អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយ នៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ប្រមាណជិត ៥០នាក់ បានប្រមូលផ្តុំគ្នាកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ដើម្បីធ្វើការលើកស្លាកធំមួយ អំពាវនាវដល់តុលាការខេត្តរតនគិរី ឲ្យចាត់ការលើពាក្យបណ្ដឹងរបស់អ្នកភូមិដែលបានប្តឹងជំទាវ គាត កលណី ភរិយាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ គឺលោក ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ពីបទចោទប្រកាន់ថា បានរំលោភបំពានដីសហគមន៍ប្រមាណ ៥០០ហិកតារនៅពេលកន្លងមកនោះ។
តំណាងសហគមន៍ភូមិគងយុ លោក រម៉ាម ហ្វីល មានប្រសាសន៍ប្រាប់បណ្ដាញអង្គការមិនមែនរដ្ឋាភិបាលនៅខេត្តរតនគិរី និងអ្នកសារព័ត៌មានជាច្រើនក្នុងពេលលើកស្លាកនោះថា ឈ្នះ ឬចាញ់សុំឲ្យតុលាការខេត្ត កាត់ក្តីឲ្យចប់សព្វគ្រប់ទៅ ព្រោះទំនាស់បានប្តឹងយូរឆ្នាំហើយ។
លោក រម៉ាម ហ្វីល បានឲ្យដឹងដូច្នេះ ៖ «ចង់ឲ្យតុលាការខេត្តរតនគិរីដោះស្រាយ។ ប្រជាពលរដ្ឋអស់ដីហើយ។ ដីហ្នឹងដីសហគមន៍អត់លក់ទេ គេរំលោភយក។ ប្រជាពលរដ្ឋឲ្យហ្នឹង ឲ្យប្រហែល ៥០ហិកតាទេ។ វាឈូសពេញព្រៃពេញទឹកនោះ ប៉ះចម្ការ កន្លែងគេកប់ខ្មោច ព្រៃអារក្ស»។
លោក រម៉ាម ថង ជាសមាជិកគណៈកម្មការសហគមន៍ បានបញ្ជាក់ថា ប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភ ខណៈដែលដីធ្លីរួមរបស់សហគមន៍កាន់តែរួញតិចទៅ បន្ទាប់ពីក្រុមហ៊ុននោះបានទិញ និងបានរំលោភទន្ទ្រានយកយ៉ាងច្រើនមក។
លោក រម៉ាម ថង បញ្ជាក់ថា រឿងរ៉ាវដែលនាំឲ្យមានការប្ដឹងផ្ដល់គ្នាមកទល់ថ្ងៃនេះ បណ្ដាលមកពីមុនដំបូង អ្នកភូមិបានលក់ដីទៅឲ្យក្រុមហ៊ុននោះក្នុងចំនួនមួយតិចតួច ប៉ុន្តែក្រុមហ៊ុនបានវាតយកធំធេងពេក បណ្ដាលឲ្យសហគមន៍បាត់បង់ដីចម្ការអចិន្ត្រៃយ៍ និងដីចម្ការវិលជុំ ៖ «ពីរម៉ឺនដុល្លារ ឲ្យមួយគ្រួសារតែបួនរយទេ»។
គង់ យុទ្ធនា ៖ បើយើងទទួលលុយគេហើយ ហេតុអីបានយើងតវ៉ា? រម៉ាម ថង ៖ តវ៉ារឿងថា ដីហ្នឹងត្រឹមដំបូក ឥឡូវហ្នឹងគេយទៅដល់ណោះ។ ម្យ៉ាងជនជាតិដើមគាត់ដឹងលេខដឹងអក្សរអី អត់ចេះបូកសរុបផង ហើយក្រុមហ៊ុនវាពង្រីកទៅៗ។ កូនចៅពួកខ្ញុំតទៅមុខទៀតទុកកន្លែងណាធ្វើចម្ការ?។
អ្នកសម្របសម្រួលបណ្ដាញគាំទ្រជនជាតិដើមភាគតិច ខេត្តរតនគិរី លោក ទេព បូរិន ដែលចុះទៅពិនិត្យសកម្មភាពលើកស្លាកបង្ហាញគោលបំណងរបស់អ្នកភូមិជនជាតិដើមទាំងនោះ បញ្ជាក់ថា ៖ «មានរឿងតាំងពីអត់ទាន់ដាំកៅស៊ូ ឥឡូវរហូតដល់កៅស៊ូធំៗអស់ អ៊ីចឹងប្រហែលជាមានអាថ៌កំបាំងអីនៅពីក្រោយខ្នងដែលជាចេតនាមិនដោះស្រាយរឿងហ្នឹង»។
ប្រធានតុលាការខេត្តរតនគិរី លោក លូ ស៊ូសម្បត្តិ មិនអាចសុំការពន្យល់បានទេ ដោយសារអ្នកលើកទូរស័ព្ទរបស់លោកបដិសេធថា មិនមែនជារូបលោកទេ។ ប៉ុន្តែយ៉ាងនេះក្តី លោក កែវ វិសុទ្ធ ជាក្រឡាបញ្ជីរបស់ប្រធានតុលាការ បានបញ្ជាក់ថា ករណីទំនាស់នោះ ប្រធានតុលាការបានចាត់បញ្ជូនឲ្យចៅក្រមធ្វើការស៊ើបអង្កេត និងពន្លឿនដំណើរការក្តីហើយ ហើយកន្លងមកអ្នកភូមិបានរារាំងមិនឲ្យមានការវាស់វែងដីទំនាស់នោះផង ដោយសារតែពួកគាត់បារម្ភខ្លាចគេវាស់យកដីនោះឲ្យទៅខាងក្រុមហ៊ុន។
លោក កែវ វិសុទ្ធ ពន្យល់ថា ៖ «បងប្រធានគាត់បានចាត់ការទៅឲ្យលោក ឡូញ ច័ន្ទចេតនា ដើម្បីធ្វើការសិក្សាមើលថា រឿងហ្នឹងគួរគប្បីថា ត្រូវធ្វើយ៉ាងម៉េចជាមួយបងប្អូនប្រជាជនហ្នឹង ព្រោះខាងមេធាវីប្រជាជនហ្នឹង គាត់សុំពន្លឿនការងារហ្នឹងដែរ»។
ទំនាស់រវាងអ្នកភូមិគងយុ ដែលមានចំនួនសរុប ៥៦គ្រួសារ និងជំទាវ គាត កលណី ត្រូវបានអង្គការនានាតាមដាន និងវាយតម្លៃថា ជារឿងគំរូមួយ ដែលបានឆ្លុះបញ្ចាំងអំពីសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច គឺនៅមិនទាន់ទទួលបានការគោរពតាមច្បាប់ជាតិនៅឡើយ៕
