ព្រះរាជសាររបស់ព្រះមហាវីរក្សត្របានធ្វើឡើងបន្ទាប់ពីប្រាសាទព្រះវិហារខ្មែរត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំរបស់ខ្លួននាទីក្រុងកេបិច ប្រទេសកាណាដា ដែលត្រូវនឹងព្រឹកព្រលឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៨ ម៉ោងនៅប្រទេសកម្ពុជាកន្លងទៅនេះ ។
ការដាក់បញ្ចូលប្រាសាទខ្មែរដែលមានទីតាំងនៅក្បែរព្រំដែនប្រទេសថៃជាបេតិកភណ្ឌពិភពលោកនោះ ក៏ស្ថិតក្នុងបញ្ហាចម្រូងចម្រាសជាច្រើនជាមួយនឹងប្រទេសជិតខាងនេះដែរ ដែលកាលពីពេលថ្មីៗនេះរហូតមកទល់នឹងបច្ចុប្បន្នមានការប្រឆាំងតវ៉ារបស់អ្នកនយោបាយប្រឆាំង និងប្រជាជនថៃខ្លះកុំឲ្យរដ្ឋាភិបាលរបស់ខ្លួនគាំទ្របញ្ហានេះ ហើយមានក្រុមខ្លះបានប្រឆាំងតវ៉ាទាមទារថាប្រាសាទព្រះវិហារជារបស់ថៃទៀតផង ។
ព្រះមហាវីរក្សត្របានមានព្រះរាជឱង្ការក្នុងព្រះរាជសារថា ព្រះអង្គមានការសោកស្តាយដែលមានប្រជារាស្ត្រថៃខ្លះដែលយកបញ្ហាប្រាសាទព្រះវិហារមកបង្ករឿងជាមួយនឹងប្រជារាស្ត្រខ្មែរ ហើយព្រះអង្គក៏សុំឲ្យប្រជារាស្រ្តថៃនិងប្រជារាស្រ្តខ្មែរ ខិតខំកសាងមិត្តភាពនិងសហប្រតិបត្តិការជាជាងការយកបញ្ហាប្រាសាទព្រះវិហារមកបង្កជាអរិភាពនឹងគ្នានោះ ។
នៅក្នុងព្រះរាជសារដែលបានផ្សព្វផ្សាយនៅថ្ងៃនេះតាមអ៊ីម៉េលដែលវិទ្យុអាស៊ីសេរីទទួលបាន ហើយមានការបកប្រែក្រៅផ្លូវការនោះ ព្រះមហាវីរក្សត្របានរំឮកថា ប្រាសាទព្រះវិហារដែលបានកសាងឡើងនៅមុនសតវត្សរ៍ទី១០ និងទី១១ ក្នុងសម័យចក្រភពខ្មែរដែលពេលនោះមិនមានបញ្ហាអ្វីទេដោយសារតែពេលនោះដីខ្មែរមានវិសាលភាពទូលំទូលាយ ។ នៅក្នុងព្រះរាជសារនោះព្រះអង្គក៏បានសម្តែងភាពកតញ្ញូផងដែរដល់តុលាការយុត្តិធម៌ក្រុងឡាអេ ដែលបានកាត់សេចក្តីផ្តល់យុត្តិធម៌ដល់ខ្មែរអំពីប្រាសាទព្រះវិហារនោះ ។
នៅពេលនេះការប្រឆាំងនឹងរដ្ឋាភិបាលក្រុងបាងកកបានកើនឡើងដែលទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារនេះ ប៉ុន្តែមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ គឺលោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថារហូតមកទល់ពេលនេះមិនមានបញ្ហាណាមួយកើតឡើងទាក់ទងទៅនឹងចំណងមិត្តភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរនោះទេ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «អត់មានបញ្ហាអ្វីទាំងអស់ ពីព្រោះបញ្ហាព្រះវិហារជារឿងរបស់គណបក្សប្រឆាំងទេ អ៊ីចឹងរវាងរដ្ឋាភិបាលតែម្ដងដូចអត់មានបញ្ហាអីទេ» ។
ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសកម្ពុជាវិញ ថ្វីត្បិតតែមានការអបអរសាទរក្នុងការសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះក៏ដោយ ប៉ុន្តែក៏បានទទូចផងដែរដល់រដ្ឋាភិបាលឲ្យមានការប្រកាសជាសាធារណៈនូវឯកសារនិងភស្តុតាងនានា និងការសន្យាថាបញ្ហាទាំងអស់នោះនឹងមិនធ្វើឲ្យមានការខាតបង់ទឹកដីឡើយ ៕
