ជនជាតិ​ភាគ​តិច​មួយចំនួន​បារម្ភ​ពី​ការ​រើសអើង​ពូជ​សាសន៍

ជនជាតិ​ភាគ​តិច​មួយចំនួន​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​អនុសញ្ញា​ជាតិ​ស្តីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជ​សាសន៍ បាន​លើក​ឡើង​ថា ទោះ​បី​ជា​មាន​ច្បាប់​ចែង​កុំ​ឲ្យ​មាន​ការ​រើសអើង​ពូជ​សាសន៍​បែប​ណា​ក៏​ដោយ ក៏​ការ​រើសអើង​នៅតែ​មាន​ទៅ​លើ​ពួក​គេ។
ដោយ ឱ ភារិទ្ធ
2010.01.07
រូប​រតនគិរី រូប​ថត​ស្ត្រី​ជា​ម្តាយ​និង​កូន ដែល​ថត​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០០៧។
Photo: BunTharum @ www.tharum.info

អ្នក​ស្រី សេវ ខែម ជនជាតិ​ចារាយ​មក​ពី​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​នៅ​ពេល​សម្រាក​ថា ច្បាប់​បាន​ចែង​ថា កុំ​ឲ្យ​មាន​ការ​រើសអើង​ពូជ​សាសន៍ ប៉ុន្តែ​ការ​រើសអើង​នៅតែ​មាន ដែល​អ្នក​ស្រី​បាន​លើក​ពី​ករណី​ខ្លះ​ថា មាន​ប្តឹង​តវ៉ា​ពី​វិវាទ​ដី​ធ្លី​ទៅ​តុលាការ តែ​គេ​មិន​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជូន​ទេ។

អ្នក​ស្រី សេវ ខែម បាន​បញ្ជាក់​ថា ៖ «ការ​រើសអើង​ហ្នឹង​មាន​ច្រើន ដូច​ដាក់​ពាក្យ​ប្ដឹង​ហ្នឹង គាត់​យក​តែ​អ្នក​មាន​លុយ មាន​អំណាច ជនជាតិ​ដើម​ភាគ​តិច​គាត់​អត់​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ទេ ជនជាតិ​ដើម​ភាគ​តិច​គាត់​អត់​មាន​ចំណេះ​ដឹង ហើយ​គេ​គំរាម​ធ្វើ​បាប​ក៏​អត់​ចេះ​ដែរ...»

អ្នក​ស្រី ចាន់ នី ជនជាតិ​ព្នង​មក​ពី​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​ថា ការ​រើសអើង​ពូជ​សាសន៍​ទៅ​លើ​ជនជាតិ​ភាគ​តិច​មាន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​រស់នៅ​ដោយ​មិន​ឲ្យ​ភាព​ស្មើ​គ្នា​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ជាដើម។

អ្នក​ស្រី ចាន់ នី បាន​ថ្លែង​ថា ៖ «ខ្ញុំ​យល់​ថា​ជា​ការ​រើសអើង ព្រោះ​ជនជាតិ​ភាគ​តិច​យើង​ដែល​ទន់​ខ្សោយ​ដូច​នេះ ដូច​ថា យើង​ទៅ​ណា​ក៏​ដោយ​ដូច​អត់​មាន​សេរីភាព​ទេ បើ​ពឹង​ពួក​គាត់ ពួក​គាត់​លែង​ជួយ​ហើយ។ រើសអើង​ហ្នឹង​តែ​អ្នក​មាន​លុយ អ្នក​មាន​អំណាច ស៊ី​បាយ​នឹង​ត្រឡោក​ឯណា​ឯ​ណី! គាត់​ថា​ឲ្យ​ចោល ហើយ​ខ្ញុំ​គិត​ថា ទាំង​អស់​ហ្នឹង​ជា​ភាព​រើសអើង​មួយ​ដែរ ការ​ស្លៀកពាក់​អី​ហ្នឹង​ជា​ប្រពៃណី​ពី​ដើម​មក!»

និស្សិត​ឆ្នាំ​ទី​៣ នៅ​មហា​វិទ្យាល័យ​ច្បាប់ មក​ពី​ខេត្ត​មណ្ឌលគិរី ជា​ជនជាតិ​ព្នង បាន​លើក​ឡើង​ថា ក៏​មាន​ការ​រើសអើង​ទៅ​លើ​សមត្ថភាព​ផងដែរ​ក្នុង​ការ​ជ្រើសរើស​ចូល​ក្របខ័ណ្ឌ​ការងារ​រដ្ឋ ដោយ​គេ​មិន​ឲ្យ​តម្លៃ​ជា​អាទិភាព​ទៅ​លើ​ជនជាតិ​ភាគ​តិច​ដែល​តាម​ការ​ពិត​ក៏​មាន​ជនជាតិ​ភាគ​តិច​ក៏​រៀន​បាន​ខ្ពង់ខ្ពស់​ច្រើន​ដែរ។

លោក ចាន់ សុវ៉េត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក បាន​បង្ហាញ​ថា ភាព​រើសអើង​រដ្ឋាភិបាល​បាន​បង្ក​លក្ខណៈ​ច្រើន​យ៉ាង​ណាស់​ដើម្បី​ចូលរួម​ការពារ​និង​ចាត់​វិធានការ​ទៅ​លើ​ស្ថានភាព​រំលោភ​ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ហើយ​ក៏​ត្រូវ​បាន​ទទួល​ថែ​រក្សា​ការពារ​ផងដែរ​លើ​វិស័យ​ផ្សេង​ទៀត។

លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «ជនជាតិ​ដើម​ភាគ​តិច​ក៏​បាន​ទទួល​ការ​ថែ​រក្សា​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែរ ក្នុង​នោះ​ក៏​មាន​ការ​ទទួល​ស្គាល់​បង្កើត​ជា​ច្បាប់ រៀបចំ​ជា​សហគមន៍​ការពារ​វប្បធម៌ ប្រពៃណី​និង​ទំនៀម​ទម្លាប់​របស់​បង​ប្អូន​ជនជាតិ។ បើ​សិន​ជា​ជនជាតិ​នោះ​គាត់​ថា គាត់​ក៏​មាន​ដូច​គ្នា​ដែរ ប៉ុន្តែ​នៅ​ពេល​រើស​មិន​ព្រម​រើស​គាត់ បែរ​ជា​រឿង​អ្នក​ជនជាតិ​កណ្ដាល​អី​អ៊ីចឹង​ជាដើម វា​ជា​រឿង​មួយ​មិន​ល្អ។ មាន​ការ​រើសអើង​ពិត​មែន ដោយសារ​ថា ប្រទេស​យើង​ដូច​អត់​ទាន់​បាន​កំណត់​ទោស​ទណ្ឌ​ទៅ​លើ​ជន​មួយចំនួន​ណា​មួយ​ដែល​គាត់​បាន​ទៅ​ប្រព្រឹត្ត រំលោភ​បំពារ​បំពាន​ទៅ​នឹង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ»

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម បាន​បញ្ជាក់​ជូន​ថា សូម្បី​តែ​ជនជាតិ​ខ្មែរ​ទូទៅ​ធម្មតា​ហ្នឹង​ក៏​ទទួល​ការ​រើសអើង​បក្ស​ពួក​និយម គ្រួសារ​និយម​ផងដែរ ដែល​ទោះ​ជា​ច្បាប់​ក៏​មាន​ចែង​ពី​ការ​ដាក់​ទោស​ទណ្ឌ​ផងដែរ តែ​ក៏​លោក​សុំ​ឲ្យ​បញ្ចប់​ការ​រើសអើង​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។