សង្គម​ស៊ីវិល៖ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​ខ្វះ​ព័ត៌មាន​ស្ដីពី​ការ​បោះ​ឆ្នោត

វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ឲ្យ​ដឹង​ថា ជន​ជាតិ​ដើម​ភាគ​តិច ដូច​ជា ព្នង ព្រៅ ចារ៉ាយ កួយ និង​ស្ទៀង ជាដើម នៅ​តែ​ប្រឈម​ខ្ពស់ ដែល​មិន​អាច​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ខ្ពស់​នៅ​ឡើយ ក្នុង​ពេល​បច្ចុប្បន្ន។

0:00 / 0:00

ទន្ទឹម​នឹង​នោះ ជន​ជាតិ​ដើម​ភាគ​តិច​ប្រមាណ ៩៤% ដែល​ចេះ​និយាយ​ភាសា​ខ្មែរ តែ​មិន​អាច​អាន ឬ​សរសេរ​បាន ត្រូវ​គេ​ណែនាំ​ជំនួស​នៅ​ពេល​បោះ​ឆ្នោត​ម្ដងៗ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត រក​ឃើញ​ថា ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ចំនួន​៤ នៃ​ភូមិ​ភាគ​ឦសាន ពុំ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ តាម​រយៈ​វិទ្យុ ទូរទស្សន៍ ឬ​កាសែត ជុំវិញ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​នៃ​ការ​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ​ទេ។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សឹម សុរិយ៉ា និយាយ​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ក្នុង​រយៈពេល ៦​ខែ​កន្លង​ទៅ​នេះ នៅ​ក្នុង​ឃុំ​ចំនួន​៨ របស់​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី រក​ឃើញ​ថា ក្នុង​ចំណោម​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ទំពួន ចារ៉ាយ ស្ទៀង ព្រៅ និង​ឡាវ ពុំ​ដែល​ទទួល​បាន​ព័ត៌មាន​ណា​មួយ​ស្ដីពី​ការ​បោះ​ឆ្នោត​តាម​វិទ្យុ ទូរទស្សន៍ ឬ​កាសែត នោះ​ទេ ក្រៅ​ពី​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​បោះ​ឆ្នោត ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

លោក​បន្ត​ថា មាន​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ប្រមាណ ៤០% នៅ​តែ​ប្រឈម​ចំពោះ​ការ​យល់​ដឹង​ពី​ការ​បោះ​ឆ្នោត​នៅ​ឡើយ៖ «ដល់​ពេល​យើង​មើល​ជា​សរុប​ទៅ ដូច​បាន​រៀប​រាប់​ពី​មុន​អ៊ីចឹង ឃុំ​ខ្លះ​វា​អត់​មាន​វិទ្យុ (Radio) ឃុំ​ខ្លះ​វា​អត់​មាន​ទូរទស្សន៍​អ៊ីចឹង។ សង្ខេប​មក មធ្យោបាយ​ដែល​ល្អ​បំផុត គឺ​ការ​ជួប​ដោយ​ផ្ទាល់​តែ​ម្ដង»

របាយការណ៍​របស់​វិទ្យាស្ថាន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី២៥ មករា ក្នុង​សិក្ខា​សាលា​ស្ដីពី​របក​គំហើញ​លទ្ធផល​នៃ​ការ​សិក្សា បង្ហាញ​ថា ជន​ជាតិ​ដើម​ភាគ​តិច​ប្រមាណ ៩៤% ដែល​ចេះ​និយាយ​ភាសា​ខ្មែរ តែ​មិន​អាច​អាន ឬ​សរសេរ​បាន ត្រូវ​គេ​ណែនាំ​ជំនួស​ឲ្យ​ដឹង​ពី​របៀប​នៃ​ការ​បោះ​ឆ្នោត។ ចំណែក ៧៧% យល់​ដឹង​ពី​អក្សរ​ខ្មែរ និង​អាច​បោះ​ឆ្នោត​បាន​ដោយ​ជម្រើស​របស់​ពួក​គេ។

លោកស្រី នៅ សាខឿន ជន​ជាតិ​ភាគ​តិច​កួយ មក​ពី​ឃុំ​ប៉ាល់ហាល ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា មធ្យោបាយ​ដែល​គេ​អាច​ដឹង​ពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត ឬ​យុទ្ធនាការ​បោះ​ឆ្នោត គឺ​តាម​ការ​ចុះ​ដោយ​ផ្ទាល់​របស់​គណបក្ស​នយោបាយ។ លោកស្រី​បញ្ជាក់​ថា សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ពុំ​មាន​លទ្ធភាព​អាន ឬ​សរសេរ​អក្សរ​ខ្មែរ​បាន តែង​ងាយ​រងគ្រោះ ឬ​ការ​គាប​សង្កត់​របស់​អ្នក​នយោបាយ៖ «ចំពោះ​មិន​គាប​សង្កត់​ទេ តែ​គាប​សង្កត់​អ្នក​ផ្សេង​ខ្លះៗ​ដែរ​ណា គ្នា​ជន​ជាតិ​ភាគ​តិច ជួន​កាល​គ្នា​អត់​ចេះ អត់​យល់ ហើយ​ទៅ​បោះ​ឆ្នោត ខ្លះ​បាត់​ឈ្មោះ អត់​ឃើញ​ឈ្មោះ។ បើ​ខ្ញុំ ខ្ញុំ​ចេះ ខ្ញុំ​មើល​បាន បើ​អ្នក​ខ្លះ​គ្នា​អត់​ចេះ​ទេ»

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់​ទង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ទ ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ទី២៥ មករា។

ក៏ប៉ុន្តែ លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និចហ្វិក (NICFEC) ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​ដែល​មិន​ស្ថិត​លើ​ការ​សម្រេច​ចិត្ត​អ្នក​បោះ​ឆ្នោត​ផ្ទាល់ គឺ​ជា​ផ្នែក​មួយ​ដែល​ប៉ះពាល់​ដល់​លទ្ធផល​នៃ​បោះ​ឆ្នោត។

លោក​គិត​ថា គ.ជ.ប គួរ​ពង្រីក​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​នៅ​ខ្វះ​ប្រព័ន្ធ​ព័ត៌មាន​ទាំង​នេះ៖ «បើ​សិន​ការ​បោះ​ឆ្នោត​ហ្នឹង​ឯង មិន​បាន​ដឹង​ដោយ​ខ្លួន​ឯង​តាម​ការ​ដឹង​ដោយ​អារម្មណ៍ ដោយ​សតិសម្បជញ្ញៈ​ខ្លួន​ឯង​នោះ ខ្ញុំ​គិត​ថា​លទ្ធិប្រជាធិបតេយ្យ​បែប​នេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា នោះ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចាត់​ទុក​ថា ប្រព័ន្ធ និង​មធ្យោបាយ​បោះ​ឆ្នោត​មាន​ភាព​ប្រសើរ​ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ។ ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត រិះគន់​ថា​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​តែ​ពុំ​ទាន់​អាច​ធានា​បាន​ពី​តម្លាភាព និង​យុត្តិធម៌​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។