ក្នុងលិខិតចារដោយផ្ទាល់ព្រះហស្តព្រះអង្គដែលបានចុះផ្សាយក្នុងទំព័រវ៉ិបសាយថ៍ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានចារបន្ថែមថា ព្រះបិតាព្រះអង្គ ព្រះបាទ សុរាម្រិត ទ្រង់សុគតក្នុងព្រះជន្ម៦៤វស្សា ហើយព្រះបាទ ស៊ីសុវត្ថិ ដែលជាជីតាទួតខាងព្រះមាតាព្រះអង្គ ទ្រង់សុគតពេលមានព្រះជន្ម៨៣ព្រះវស្សា។
ព្រះរាជលិខិតចុះថ្ងៃ២ ខែតុលា របស់សម្តេចព្រះនរោត្តម សីហនុ បន្តថា ព្រះអង្គសូមថ្លែងអំណរគុណចំពោះជនរួមជាតិខ្មែរដែលបានជូនពរព្រះអង្គឲ្យមានព្រះជន្មយឺនយូររហូតជាង១០០ឆ្នាំ ប៉ុន្តែចំពោះព្រះអង្គផ្ទាល់ ដោយពិតទៅព្រះអង្គចង់សុគតឲ្យបានឆាប់ៗ ពីព្រោះការដែលព្រះអង្គមានព្រះជន្មរស់នៅយូរអង្វែងនេះ គឺជាការទ្រាំទ្រជួបបញ្ហានិងការឈឺចាប់យ៉ាងច្រើនដែលជាទម្ងន់ដ៏ធ្ងន់ធ្ងរសម្រាប់ព្រះអង្គមិនអាចទ្រាំទ្របានឡើយ។
សូមជម្រាបជូនថា អតីតព្រះមហាក្សត្រ ព្រះអង្គមានព្រះរោគាពាធជាច្រើន ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម៕
