អាជ្ញាធរ​ខេត្ត​រតនគិរី​បដិសេធ​សំណើ​សុំ​ហែ​ក្បួន​របស់​ក្រុម​ជនជាតិ

2008-05-16

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​បដិសេធ​សំណើ​សុំ​ហែ​ក្បួន​ទាមទារ​ការ​អនុវត្ត​ច្បាប់​និង​បទបញ្ជា​នាយករដ្ឋមន្ត្រី ពីសំណាក់​ជនជាតិ​ដើម​ភាគ​តិច ទាក់​ទិន​នឹង​វិធានការ​ទប់ស្កាត់​លុប​បំបាត់​ការ​ឈូសឆាយ​ហ៊ុមព័ទ្ធ​ព្រៃឈើ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ ប៉ុន្តែ​បាន​យល់ព្រម​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​នៅ​នឹង​កន្លែង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន ។

មន្រ្តី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​១៦ ឧសភា ឆ្នាំ​២០០៨ បន្ទាប់ពី​មាន​ការ​ប្រជុំ​ពិសេស​មួយ​នៃ​គណៈបញ្ជាការ​កងឯកភាព​ខេត្ត ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «អភិបាល​ខេត្ត​ក៏​លោក​បង្ហាញ​នូវ​ការ​ឈឺ​ចាប់​ក្នុង​ការ​បាត់​បង់​ព្រៃ​ឈើ​ដីធ្លី​ហ្នឹង​ដែរ ។ ចំពោះ​ការ​ដង្ហែរ​ក្បួន​លោក​មិន​អនុញ្ញាត​ទេ ដោយ​លោក​ឲ្យ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ ។ សមាគម​អាដហុក សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​សុំ​មក​ជួប​ជុំ​ធំ​គ្នា​មួយ​នៅ​សមាគម​អាដហុក នៅ​ថ្ងៃ​ទី​២៣ ដោយ​មិន​មាន​ការ​ដង្ហែ​ក្បួន»

បើ​តាម​តំណាង​ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​ចំនួន​១៥​ក្រុម ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពួកគេ​មាន​ឆន្ទៈ​ជួបជុំ​គ្នា​ប្រមាណ​៣០០​នាក់ ហែ​ក្បួន​និង​រៀបចំ​វេទិកា​អញ្ជើញ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្រ្តី​ជំនាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត ជួប​ប្រជុំ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​បាត់បង់​ដីធ្លី​តំបន់​ព្រៃឈើ​ដែល​ប្រជាសហគមន៏​កំពុង​អភិរក្ស ហើយ​បញ្ហា​នេះ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ បើទោះបី​អ្នក​ភូមិ​សុំ​កិច្ច​អន្តរាគមន៏​យ៉ាងណាក្តី ។ ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​បង្រ្កាប​កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៧ ដោយ​ប្រើប្រាស់​កងកម្លាំង​រារាំង​និង​រថយន្ត​បាញ់​ទឹក​បន្ទាប់ពី​អ្នកភូមិ​បាន​នាំគ្នា​ហែ​ក្បួន​តវ៉ា ។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី លោក អឿង សារិ ទទួលស្គាល់​ថា​ពិត​ជា​មាន​កិច្ចប្រជុំ​បែប​នេះ​ប្រាកដ​មែន ៖ «អត់​មាន​ជំទាស់​អី​ទេ​ធ្វើ​សិក្ខាសាលា តែ​គាត់​ហាម​មិន​ឲ្យយើង​ហែក្បួន តែ​ក្រោយ​មក​លោក ប៊ុណ្ណារ៍ គាត់​សុំ​ឲ្យ​ការ​ហែក្បួន​ហ្នឹង​លើក​ទៅ​ប្រជុំ​នៅ​ក្នុង​ទីស្នាក់ការ​អាដហុក បាន​ឯកឧត្ដម​ចុង​ក្រោយ​គាត់​ក៏​បាន​ឯកភាព»

ចំណែក​អភិបាល​ខេត្ត​រតនគិរី លោក មួង ប៉យ ដែល​ដឹកនាំ​កិច្ចប្រជុំ​មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា កិច្ចប្រជុំ​នោះ​មិន​ទាន់​ចាត់​ទុក​ជា​លទ្ធផល​អ្វី​នៅឡើយ​នោះ​ទេ ហើយ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្តារ​ពី​បញ្ហា​នោះ ៖ «ប្រជុំ​ព្រឹក​មិញ​មិន​ទាន់​បាន​សម្រេច​ទេ»

ទោះជាយ៉ាងនេះ​ក្ដី​ប្រធាន​សមាគម​ខ្មែរ​លើ​អ្នកស្រី ដាំ ចន្ធី មាន​ប្រសាសន៏​ថា​ជនជាតិ​ភាគតិច​គឺ​ជា​អ្នក​រងគ្រោះ ៖ «សព្វថ្ងៃ​នេះ​ខ្ញុំ​ឃើញ​ថា​បញ្ហា​វា​កើន​ឡើង​ខ្ពស់​ហើយ អាជ្ញាធរ​ដែន​ដី មាន​សិទ្ធិ​គ្រប់គ្រង​ទៅ​លើ​ធនធាន​ធម្មជាតិ ទៅ​លើ​ដី​ធ្លី ទៅ​លើ​ប្រជាជន អាជ្ញាធរ​ក៏​មាន​តួនាទី​មួយ​សម្រាប់​ដោះស្រាយ អង្គការ​ក្រៅរដ្ឋាភិបាល ជួយ​ទៅ​លើ​អាជ្ញាធរ​ដែល​ខ្វះ​ចន្លោះ​ហ្នឹង ។ ខ្ញុំ​គិត​ថា​ល្អ​បើសិនណា​អាជ្ញាធរ​គាំទ្រ​ពិត​ប្រាកដ»

មន្រ្តី​សមាគម​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ដែរ​ថា​តាម​ការ​គ្រោងទុក​អង្គការ​នេះ​នឹង​បំពេញ​តួនាទី​ជា​អ្នក​សម្របសម្រួល​តាម​សំណូមពរ​តំណាង​សហគមន៏​ចំនួន​១៥​ក្រុម​ក្នុង​ខេត្ត ដាក់​ពាក្យ​ស្នើសុំ​ជា​ថ្មី​ទៅ​អាជ្ញាធរ​ខេត្ត ដោយ​មាន​ប្រជាសហគមន៏​ជនជាតិ​ដើម​ភាគតិច​ជិត​២០០០​នាក់​ផ្តិត​មេ​ដៃ​គាំទ្រ ៕

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ខែត្រ​កំពត​បង្កើន​សកម្មភាព​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​តាកែន

ទាហាន​បន្ត​រុះរើ​ផ្ទះ​អ្នកស្រុក​នៅ​ភូមិ​ជ័យសេនា ខេត្ត​កំពត

ផ្ទះ​អ្នកភូមិ​ជ័យសេនា​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត​ត្រូវ​ទាហាន​រុះរើ

ជន​រងគ្រោះ​ដោយសារ​ដី​ធ្លី​នៅ​កំពត​ត្អូញ​ត្អែរ​ពី​ការមិន​រក​យុត្តិធម៌

អាជ្ញាធរ​ខែត្រ​សៀមរាប​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី​ជូន​ពលរដ្ឋ

កិច្ចប្រជុំ​របស់​ជន​រងគ្រោះ​ដោយសារ​ការធ្វើ​សម្បទាន​ដី​ត្រូវ​គេ​រារាំង

មនុស្ស​៣​នាក់​បាត់​ខ្លួន​ក្រោយ​ការបង្ក្រាប​ករណី​ជម្លោះ​ដី​នៅ​កំពត

ជនជាតិ​ព្នង​នៅ​ឃុំ​ប៊ូស្រា​ខឹង​នឹង​អាជ្ញាធរ​ក្នុង​ការដោះស្រាយ​បញ្ហា​ដី​ធ្លី

ស្ត្រី​ម្នាក់​នៅ​ស្រុក​ឈូក ខែត្រ​កំពត ចោទ​ថា​ត្រូវ​ក្រុម​យោធា​វាយ

ពលរដ្ឋ​ជាង​៤០០​នាក់​តវ៉ា​រឿង​ដី​ធ្លី​ប្រឆាំង​នឹង​ទាហាន​នៅ​ខេត្ត​សៀមរាប