ព្រះ​មហាវីរក្សត្រ​សុំ​ឲ្យ​រាស្ត្រ​ថៃ​និង​ខ្មែរ​រក្សា​មិត្តភាព​នឹង​គ្នា

ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​នៅ​ថ្ងៃ​នេះ​ដោយ​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ខ្មែរ​រក្សា​មិត្តភាព​ប្រទេស​ជិត​ខាង ដោយ​កុំ​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ធ្វើ​ជា​ជម្លោះ​រវាង​ប្រជាជាតិ​ទាំង​ពីរ ។

ព្រះរាជ​សារ​របស់​ព្រះ​មហាវីរក្សត្រ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​នា​ទីក្រុង​កេបិច ប្រទេស​កាណាដា ដែល​ត្រូវ​នឹង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០០៨ ម៉ោង​នៅ​ប្រទេស​កម្ពុជា​កន្លង​ទៅ​នេះ ។

ការដាក់​បញ្ចូល​ប្រាសាទ​ខ្មែរ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ ក៏​ស្ថិត​ក្នុង​បញ្ហា​ចម្រូង​ចម្រាស​ជា​ច្រើន​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​នេះ​ដែរ ដែល​កាលពី​ពេល​ថ្មីៗ​នេះ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​មាន​ការប្រឆាំង​តវ៉ា​របស់​អ្នក​នយោបាយ​ប្រឆាំង និង​ប្រជាជន​ថៃ​ខ្លះ​កុំ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​គាំទ្រ​បញ្ហា​នេះ ហើយ​មាន​ក្រុម​ខ្លះ​បាន​ប្រឆាំង​តវ៉ា​ទាមទារ​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ​ទៀត​ផង ។

ព្រះ​មហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​ក្នុង​ព្រះរាជ​សារ​ថា ព្រះអង្គ​មាន​ការសោកស្តាយ​ដែល​មាន​ប្រជារាស្ត្រ​ថៃ​ខ្លះ​ដែល​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​រឿង​ជាមួយ​នឹង​ប្រជារាស្ត្រ​ខ្មែរ ហើយ​ព្រះអង្គ​ក៏​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ប្រជារាស្រ្ត​ខ្មែរ ខិតខំ​កសាង​មិត្តភាព​និង​សហ​ប្រតិបត្តិការ​ជាជាង​ការយក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​ជា​អរិភាព​នឹង​គ្នា​នោះ ។

នៅ​ក្នុង​ព្រះរាជ​សារ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​តាម​អ៊ីម៉េល​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន ហើយ​មាន​ការបកប្រែ​ក្រៅ​ផ្លូវការ​នោះ ព្រះ​មហាវីរក្សត្រ​បាន​រំឮក​ថា ប្រាសាទ​ព្រះវិហារ​ដែល​បាន​កសាង​ឡើង​នៅ​មុន​សតវត្សរ៍​ទី​១០ និង​ទី​១១ ក្នុង​សម័យ​ចក្រភព​ខ្មែរ​ដែល​ពេល​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ​ដោយសារ​តែ​ពេល​នោះ​ដី​ខ្មែរ​មាន​វិសាលភាព​ទូលំ​ទូលាយ ។ នៅ​ក្នុង​ព្រះរាជសារ​នោះ​ព្រះអង្គ​ក៏​បាន​សម្តែង​ភាព​កតញ្ញូ​ផងដែរ​ដល់​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ ដែល​បាន​កាត់​សេចក្តី​ផ្តល់​យុត្តិធម៌​ដល់​ខ្មែរ​អំពី​ប្រាសាទ​ព្រះវិហារ​នោះ ។

នៅ​ពេល​នេះ​ការប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​កើនឡើង​ដែល​ទាក់ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ​នេះ ប៉ុន្តែ​មន្រ្តី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ គឺ​លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​បញ្ហា​ណា​មួយ​កើតឡើង​ទាក់ទង​ទៅ​នឹង​ចំណង​មិត្តភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នោះ​ទេ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​មាន​បញ្ហា​អ្វី​ទាំងអស់ ពីព្រោះ​បញ្ហា​ព្រះវិហារ​ជា​រឿង​របស់​គណបក្ស​ប្រឆាំង​ទេ អ៊ីចឹង​រវាង​រដ្ឋាភិបាល​តែម្ដង​ដូច​អត់​មាន​បញ្ហា​អី​ទេ»

ទោះជា​យ៉ាងណា​ក៏ដោយ​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ថ្វីត្បិតតែ​មាន​ការអបអរ​សាទរ​ក្នុង​ការសម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ​ក៏ដោយ ប៉ុន្តែ​ក៏​បាន​ទទូច​ផងដែរ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការប្រកាស​ជា​សាធារណៈ​នូវ​ឯកសារ​និង​ភស្តុតាង​នានា និង​ការសន្យា​ថា​បញ្ហា​ទាំងអស់​នោះ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ការខាតបង់​ទឹក​ដី​ឡើយ ៕