ប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងសហគមន៍ការពារព្រៃឈើនៅតាមបណ្ដាខេត្តមួយចំនួន បានស្វាគមន៍វិធានការរបស់រដ្ឋាភិបាលដែលបានសម្រេចផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងពិនិត្យឡើងវិញនូវសកម្មភាពរបស់ក្រុមហ៊ុនមួយចំនួន ដែលរដ្ឋាភិបាល បានផ្ដល់ដីសម្បទានឲ្យរួចហើយ។
ថ្វីត្បិតតែសេចក្ដីសម្រេចនេះទទួលបានការគាំទ្រជាច្រើនក៏ដោយ ប៉ុន្តែសហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្ស និងប្រជាសហគមន៍ព្រៃឈើមួយចំនួន បានសំណូមឲ្យលោក ហ៊ុន សែន ចាត់វិធានការបន្ថែមទៀត ដើម្បីធានាដល់ក្រុមហ៊ុនដែលបានរំលោភកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចថា នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំណែកជនរងគ្រោះនៃការរំលោភយកដី នឹងទទួលបានដីធ្លីរបស់ពួកគេវិញ។
សេចក្ដីថ្លែងការណ៍របស់ប្រតិភូតំណាងសហភាពអឺរ៉ុប នៅថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១២ បានស្នើសុំឲ្យរដ្ឋាភិបាល ប្រើប្រាស់ពេលវេលាសមស្របសម្រាប់ការពិនិត្យសើរើឡើងវិញ ចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
សហភាពអឺរ៉ុបបញ្ជាក់ថា បញ្ហាដីធ្លីជាបញ្ហាស្មុគស្មាញ ទាមទារឲ្យមានការសិក្សារយៈពេលវែង ដើម្បីធានាថា ពលរដ្ឋក្រីក្រនឹងត្រូវបានទទួលការការពារពីការរំលោភផ្សេងៗ ប្រសិនបង្កឡើងដោយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងមានការធានាមួយច្បាស់ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នឹងគោរពនីតិវិធីនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
សហភាពអឺរ៉ុបបានសន្យាថា នឹងផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលដើម្បីធ្វើកំណែទម្រង់ដីធ្លីដែលមានការការពារសិទ្ធិពលរដ្ឋ បរិស្ថាន និងការរីកចំរើនសេដ្ឋកិច្ច។
រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១១ បានផ្ដល់ដីសម្បទានប្រមាណ ៨សែនហិកតារទៅឲ្យក្រុមហ៊ុនដែលមានបណ្ដាញធំៗ ជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល។ ទំហំផ្ទៃដីសម្បទាននេះ គឺស្មើប្រមាណ ៥ភាគរយនៃផ្ទៃដីសរុបនៅកម្ពុជា។ នៅ ៥ខែដើមឆ្នាំ២០១២ នេះ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុនឯកជនប្រមាណ ៣សែនហិកតារថែមទៀត។
បទបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងចំពេលដែលអ្នករាយការណ៍ពិសេសពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការពិត ជុំវិញបញ្ហាដីសម្បទានសេដ្ឋកិច្ច និងផលប៉ះពាល់នៃការផ្ដល់សម្បទានសេដ្ឋកិច្ច។
នៅដើមសប្ដាហ៍នេះ លោក សុរិយា បានសំដែងក្តីកង្វល់នៅពេលបានទៅជួបពលរដ្ឋដែលប៉ះពាល់ដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានស្វាគមន៍វិធានការរបស់រដ្ឋាភិបាល ប៉ុន្តែបានស្នើសុំឲ្យចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនណាដែលបានរំលោភកិច្ចសន្យាដីសម្បទាន និងកាប់បំផ្លាញព្រៃឈើ។
តំណាងសហគមន៍ព្រៃឡង់ លោក ស៊ឹម សៀន នៅថ្ងៃពុធ ទី៩ ខែឧសភា បានស្វាគមន៍ចំណាត់ការរបស់រដ្ឋាភិបាល ប៉ុន្តែលោកមិនទាន់សង្ឃឹមថា លោក ហ៊ុន សែន អាចអនុវត្តបទបញ្ជារបស់លោកបានទេ៖ «កន្លងមកគាត់សន្យាថា ប្រសិនបើគាត់ការពារព្រៃឈើមិនបាន គាត់មានប្រសាសន៍ថា គាត់ហ៊ានធានាដាក់ជីវិត ប៉ុន្តែក្រោយពីការធានា ការកាប់ព្រៃឈើនៅដដែល»។
សេចក្ដីថ្លែងការណ៍របស់បណ្ដាញសហគមន៍ចំនួន ១៦ ទូទាំងកម្ពុជា ទាមទារឲ្យ រដ្ឋាភិបាលបញ្ឈប់ការផ្ដល់ដីសម្បទានក្នុងតំបន់ព្រៃស្រោង ដែលប្រជាសហគមន៍កំពុងអាស្រ័យផល ដូចជាតំបន់ព្រៃឡង់ តំបន់ឱរ៉ាល់ សហគមន៍ព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច និងឧទ្យានជាតិជាដើម។ សហគមន៍ក៏ទាមទារឲ្យរដ្ឋាភិបាលបង្ខំមន្ត្រីពាក់ព័ន្ធ និងម្ចាស់សម្បទានដែលបានរំលោភដីធ្លីពលរដ្ឋ និងព្រៃឈើ ត្រូវផ្ដល់ទៅឲ្យពលរដ្ឋកាន់កាប់ និងប្រើប្រាស់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
