ពលរដ្ឋ​តំបន់​ដី​ក្រហម​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​តំបន់​ដី​ក្រហម​ប្រមាណ​៦០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១១៦​គ្រួសារ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន 7NG ឈូស​កម្ទេច​ផ្ទះ​សម្បែង​និង​បណ្តេញ​ឲ្យ​គាត់​ចេញ​ដោយ​បង្ខំ​បាន​នាំ​គ្នា​ទៅ​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​នៅ​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​២៩ មករា​នេះ។

0:00 / 0:00

បុរស​ឈ្មោះ សំ នី តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើការ​តវ៉ា​មាន​ប្រសាសន៍​ថា ពួក​គាត់​សម្រេច​ចិត្ត​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ព្រោះ​គាត់​យល់​ឃើញ​ថា​គឺ​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែល​អាច​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​បាន។

លោក សំ នី បាន​ឲ្យ​ដឹង​ថា ៖ «គោលដៅ​មាន​តែ​មួយ​គត់ ថ្ងៃ​នេះ​ពួក​ខ្ញុំ​មក​ដល់​ផ្ទះ​សម្ដេច​តែម្ដង​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ឃើញ។ ខ្ញុំ​ជឿជាក់​ថា​យុត្តិធម៌​នេះ​ត្រូវតែ​មាន​មក​លើ​ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​នៅ​ក្នុង​តំបន់​ដី​ក្រហម​ដោយសារ​សម្ដេច​ជួយ​ជំរុញ»

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​គឺ​អ្នកស្រី ចាន់ ផូ បន្ថែម ៖ «វា​បាញ់​ដូច​ជា​ផ្សែង ដូច​ជា​កូន​ខ្ញុំ ចៅ​ខ្ញុំ ឥឡូវ​ជាំ​មុខ​អស់​ហើយ ក្អក​ធ្លាក់​ចេញ​ឈាម​ទៀត។ ខ្ញុំ​សូម​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​តេជោ​ជួយ​ខ្ញុំ​ផង ខ្ញុំ​គ្មាន​ពឹង​អ្នក​ណា​ទេ ពឹង​តែ​សម្ដេច​មួយ​ទេ»

គួរ​កត់សម្គាល់​ថា នៅ​វេលា​ម៉ោង​២:៤៥​នាទី មន្ត្រី​នៃ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​មក​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ​២​នាក់​ឲ្យ​ចូល​ខុទ្ទកាល័យ​និង​ទទួល​ញត្តិ​តវ៉ា​របស់​ប្រជាពលរដ្ឋ ដោយ​សន្យា​ថា​នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​ដល់​ដៃ​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​បាន​ឆាប់​បំផុត។

ខ្លឹមសារ​នៃ​ញត្តិ​តវ៉ា​គឺ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ឲ្យ​ក្រុមហ៊ុន 7NG ផ្តល់​សំណង​ជា​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ។

លោក ហន ស តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ចូល​ទៅ​ប្រគល់​ញត្តិ​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពី​លទ្ធផល​នៃ​ជំនួប​នោះ​ថា ៖ «ខាង​អ្នក​ទទួល​ឯកសារ​របស់​សម្ដេច​លោក​បាន​ទទួល​យក​ហើយ​មិញ​នេះ ហើយ​គាត់​ថា​យ៉ាង​ម៉េចៗ​ពេល​ដែល​បាន​ខ្លឹមសារ​សម្ដេច​អន្តរាគមន៍​យ៉ាង​ម៉េចៗ​គាត់​នឹង​ជូន​ព័ត៌មាន​ដល់​យើង​ខ្ញុំ។ គាត់​ប្រាប់​មក​តំណាង​ខ្ញុំ​ទាំង​ពីរ​នាក់​ថា​នឹង​រង់ចាំ​ហើយ​គាត់​នឹង​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់ៗ»

ប្រធាន​ក្រុមហ៊ុន 7NG លោកស្រី សុធា និង​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា គោលការណ៍​របស់​ក្រុមហ៊ុន​គឺ​ពុំ​ផ្តល់​សំណង​ជា​ប្រាក់​ទៀត​ទេ​តែ​ផ្តល់​សំណង​ជា​ដី​និង​ផ្ទះ​នៅ​ឯ​បូរី​សន្តិភាព​២​ក្នុង​ខណ្ឌ​ដង្កោ ហើយ​ឱសានវាទ​នៃ​ការផ្តល់​សំណង​គឺ​ដំណាច់​ខែ​មករា​នេះ។

លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា ៖ «នេះ​ជា​គោលការណ៍​ដែល​អត់​មាន​ងាក​រេ​ទៅ​ណា​ទេ ដូច​ប្អូន​សួរ​មិញ​ថា ចុះ​២​ម៉ឺន? ២​ម៉ឺន​ហ្នឹង​គឺ​នៅ​ក្នុង​ដំណាក់កាល​ដែល​យើង​ជជែក​គ្នា​រក​ផ្លូវ​កណ្ដាល​ហ្នុង​ឯង ក៏​ប៉ុន្តែ​រក​វា​មិន​ចេញ រក​ទៅ​វា​អត់​ឃើញ»

គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​លោក​នាយក​រដ្ឋមន្ត្រី​សម្រេច​យ៉ាង​ណា​ចំពោះ​ការទាមទារ​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ចាត់ទុក​ការផ្តល់​សំណង​ដោយ​បង្ខំ​គឺ​ជា​ការរំលោភ​ច្បាប់​និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៕