សម្ដេច​ឪ​សព្វព្រះទ័យ​នឹង​គម្រោង​សង់​មន្ទីរពេទ្យ​នៅ​តំបន់ប្រាសាទ​ព្រះវិហារ

អតីត​ព្រះ​មហាក្សត្រ​ខែ្មរ ព្រះបាទ នរោត្តម សីហនុ ព្រះអង្គ​បាន​សព្វ​ព្រះទ័យ​យល់ព្រម​ឲ្យ​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខែ្មរ​សាងសង់​មន្ទីរពេទ្យ​ខា្នត​តូច​មួយ សម្រាប់​ថែរក្សា​ព្យាបាល​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​និង​ឆ្មាំ​ការពារ​ប្រាសាទ​ព្រះវិហារ​នា​ពេល​ខាង​មុខ​នេះ​ដោយ​មិន​យក​កម្រៃ​អ្វី​ឡើយ ។

0:00 / 0:00

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខែ្មរ​ដែល​បាន​ដឹកនាំ​ប្រតិភូ​ចំនួន​៨​រូប​ចូល​គាល់​អតីត​ព្រះមហាក្សត្រ​ខែ្មរ ព្រះបាទ នរោត្ដម សីហនុ កាលពី​ថៃ្ង​ពុធ នៅ​ឯ​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ​ថា ៖ «ថ្វាយ​ទត​នូវ​គំនូរ​ប្លង់​មន្ទីរ​សង្គ្រោះ​សុខភាព​ដែល​យើង​ខ្ញុំ​បាន​សុំ​ដាក់​ទៅ​អាជ្ញាធរ​ព្រះវិហារ​រួច​ហើយ ហើយ​ខ្ញុំ​បាន​ដំណឹង​តាម​ទូរស័ព្ទ លោក អង្គ សុទ្ធ ថា​លោក​បាន​ឯកភាព ។ យើង​ចង់​បង្ហាញ​អំពី​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​លោក​បាន​ទាមទារ​ខំ​តស៊ូ​ធ្វើ​ឲ្យ​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ឈ្នះ​នូវ​ឧបសគ្គ​ទាំងឡាយ​បាន​ចូល​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក​ផង»

លោក​បាន​ឲ្យ​ដឹង​ថា​គម្រោងការ​សាងសង់​មន្ទីរពេទ្យ​នោះ​នឹង​ចំណាយ​ទឹក​ប្រាក់​២​ម៉ឺន​ដុល្លារ​បាន​មក​ពី​សប្បុរសជន​នានា ។ លោក​មាន​គម្រោងការ​សាងសង់​មន្ទីរពេទ្យ​នោះ​ចំនួន​៥​បន្ទប់​សាងសង់​នៅ​ទីប្រជុំជន​ក្បែរ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ និង​មាន​គម្រោងការ​សុំ​កិច្ច​សហការ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ថ្នាំ​សង្កូវ​ឬ​ឱសថ ។

លោក មឿន សុន បាន​ឲ្យ​ដឹង​ថា​លោក​មាន​គម្រោងការ​ដឹកនាំ​ប្រតិភូ​ទៅ​ពិនិត្យ​កនែ្លង​សាងសង់​ក្នុង​ខេត្ត​ព្រះវិហារ​នោះ​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្ដម សីហនុ និង​អាជ្ញាធរ​ប្រាសាទ​ព្រះវិហារ​បាន​យល់ព្រម​ទៅ​លើ​គម្រោងការ​សាងសង់​នោះ ។

មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ទេ​ដើម្បី​សុំ​សេចក្តី​បញ្ជាក់​ពី លោក ហង្ស សុទ្ធ ជា​មន្រ្តី​របស់​អាជ្ញាធរ​ប្រាសាទ​ព្រះវិហារ​ជុំវិញ​គម្រោងការ​សាងសង់​ខាង​លើ ។

លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​កាលពី​ថៃ្ង​ទី​៨ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ​ថា ៖ «នេះ​ជា​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​មួយ​ក្នុង​ការបញ្ចូល​ប្រាសាទ​ព្រះវិហារ​យើង​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៀត​គឺ​ជា​ជោគជ័យ​របស់​អរិយធម៌​ខ្មែរ​យើង»

សូម​រំឮក​ថា​គណៈកម្មាធិការ​នៃ​បេតិភណ្ឌ​ពិភពលោក​នៃ​អង្គការ UNESCO បាន​សម្រេច​ជា​ឯកច្ឆន្ទ​កាលពី​ថៃ្ង​ទី​៧ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក ។

ផែ្អក​តាម​ឯកសារ​ស្រាវជ្រាវ​របស់​រាជបណ្ឌិត​សភា​កម្ពុជា​បាន​និយាយ​ថា ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ដែល​បាន​សាងសង់​ក្នុង​សតវត្សរ៍​ទី​១១ ត្រូវ​បាន​សាលក្រម​នៃ​តុលាការ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ទ្បាអេ​សម្រេច​ឲ្យ​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្តី​កាលពី​ថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ៕