អតីត​មេ​ទ័ព​ខ្មែរ​ក្រហម​ប្រកាស​គាំទ្រ​ថ្ងៃ​៧​មករា

អតីត​មេ​ទ័ព​ខ្មែរ​ក្រហម លោក អ៊ី ឈាន បាន​ប្រកាស​គាំទ្រ​ថ្ងៃ​៧​មករា អស់​ពី​ចិត្ត​ថ្លើម ដោយ​លោក​សំអាង​ថា ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ជា​កំណើត​ទី​២​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​អតីត​មេ​ទ័ព​ខ្មែរ​ក្រហម​ដែល​ធ្លាប់​ប្រឆាំង​កង​ទ័ព​រដ្ឋាភិបាល​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​កាល​ណោះ​គាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ប្រកាស​ជា​លើក​ដំបូង​ថា លោក​គាំទ្រ​ថ្ងៃ​៧​មករា អស់​ពី​ចិត្ត​ពី​ថ្លើម ដោយ​លោក​សំអាង​ថា ថ្ងៃ​៧​មករា ជា​កំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្រ្គាម។

ជាមួយ​នឹង​ការ​ប្រកាស​គាំទ្រ​ថ្ងៃ​៧​មករា អតីត​មេ​ទ័ព​ខ្មែរ​ក្រហម​រូប​នេះ​បាន​ស្តី​បន្ទោស​ប្រជាពលរដ្ឋ​ណា​ដែល​មិន​គាំទ្រ​របប ៧​មករា គឺ​មិន​មែន​ជា​ពលរដ្ឋ​ខ្មែរ​ទេ។

លោក អ៊ី ឈាន បាន​ថ្លែង​ថា ៖ «អ៊ីចឹង​បាន​យើង​ត្រូវ​មាន​មោទនភាព​របស់​យើង ថ្ងៃ​៧​មករា។ ដូច​គេ​លើក​ឡើង​ថា ប្រឆាំង​នឹង​៧​មករា មាន​ប្រឆាំង! កាសែត​ផ្សេងៗ​ប្រឆាំង​នឹង ៧​មករា។ បើ​ប្រឆាំង​នឹង ៧​មករា គឺ​មិន​មែន​ជា​កូន​ខ្មែរ​ទេ!»

ការ​ថ្លែង​ដូច្នេះ​គឺ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១០ នៅ​គ្រា​ដែល​លោក​ចូលរួម​ក្នុង​ពីធី​បិទ​សន្និបាត​បូក​សរុប​ការងារ​អប់រំ​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​សិក្សា​២០០៩​-​២០១០ នៅ​ខេត្ត​ប៉ៃលិន។

ថ្ងៃ​៧​មករា ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ថា ជា​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ខ្លះ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចាត់ទុក​ថា ៧​មករា​គឺ​ជា​ថ្ងៃ​ដែល​កង​ទ័ព​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ដល់​ឆ្នាំ​១៩៩២​-​១៩៩៣ សង្គ្រាម​បាន​បំផ្លាញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្លាក់​ខ្លួន​ក្រីក្រ ហើយ​ក្រោយ​ថ្ងៃ​ទី​២៣ ទើប​មាន​កំណើត​ឡើង​វិញ។

លោក យឹម សុវណ្ណ បន្ត​ថា លោក អ៊ី ឈាន ក៏​ជា​អតីត​មេ​ទ័ព​ខ្មែរ​ក្រហម​ដែល​ធ្លាប់​ប្រឆាំង​នឹង​វត្តមាន​កង​ទ័ព​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែរ។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «លោក អ៊ី ឈាន គាត់​ធ្លាប់​ជា​មេ​ដឹកនាំ​នៃ​ចលនា​តស៊ូ​ម្នាក់ ខ្មែរ​ក្រហម ប្រឆាំង​នឹង​យួន​ឈ្លានពាន។ ខ្ញុំ​យល់​ឃើញ​ថា ទាំង​លោក អ៊ី ឈាន ទាំង​មេ​ដឹកនាំ​នៃ​ចលនា​ខ្មែរ​ក្រហម​ជំនាន់​នោះ ហើយ​និង​កង​ទ័ព​ខ្មែរ​ក្រហម​ទាំង​អស់​នោះ យើង​ឃើញ​ថា គាត់​មិន​មែន​ជា​ជនជាតិ​ឯ​ណា​ផ្សេង​ទេ គាត់​ជា​ជនជាតិ​ខ្មែរ!»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​វិញ បាន​មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក អ៊ី ឈាន គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា។

លោក រ៉ុង ឈុន បាន​អះអាង​ថា ៖ «ថ្ងៃ​៧​មករា គឺ​ជា​ថ្ងៃ​មួយ​ដែល​យួន​មក​ធ្វើ​អាណានិគម​លើ​​ប្រទេស​កម្ពុជា»

នេះ​ជា​លើក​ទី​១​ហើយ​ដែល​អតីត​មេ​ទ័ព​ខ្មែរ​ក្រហម​ដែល​ធ្លាប់​មាន​និន្នាការ​ប្រឆាំង​នឹង​កង​ទ័ព​វៀតណាម បាន​ប្រកាស​គាំទ្រ​ថ្ងៃ​៧​មករា ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ខ្លះ​និង​មន្ត្រី​គណបក្ស​សមរង្ស៊ី​ប្រឆាំង​ថ្ងៃ​៧​មករា ដោយ​ចាត់ទុក​ថា ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺ​ជា​ថ្ងៃ​ដែល​កង​ទ័ព​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា៕