អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបានបង្ខំប្រទេសថៃឲ្យប្រគល់ប្រាសាទព្រះវិហារមកកម្ពុជាវិញ តាមផ្លូវតុលាការអន្តរជាតិបានមានព្រះរាជឱង្ការតាមរយៈមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ នៅថ្ងៃនេះថាលទ្ធផលជោគជ័យថ្ងៃដាក់បញ្ចូលគឺជាប់ទាក់ទងនឹងថ្ងៃដែលតុលាការក្រុងឡាអេ កាត់ក្តីឲ្យថៃប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញ ។
លោក អ៊ុំ ដារាវុធ បានមានប្រសាសន៍ថា ៖ «លោកបានបញ្ជាក់ច្បាស់ណាស់ថា បើសិនជាគ្មានថ្ងៃទី១៥ មិថុនា ១៩៦២ ទេ ក៏គ្មានថ្ងៃទី៧ កក្កដា ២០០៨ ដែរ» ។
អតីតព្រះមហាក្សត្រខ្មែរបានមានព្រះរាជឱង្ការថា ក្នុងព្រះរាជជីវិតព្រះអង្គព្រឹត្តិការណ៍ធំ៣ដែលព្រះអង្គតែងចាំមិនភ្លេច គឺមួយនៅឆ្នាំ១៩៤៧ ដែលប្រទេសថៃបានសងមកកម្ពុជាវិញនូវខេត្តមួយចំនួនដូចជា សៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និងព្រឹត្តិការណ៍ធំ ទី២ គឺនៅឆ្នាំ១៩៥៣ ដែលខ្មែរបានទទួលឯករាជ្យពីប្រទេសបារាំង និងព្រឹត្តិការណ៍ទី៣ គឺជាថ្ងៃដែលខ្មែរឈ្នះក្តីរឿងប្រាសាទព្រះវិហារជាមួយប្រទេសថៃនៅឆ្នាំ១៩៦២ ៕
