អតីត​ព្រះ​មហាក្សត្រ​មិន​ចង់​មាន​ព្រះជន្ម​រស់​នៅ​យូរ​អង្វែង

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម​៨៧​ព្រះ​វស្សា ដែល​កំពុង​គង់​ព្យាបាល​ព្រះ​កាយ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ទ្រង់​មាន​បន្ទូល​ថា ព្រះអង្គ​ចង់​សុគត​ឆាប់ៗ មិន​ចង់​មាន​ព្រះជន្ម​រស់​នៅ​យូរ​ទេ។

ក្នុង​លិខិត​ចារ​ដោយ​ផ្ទាល់​ព្រះហស្ត​ព្រះអង្គ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ិបសាយថ៍ សម្តេច​ព្រះ​នរោត្តម សីហនុ ទ្រង់​បាន​ចារ​បន្ថែម​ថា ព្រះ​បិតា​ព្រះអង្គ ព្រះបាទ សុរាម្រិត ទ្រង់​សុគត​ក្នុង​ព្រះ​ជន្ម​៦៤​វស្សា ហើយ​ព្រះបាទ ស៊ីសុវត្ថិ ដែល​ជា​ជីតាទួត​ខាង​ព្រះ​មាតា​ព្រះអង្គ ទ្រង់​សុគត​ពេល​មាន​ព្រះជន្ម​៨៣​ព្រះ​វស្សា។

ព្រះ​រាជ​លិខិត​ចុះ​ថ្ងៃ​២ ខែ​តុលា របស់​សម្តេច​ព្រះ​នរោត្តម សីហនុ បន្ត​ថា ព្រះអង្គ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ជន​រួម​ជាតិ​ខ្មែរ​ដែល​បាន​ជូន​ពរ​ព្រះ​អង្គ​ឲ្យ​មាន​ព្រះ​ជន្ម​យឺន​យូរ​រហូត​ជាង​១០០​ឆ្នាំ ប៉ុន្តែ​ចំពោះ​ព្រះ​អង្គ​ផ្ទាល់ ដោយ​ពិត​ទៅ​ព្រះអង្គ​ចង់​សុគត​ឲ្យ​បាន​ឆាប់ៗ ពីព្រោះ​ការ​ដែល​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​នៅ​យូរ​អង្វែង​នេះ គឺ​ជា​ការ​ទ្រាំទ្រ​ជួប​បញ្ហា​និង​ការ​ឈឺ​ចាប់​យ៉ាង​ច្រើន​ដែល​ជា​ទម្ងន់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ព្រះអង្គ​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ។

សូម​ជម្រាប​ជូន​ថា អតីត​ព្រះ​មហាក្សត្រ ព្រះអង្គ​មាន​ព្រះ​រោគា​ពាធ​ជា​ច្រើន ដូច​ជា​ជំងឺ​មហារីក ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម៕