សមាជិកសភាសហគមន៍អឺរ៉ុប លោកស្រី សេស៊ីលីយ៉ា វិកស្ត្រម (Cecilia Wikstrom) បានសន្យាថា អ្នកស្រីនឹងដាក់ការជជែកស្ដីអំពីវិបត្តិដីធ្លីនៅប្រទេសកម្ពុជា នៅក្នុងសភាអឺរ៉ុប និងជំរុញឲ្យមានការដាក់សម្ពាធទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុប និងកម្ពុជា នៅពេលដែលលោកស្រីវិលត្រឡប់ទៅវិញ ក្រោយពីដំណើរទស្សនកិច្ចនាប៉ុន្មានថ្ងៃនេះនៅកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃសុក្រ ទី២០ ខែឧសភា លោកស្រីសមាជិកសភាអឺរ៉ុប សេស៊ីលីយ៉ា វិកស្រ្តម បានហៅកម្មវិធី អ៊ី.ប៊ី.អេ (EBA= Everything but Arms Initiative) របស់សហគមន៍អឺរ៉ុប ដែលសំដៅទៅលើការបង្កើនការនាំចេញផលិតផលពីកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុបថា កំពុងតែដើរលើផ្លូវខុស ដោយសារតែកម្មវិធីនោះបានផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនទៅដល់ក្រុមហ៊ុនវិនិយោគ ដូចជាក្រុមហ៊ុនស្ករ-ស ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុននោះមិនបានជួយបម្រើ ឬលុបបំបាត់នូវភាពក្រីក្រនោះទេនៅលើការវិនិយោគលើទឹកភ្នែករបស់ប្រជាពលរដ្ឋ។
លោកស្រីមានប្រសាសន៍បន្ថែមថា ៖ "ខ្ញុំសូមបន្ទោសទៅលើអាជ្ញាធរដែលអនុញ្ញាតឲ្យមានបញ្ហានេះកើតឡើង គឺអាជ្ញាធរ និងរដ្ឋាភិបាលនៃប្រទេសនេះដែលបណ្ដាលឲ្យមានដីសម្បទានសេដ្ឋកិច្ចក្នុងរយៈពេល ៩៩ឆ្នាំ។ នេះគឺជារឿងធ្ងន់ធ្ងរដែលត្រូវមានការដោះស្រាយ"។
ការបន្ទោសរបស់លោកស្រីសមាជិកសភាអឺរ៉ុបទៅលើរដ្ឋាភិបាលខ្មែរ បានធ្វើឡើងក្រោយពីលោកស្រីបានធ្វើដំណើរក្រៅផ្លូវការមកកាន់កម្ពុជា ដើម្បីស៊ើបអង្កេតបញ្ហាទាំងឡាយនៅក្នុងប្រទេសនេះ ដោយបានជួបជាមួយអ្នករងគ្រោះដោយសារវិបត្តិដីធ្លីនៅកោះកុង កំពង់ស្ពឺ នៅតំបន់បឹងកក់ និងនៅតំបន់ផ្សេងទៀត ដែលបានរៀបរាប់ពីការឈឺចាប់នៃការរឹបអូសយកដីធ្លីនៅក្នុងកិច្ចសម្បទានសេដ្ឋកិច្ច។
តាមមាត្រាទី១៥ នៃបទបញ្ញត្តិស្ដីអំពីសិទ្ធិមនុស្សនៃកម្មវិធី អ៊ី.ប៊ី.អេ លោកស្រីនឹងទទូចឲ្យមានការដាក់សម្ពាធផ្នែកប្រព័ន្ធអនុគ្រោះពន្ធលើវិស័យផលិតផលកសិកម្មរបស់កម្ពុជា ដែលមានចំនួនប្រហែល ១០% នៅសហភាពអឺរ៉ុប ឬការមិនឲ្យផលិតផលកសិកម្មនៃប្រទេសនេះនាំចូលទៅអឺរ៉ុបជាដើម។ លោកស្រីបានទាមទារឲ្យរដ្ឋាភិបាលខ្មែរផ្អាកផលិតកម្មធ្វើស្ករអំពៅ ដោយផ្អែកលើមូលដ្ឋានរំលោភសិទ្ធិមនុស្សដែលក្រុមហ៊ុនផលិតស្ករសបានធ្វើទៅលើអ្នកស្រុកក្រីក្រ។
លោកស្រី សេស៊ីលីយ៉ា វិកស្រ្តម មានប្រសាសន៍ដូច្នេះ ៖ "ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលដែលទទួលបានការជ្រើសតាំងពីពលរដ្ឋ មិនមែនត្រូវគេជ្រើសតាំងដើម្បីប្រើប្រជាពលរដ្ឋ ឬត្រួតប្រជាពលរដ្ឋនោះទេ ប៉ុន្តែគេជ្រើសតាំងដើម្បីនិយាយ និងធ្វើការឲ្យប្រជាពលរដ្ឋ"។
មន្ត្រីអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា ការទទូចទាមទាររបស់សមាជិកសភាអឺរ៉ុបនោះ គឺជាទស្សនៈផ្ទាល់ខ្លួនក្រៅផ្លូវការ ហើយការទាមទារនោះកំពុងធ្វើឡើងដោយការអូសទាញរបស់មន្ត្រីគណបក្សប្រឆាំងប៉ុណ្ណោះ។ ផ្ទុយមកវិញ រដ្ឋាភិបាលខ្មែរមានកាតព្វកិច្ចគិតគូរអំពីប្រជាពលរដ្ឋខ្មែរច្រើនជាងលោកស្រីទៅទៀត។
របាយការណ៍របស់អង្គការសហប្រជាជាតិស្ដីអំពីដីសម្បទាននៅប្រទេសកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមដីធ្លីប្រើប្រាស់ចំនួនជាង ១៤% កាលពីឆ្នាំ២០០៦ កន្លងទៅ ការផ្ដល់ដីសម្បទានមានចំនួនដល់ទៅ ៥% ទៅហើយ។ ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលលើដីធ្លីរបស់ខ្លួនដែលពីមុនរកចំណូលបានជាង ១ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់ថ្លៃមកត្រឹម ៥.០០០រៀល ទៅ ១.០០០រៀលប៉ុណ្ណោះ ដោយធ្វើជាអ្នកស៊ីឈ្នួលដាំដុះនៅក្នុងក្រុមហ៊ុនវិនិយោគដីសម្បទាននោះ នៅគ្រាដែលដីធ្លីពួកគាត់ត្រូវគេរឹបអូសយក៕