆ្នាំមុននេះអ្នកភូមិបានធ្វើការតវ៉ាសុំមិនឲ្យយកតំបន់ពិសិដ្ឋរបស់ពួកគេសម្រាប់ធ្វើអាជីវកម្មយកថ្មមានតម្លៃនៅទីនោះទេ ដោយមានជំនឿថាការបំពាននៅលើតំបន់នោះនឹងធ្វើឲ្យអ្នកភូមិជួបគ្រោះមហន្តរាយនិងឧបទ្រពចង្រៃ ក៏ប៉ុន្តែការតវ៉ានោះមិនមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនដែលមានបំណងឲ្យអ្នកភូមិប្រគល់ភ្នំសម្រាប់អាជីវកម្មក្រុមហ៊ុនក្រោមហេតុផលមានការអនុញ្ញតពីថ្នាក់ជាតិរួចហើយ ។
អាន ផុន បានឲ្យដឹងថា ៖ «ជ័រផ្ដៅ ជ័រទឹក គាត់ពឹងពាក់ ។ អត់បានទេ តែយើងនិយាយខុស តែនិយាយមើលងាយភ្នំហ្នឹង និយាយមើលងាយភ្នំហ្នឹង ប្រាកដជា.... ក៏មាន ឬក៏ខ្លាមក គេគោរពអ៊ីចឹង ។ អ្នកភូមិអត់យល់ព្រម គេតវ៉ាហើយ ខ្លាចអារក្សធ្វើ យើងឈឺថ្កាត់មានបញ្ហាអ៊ីចឹងទៅ គេខ្លាចដែរ គេអត់ឲ្យទេ ។ អត់ហ៊ានបង្ខំគេ ព្រោះគេនៅលើយើង យើងក្រោមឧវាទគេ គេថាឲ្យក៏ធ្វើ មិនឲ្យក៏ធ្វើ ចេះតែស្របតាមគេអ៊ីចឹងទៅ» ។
កាលពីដើមឆ្នាំ២០០៨ ផ្លូវមួយខ្សែប្រវែងជាង៣គីឡូម៉ែត្រត្រូវបានឈូសឆាយចាក់ដីដើម្បីធ្វើផ្លូវសម្រាប់ក្រុមហ៊ុនអាជីវកម្មថ្មម៉ាប ពីទីរួមស្រុកកូនមុំឆ្ពោះទៅដល់ភ្នំយក្សណាម ក៏ប៉ុន្តែគម្រោងធ្វើផ្លូវនោះមិនទាន់រួចរាល់ជាស្ថាពរទេ ។
អភិបាលស្រុកកូនមុំ លោក លឿង ចាន់ធាង មិនបានបញ្ជាក់ប្រាប់ថាក្រុមហ៊ុនអាជីវកម្មថ្មម៉ាបនោះឈ្មោះអ្វីនោះទេ ក៏ប៉ុន្តែអះអាងថាក្រុមហ៊ុនមានអាជ្ញាប័ណ្ណអនុញ្ញតដោយថ្នាក់ជាតិ ហើយនៅរដូវប្រាំងខាងមុខនេះ គម្រោងធ្វើផ្លូវនឹងបញ្ចប់ដើម្បីឈានទៅបើកទីតាំងអាជីវកម្ម ។
លោក លឿង ចាន់ធាង បានមានប្រសាសន៍ថា ៖ «ជុំវិញភ្នំហ្នឹងរដ្ឋប្រគល់ឲ្យក្រុមហ៊ុន មានអីត្រឹមត្រូវរបស់គេហើយ នៅភ្នំយក្សណាមហ្នឹង ធ្វើថ្មម៉ាប» ។
មិនមែនមានតែអ្នកភូមិជនជាតិភាគតិចនៅតំបន់ក្បែរភ្នំយក្សណាមនោះទេ ប្រជាសហគមន៍ផ្សេងទៀតនៅជាប់គ្នាក៏មានឆន្ទៈដូចគ្នា ចង់ឲ្យមានកិច្ចអភិរក្សតំបន់ភ្នំនោះទុកជាផ្នែកការពារបរិស្ថានធម្មជាតិ និងជាតំបន់ភោគទ្រពថ្មរ៉ែសម្រាប់ផលប្រយោជន៍ជាតិ ។
ប្រជាសហគមន៍ឃុំត្រពាំងច្រែស លោក ឡុង ឌី មានប្រសាសន៍ថាថ្មភ្នំមានសណ្ឋានភ្លឺផ្លេកៗ យើងនៅតាមជម្រាលភ្នំមានព្រៃឈើមានតម្លៃដែលនៅសេសសល់សម្រាប់អភិរក្ស ។
លោក ឡុង ឌី បានឲ្យដឹងថា ៖ «ភ្នំហ្នឹងខ្ពស់ណាស់ ប្រហែលយ៉ាងតិចបំផុត១គីឡូ សុទ្ធថ្មតែម្ដង ថ្មហ្នឹងផ្លេកៗ វ៉ៃមើលផ្លេកៗ ។ ច្រើន ខាងៗច្រើនតើ! ធំទៀត ។ ភ្នំយក្សណាមហ្នឹង ពីមុនមកគេអត់សូវហ៊ានរកទេ ព្រោះល្បីម្ដុំហ្នឹង ម្ដុំជនជាតិ» ។
អនុប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងឋាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន មានប្រសាសន៍ថាក្រសួងកសិកម្មបានចេញអាជ្ញាប័ណ្ណរួចហើយកាលពីឆ្នាំ២០០៦ ឲ្យទៅក្រុមហ៊ុនក្នុងស្រុកមួយដែលមានអ្នកស្រី ខាំ ភៀន ភរិយាអ្នកតំណាងរាស្រ្ត ប៊ូ ថង ជាប្រធាន ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីឈ្មោះនិងអាសយដ្ឋានក្រុមហ៊ុននោះឡើយ ។ លោកបញ្ចាក់ថាការដោះស្រាយពីផលប៉ះពាល់បានធ្វើរួចរាល់ជាមួយអ្នកភូមិមុនពេលចេញអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មនេះ ។
លោក ហ៊ុន ប៊ុនថាន បានមានប្រសាសន៍ថា ៖ «អាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលហ្នឹង មិនមែនរដ្ឋាភិបាលចេញមកដោយអត់មានការអនុញ្ញាតពីប្រជាពលរដ្ឋទេ សុទ្ធតែមានតើ ។ ខ្ញុំដឹងថាក្រុមហ៊ុនហ្នឹងគាត់បានកោះអញ្ជើញប្រជាពលរដ្ឋនៅក្នុងឃុំតឺនហ្នឹង ធ្វើការសួរយោបល់ សុំយោបល់ សេចក្ដីសម្រេចអីសព្វគ្រប់បែបយ៉ាងអស់ហើយ មានលាយលក្ខណ៍អក្សរ ចុះហត្ថលេខា មេឃុំ មេភូមិអីចេញអាជ្ញាប័ណ្ណឲ្យ» ។
ក៏ប៉ុន្តែផ្ទុយពីការអះអាងខាងលើនេះ មន្ត្រីផ្នែកតស៊ូមតិនៃអង្គការក្រៅរដ្ឋាភិបាលឈ្មោះ ឌីភីអេ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍ឃុំតឺន លោក សែ សុភី មានប្រសាសន៍ថាអ្នកភូមិមិនមានសមត្ថភាពការពារផលប្រយោជន៍សហគមន៍បានទេ ពីព្រោះការតវ៉ារបស់ពួកគាត់គ្មានការយកចិត្តទុកដាក់ឡើយ ។
លោក សែ សុភី បានបញ្ជាក់ថា ៖ «គាត់បារម្ភៗ ប៉ុន្តែគ្រាន់តែថា ខាងខេត្តយើងគាត់បានផ្ដល់ការអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើ មិនដឹងថាទៅតវ៉ាយ៉ាងម៉េចឈ្នះគេ ។ តវ៉ាដែរ ប៉ុន្តែថ្ងៃហ្នុងបាននិយាយតទល់ជាមួយទូរស័ព្ទជាមួយឯកឧត្ដម ប៊ូ ថង សុំអ្នកភូមិ គាត់អត់ព្រម ដោយសារកន្លែងហ្នឹងកន្លែងជំនឿខ្លាំងអីអ៊ីចឹង...។ ពេលហ្នុងឈ្មោះ ជីហ្នឹងឯង បានសម្លុតហើយថាចង់បានអី គេឲ្យហ្នឹង ដើម្បីដោះស្រាយសែនព្រេនហ្នឹង» ។
យ៉ាងនេះក្តីមេឃុំតឹន លោក ចា ម៉ូវផាង មានប្រសាសន៍ថាអាជ្ញាធរឃុំបានឯកភាពតាមអ្នកភូមិរក្សាតំបន់ភ្នំយក្សណាមជាកន្លែងទីសក្ការៈដូចដើម ហើយក៏ពុំមានអ្នកភូមិណាចូលរួមសែនព្រេនសុំទីនោះជាទីតាំងធ្វើអាជីវកម្មនោះឡើយ ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអធិប្បាយពីប្រធានក្រុមហ៊ុនអាជីវកម្មថ្មម៉ាប អ្នកស្រី ខាំ ភៀន បានទេ ដើម្បីអធិប្បាយជុំវិញប្រតិកម្មខាងលើរបស់អ្នកភូមិ ពីព្រោះវិទ្យុអាស៊ីសេរីមិនអាចស្វែងរកអាសយដ្ឋានពិតប្រាកដរបស់ក្រុមហ៊ុន ហើយការព្យាយាមទាក់ទងតាមទូរស័ព្ទលោក ប៊ូ ថង ក៏មិនអាចភ្ជាប់បាននៅថ្ងៃអាទិត្យ ទី២៤ សីហានេះ ។
បើតាមអ្នកភូមិនិយាយឲ្យដឹងថា លោក ប៊ូ ថង បានព្យាយាមផ្តល់ក្របីមួយគូសម្រាប់អ្នកភូមិធ្វើការសែនព្រេនតាមជំនឿ ហើយប្រគល់តំបន់ភ្នំយក្សណាមមកក្រុមហ៊ុន ក៏ប៉ុន្តែពុំមានអ្នកភូមិឬអាជ្ញាធរមូលដ្ឋានណាមួយហ៊ានធ្វើឡើយ រហូតមកទល់បច្ចុប្បន្ន ពីព្រោះគេមានជំនឿថាវត្ថុស័ក្ដិសិទ្ធនៅភ្នំយក្សណាមនឹងធ្វើឲ្យមនុស្សដែលបំពាននៅទីនោះស្លាប់ដោយរន្ទះបាញ់ ពស់ចឹក ឬខ្លាខាំ ឬស្លាប់ដោយគ្រោះផ្សេងទៀត ហើយក្របីក៏ត្រូវអ្នកភូមិកាប់ចែកគ្នាធ្វើម្ហូបអាហារអស់ទៅ ។
បើតាមសកម្មជនសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថាក្នុងការចុះស្រាវជ្រាវករណីនេះនៅថ្ងៃអាទិត្យក្នុងសហគមន៍ឃុំតឺន អ្នកភូមិមួយចំនួនធំមិនព្រមធ្វើអត្ថាធិប្បាយទេដោយបង្ហាញពីការព្រួយបារម្ភពីសុវត្ថិភាព ៕
