គឹម សុវណ្ណាភូមិ ជានិស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកទេសភាសាជប៉ុន បានថ្លែងឲ្យដឹងថា គាត់មានការរីករាយក្នុងការចូលរួមចែករំលែកបទពិសោធន៍ និងវប្បធម៌របស់កម្ពុជា ទៅយុវជនជប៉ុន ដែលត្រូវចូលក្នុងកម្មវិធីនេះ។
និស្សិត គឹម សុវណ្ណភូមិ បានថ្លែងយ៉ាងដូច្នេះ ៖ «ពួកយើងខ្ញុំបានត្រៀមលក្ខណៈនូវវប្បធម៌ អរិយធម៌ ដើម្បីយកទៅបង្ហាញប្រជាជនជប៉ុន ដែលនៅប្រទេសជប៉ុន ទាំងអស់គ្នាដែលបានស្គាល់និងដឹងអំពីប្រទេសកម្ពុជា ដែលជាប្រទេសមានវប្បធម៌ អរិយធម៌ល្បីល្បាញរន្ទឺនៅក្នុងអាស៊ីអាគ្នេយ៍យើងនេះ។ យើងត្រៀមដូចជាវត្ថុអនុស្សាវរីយ៍ ដែលជាតំណាងឲ្យប្រទេសខ្មែរយើង មានដូចជារូបអង្គរវត្ត រូបប្រាសាទព្រះវិហារ អប្សរា ទៅជូនពួកគាត់ ហើយយើងមានជូនដូចជាការសំពះរបស់ខ្មែរយើង ដូចជាមានការឱនលំទោន និងសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរយើងផងដែរ។ ពួកយើងទៅទីនោះ គឺដើម្បីដោះដូរវប្បធម៌ជាមួយនឹងប្រទេសជប៉ុន ហើយយើងទៅហ្នឹងក៏ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងការរីកចម្រើនប្លែកៗរបស់ប្រទេសជប៉ុន ហើយនាំយកមកវិញដើម្បីចែកជូនដល់មិត្តនិស្សិតយើងជំនាន់ក្រោយឲ្យគាត់បានដឹង និងស្គាល់អំពីការរីកចម្រើនៃវប្បធម៌របស់ប្រទេសជប៉ុន»។
ថ្លែងស្រដៀងគ្នានេះដែរ កញ្ញា រិន អ៊ីសាបាលី ជាសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះ បាននិយាយឲ្យដឹងថា គាត់បានត្រៀមលក្ខណៈជាច្រើនដើម្បីបង្ហាញដល់យុវជនជប៉ុន ដែលចង់ស្វែងយល់ពីប្រទេសកម្ពុជា ដូចជាសម្បត្តិបេតិកភណ្ឌ និងកាយវិការដ៏ទន់ភ្លន់របស់ប្រជាជនខ្មែរ។
កញ្ញា រិន អ៊ីសាបាលី បានបញ្ជាក់ដែរថា គាត់សង្ឃឹមថានឹងយកបទពិសោធន៍ល្អពីយុវជនជប៉ុន និងការរីកចម្រើនរបស់ប្រទេសជប៉ុននោះ មកចែករំលែកនិងអនុវត្តនៅក្នុងប្រទេសក្រោយពេលដែលត្រឡប់មកវិញនោះ។
កញ្ញា រិន អ៊ីសាបាលី បានថ្លែងយ៉ាងដូច្នេះ ៖ «សម្រាប់ខ្ញុំ អ្វីដែលខ្ញុំប៉ងប្រាថ្នា គឺទៅស្រុកជប៉ុន គេរុងរឿងយ៉ាងម៉េច ជាពិសេសបរិស្ថានគេ អ៊ីចឹងទៅខ្ញុំយកបរិស្ថានមកស្រុកខ្មែរយើងឲ្យចេះអនុវត្ត ដូចជាព្យាយាមបែងចែកសំរាម ជាងនេះទៅទៀតគឺថាបច្ចេកវិទ្យា ជាពិសេសគឺចែកចាយគ្នា មិនមែនថា ១០ថ្ងៃចប់ទេ ១០ថ្ងៃយើងនៅទាក់ទងគ្នា ហើយព្យាយាមឲ្យជំនាន់ក្រោយបានស្គាល់ស្រុកគេ គេល្បីយ៉ាងម៉េច គេអភិវឌ្ឍយ៉ាងម៉េចខ្លះ យើងព្យាយាមឲ្យដូចគេ»។
ក្រុមយុវជនដែលជាសិស្ស និស្សិតខ្មែរ ៥០នាក់នោះសុទ្ធតែបានរំពឹងទុកថា នឹងបានចែករំលែកបទពិសោធន៍ និងទទួលមកវិញនូវវប្បធម៌ជឿនលឿនរបស់ជនជាតិជប៉ុន និងរបៀបនៃការរស់នៅរបស់ប្រជាជនជប៉ុននោះ។
មន្ត្រីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា សិស្សនិងនិស្សិតខ្មែរដែលទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍យុវជនជប៉ុនអាស៊ីបូព៌ានេះ មានរយៈពេល ១០ថ្ងៃ នៅប្រទេសជប៉ុន ហើយក្រុមយុវជនខ្មែរទាំងនោះនឹងទៅទស្សនកិច្ចនៅក្រសួងការបរទេសជប៉ុន ព្រមទាំងចូលរួមសិក្សាពីមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងតូក្យូ។
លោក Kazuo Chujo អគ្គទីប្រឹក្សាស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះគឺចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០០៧ មក ហើយឆ្នាំ ២០០៨ នេះ មានយុវជនកម្ពុជា ១៦០នាក់បានទៅស្វែងយល់ពីប្រទេសជប៉ុន វប្បធម៌ និងយុវជនជប៉ុននោះ។ កម្មវិធីផ្លាស់ប្តូរនិស្សិត និងយុវជនជប៉ុន អាស៊ីបូព៌ានេះ មានលក្ខណៈពិសេស ដោយមានការចូលពីយុវជនខ្មែរខុសវ័យគ្នា និងការរស់នៅជាមួយគ្រួសារជប៉ុននៅខេត្តផ្សេងៗគ្នា។
លោក Kazuo Chujo មានប្រសាសន៍ដូច្នេះ ៖ "គឺអ្នកទាំងអស់គ្នាមិនត្រឹមតែធ្វើទស្សនកិច្ចនៅតូក្យូទេ គឺថែមទាំងនៅខេត្តហូកៃដូ អាគីតៈ និងខេត្តអៃជិ ផងដែរ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចូលរួមដកពិសោធន៍តាមរយៈសិក្ខាសាលា តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ជាច្រើនប្រភេទ ជាមួយប្រជាជនជប៉ុន និងស្រទាប់យុវវ័យជប៉ុន នៅតាមខេត្តនានា នៅក្នុងប្រទេសជប៉ុន នៅក្នុងតំបន់នានា។ សូមអ្នកទាំងអស់គ្នាចូលរួមដកបទពិសោធន៍ក្នុងការស្នាក់នៅផ្ទះជនជាតិជប៉ុន សិក្សាវប្បធម៌ជប៉ុន និងចូលរួមដកបទពិសោធន៍នៅក្នុងការធ្វើសិក្ខាសាលា។ ហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរបទពិសោធន៍ឲ្យកាន់តែទូលំទូលាយជាមួយក្រុមគ្រួសារជប៉ុន ទូទៅ ជាមួយសិស្សជប៉ុន ដែលមានវ័យដូចអ្នកទាំងអស់គ្នា ដើម្បីឲ្យអ្នកទាំងអស់គ្នាស្គាល់ និងដឹងអំពីប្រទេសជប៉ុន តាមរយៈភ្នែក និងត្រចៀករបស់ខ្លួនផ្ទាល់"។
អគ្គទីប្រឹក្សាស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ទៀតដែរថា តាមកម្មវិធីរយៈពេលខ្លីរបស់យុវជនកម្ពុជា ទៅប្រទេសជប៉ុននេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ រវាងយុវជនជប៉ុន និងកម្ពុជា ឲ្យកាន់តែល្អ។
ដោយឡែកលោក កែម អឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ដែរថា លោកមានមោទនភាពជាមួយយុវជនខ្មែរ ដែលបានដកស្រង់បទពិសោធន៍នៅប្រទេសជប៉ុន ទាំងវិស័យការងារ វប្បធម៌ និងការរស់នៅនោះ ដែលធ្វើឲ្យក្រុមយុវជនទាំងនោះបង្កើនការគិត និងចំណេះដឹងរបស់ពួកគាត់។
លោក កែម អឿន មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំមានសេចក្ដីរីករាយត្រេកអរណាស់ ដែលប្អូនៗទាំងនោះមានឱកាស ព្រោះថាមុននឹងគេបញ្ជូនទៅហ្នឹង គឺពួកគាត់មានចំណេះវិជ្ជាមួយដែលខុសពីប្អូនៗដទៃទៀត គឺគាត់មានបញ្ញា គាត់មានស្មារតី គាត់មានការខិតខំប្រឹងប្រែងរួចហើយ ហើយគាត់នឹងទទួលនូវផ្លែផ្កាដែលគាត់បានដាំមកហ្នឹង។ នេះគឺជាមោទនភាពមួយ ព្រោះថាកាលណាគាត់ចេញទៅក្រៅ គាត់មើលឃើញនូវការអភិវឌ្ឍរបស់ប្រទេសគេ គាត់ឃើញនូវអ្វីៗដែលប្លែក»។
លោកបានថ្លែងទៀតថា កម្មវិធីផ្លាស់ប្តូរនិស្សិត និងយុវជនជប៉ុនអាស៊ីបូព៌ា ហៅថា JENESYS ដែលមានយុវជនខ្មែរចូលរួមនេះ នឹងធ្វើឲ្យយុវជនកម្ពុជា និងយុវជនជប៉ុន មានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធថែមទៀតលើគ្រប់វិស័យនៅពេលអនាគត។
លោក កែម អឿន ថ្លែងបន្តដូច្នេះ ៖ «កម្មវិធី Jenesys នេះ គឺវាមានគោលដៅធំរបស់វា គឺចង់ឲ្យយុវជននិងសិស្សទាំងពីរហ្នឹង គឺបានជួបគ្នា ហើយនៅពេលដែលគេជួបគ្នាហ្នឹង គឺនឹងចែកនូវបទពិសោធន៍ នូវទំនាក់ទំនងវប្បធម៌ ប្រពៃណី ទាំងពីរហ្នឹង អ៊ីចឹងវាធ្វើឲ្យទំនាក់ទំនងយើងនិងជប៉ុនហ្នឹងកាន់តែខិតជិតគ្នា»។
លោក កែម អឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងទៀតថា ក្រុមយុវជននឹងនាំមកវិញនូវបទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសក្រោយពេលដែលវិលមកវិញនោះ។
ចំណែកឯលោក Kazuo Chujo អគ្គទីប្រឹក្សាស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ក៏មានប្រសាសន៍ដែរថា ក្រៅពីការបង្កើនកិច្ចការទំនាក់ទំនងរវាងយុវជនកម្ពុជា និងយុវជនជប៉ុន នោះ ការផ្លាស់ប្តូរកម្មវិធីយុវជននេះ គឺជាសញ្ញានៃការរឹតចំណងសាមគ្គីភាពការទូតឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងជប៉ុន ជាមួយប្រទេសកម្ពុជា៕
