ពលរដ្ឋ​មក​ពី​៧​សហគមន៍​រំឭក​ខួប​នៃ​ការ​បណ្ដេញ​ចេញ

ប្រជាពលរដ្ឋ​​មក​ពី ៧​សហគមន៍​ផ្សេងៗ​គ្នា​ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយសារ​ការ​អភិវឌ្ឍ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​តំបន់​សហគមន៍​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១២ ដើម្បី​រំឭក​ខួប ៣​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ។

0:00 / 0:00

ក្រោយ​ពី​ថ្លែង​សាទុក្ខ​ស្ដីពី​ប្រវត្តិ​ជូរចត់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ​ក្រុង និង​សន្តិសុខ​ក្រុមហ៊ុន​មក​លើ​ប្រជាពលរដ្ឋ​នោះ ពួកគាត់​ប្រមាណ ៣០០​នាក់ បាន​រួម​គ្នា​កាន់​បដា​ដើរ​ជា​ក្បួន និង​យក​ញត្តិ​របស់​សហគមន៍​ចំនួន​បី​ទៅ​ជូន​រដ្ឋ​សភា​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​បញ្ឈប់​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​បន្ត​ទៀត។

គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា បាន​ទទួល​ញត្តិ​ចំនួន​បី​ពី​អតីត​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ដូច​ជា​ដី​ក្រហម បឹង​កក់ និង​បុរីកីឡា ហើយ​បាន​បញ្ជូន​ទៅ​សាលាក្រុង​ភ្នំពេញ ដោះស្រាយ​រឿង​នេះ។

ប្រជា​សហគមន៍​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​នៅ​ថ្ងៃ​អង្គារ ទី​២៤ មករា ទើប​មាន​ការ​ទទួល​ញត្តិ​ពី​ពួក​គាត់ បន្ទាប់​ពី​ប្រជា​សហគមន៍​ប្រមាណ​ជាង ៣០០​នាក់ ភាគ​ច្រើន​ជា​ស្ត្រី បាន​ព្រមាន​ដោះ​សម្លៀក​បំពាក់​ចេញ​ពី​ខ្លួន​នៅ​មុខ​រដ្ឋ​សភា​នោះ។

ញត្តិ​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា បាន​ទាមទារ​ចំនួន ៣​ចំណុច​ជា​សំខាន់។ ទី​មួយ​សុំ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អាគារ​ស្នាក់​នៅ​ចំនួន ២​ថែម​ទៀត ដើម្បី​គោរព​ទៅ​តាម​ពាក្យ​សន្យា​របស់​ក្រុមហ៊ុន។ ទី​២ សូម​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ ៧​នាក់ ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្នុង​រឿង​ជម្លោះ​ដីធ្លី និង​ទី​៣ សុំ​ឲ្យ​ក្រុមហ៊ុន​សង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ ផ្ទះ​សម្បែង ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ឈូស​បំផ្លាញ​កាល​ពី​ថ្ងៃ​៣ មករា កន្លង​ទៅ។

សម្រាប់​សហគមន៍​ផ្សេង​ទៀត បាន​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​ឲ្យ​ទៅ​នៅ​តំបន់​ដាច់​ស្រយាល ដែល​ពួកគាត់ និង​អ្នក​ដទៃ​ទៀត​មិន​អាច​រស់​នៅ​បាន។

មន្ត្រី​សន្តិសុខ​ប្រចាំ​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ ទី​២៥ ពុំ​មាន​អ្នក​តំណាងរាស្ត្រ​ធ្វើ​ការ​ទេ ប៉ុន្តែ​មាន​មន្ត្រី​រដ្ឋបាល​ផ្នែក​នីមួយៗ​ប្រចាំការ​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ។

នៅ​ម៉ោង​ប្រមាណ​ជាង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ដដែល​នោះ ប្រជាពលរដ្ឋ​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​រដ្ឋ​សភា ឆ្លើយ​តប​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​បុរី​កីឡា និង​បញ្ជូន​សំណើ​នោះ​ទៅ​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ដើម្បី​ពិនិត្យ និង​ជា​មូលដ្ឋាន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ​វិញ។ លិខិត​នោះ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក វ៉ាន់ សេងលី ប្រធាន​ស្ដីទី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង​របស់​រដ្ឋ​សភា។

លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ លោក​បាន​តាម​ឃ្លាំមើល​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជុំវិញ​បញ្ហា​ពួក​គាត់​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ និង​ឈូស​បំផ្លាញ​ផ្ទះ​ពួក​គាត់​ចោល​នោះ បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​គាត់​បាន​ត្រឹមត្រូវ និង​ស្រប​ច្បាប់។ ដូច្នេះ​លោក​ក៏​ចង់​ឃើញ​រដ្ឋាភិបាល និង​រដ្ឋ​សភា ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ទទួល​បាន​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ​​ ត្រូវ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​តាម​តួនាទី​ភារកិច្ច​ឲ្យ​បាន​ពេញលេញ ជា​ពិសេស​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​មាន​ទុក្ខ។

លោក សៀ ភារម្យ នាយក​អង្គការ​សិទ្ធិ​លំនៅឋាន បាន​បង្ហាញ​របាយការណ៍​អង្កេត​មួយ​ស្ដីពី​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច និង​ការងារ​ដោយសារ​ការ​បណ្ដេញ​ចេញ​កន្លង​មក។

លោក​បញ្ជាក់​ថា នៅ​ពេល​មិន​ទាន់​មាន​ការ​បណ្ដេញ​ចេញ សហគមន៍​របស់​ពួក​គាត់​នីមួយៗ​អត់​ការងារ​ធ្វើ​ចំនួន​ជាង ១៨% ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​បណ្ដេញ​ចេញ កំណើន​អត់​ការងារ​ធ្វើ​បាន​កើន​ឡើង​ជាង ៣០%។

អ្នក​ភូមិ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​មាន​សង្ឃឹម​តិចតួច​ណាស់ ចំពោះ​កិច្ច​អន្តរាគមន៍​របស់​រដ្ឋ​សភា​ទៅ​អាជ្ញាធរ​ក្រុង​នោះ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​អាច​ជា​សារ​មួយ​សម្រាប់​ពួក​គាត់​សម្រេច​ចិត្ត​នៅ​ពេល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ទៀត។

របាយការណ៍​បណ្ដោះ​អាសន្ន​ពី​អង្គការ​សិទ្ធិ​លំនៅឋាន បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣.០០០​គ្រួសារ ត្រូវ​គេ​ជម្លៀស​ចេញ​ពី​ទីក្រុង​ឲ្យ​ទៅ​នៅ​ជាយ​ក្រុង ហើយ​បច្ចុប្បន្ន​ពួក​គាត់​កំពុង​ប្រឈម​មុខ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បញ្ហា​ជម្រក​រស់​នៅ និង​មាន​ជីវភាព​ដុនដាប​ខ្លាំង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។