នៅឯព្រះដំណាក់នៅក្នុងឃុំទឹកវិល ខេត្តសៀមរាប ដោយមានមន្ត្រីស្មោះត្រង់ខ្លះតាមហែហមផង សម្ដេចក្រុមព្រះបានមានបន្ទូលថា ព្រះអង្គមានព្រះទ័យត្រេកអរជាខ្លាំង ខណៈដែលព្រះអង្គបានយាងមកកម្ពុជាវិញ ដោយគ្មានទោសពៃរ៍អ្វីទៀតនោះ។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មានបន្ទូលដូច្នេះថា ៖ «ក្រោយពីអវត្តមានប្រហែលជា ១៨ខែ ខ្ញុំសប្បាយរីករាយណាស់ដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយពីមានការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការសម្រេចនៃតុលាការជាស្ថាពរ។ ខ្ញុំឆ្លៀតឱកាសនេះ ថ្លែងអរគុណថ្វាយដល់ព្រះករុណា ព្រះបរមនាថ ដែលបានប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យលើកលែងទោសឲ្យខ្ញុំ»។
សម្ដេចក្រុមព្រះបានមានបន្ទូលទៀតថា ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គគ្មានគម្រោងបង្រួបបង្រួមរវាងគណបក្សនរោត្ដមរណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីភាពរឹងមាំឡើងវិញទេ បន្ទាប់ពីការបែកបាក់ ក៏ប៉ុន្តែ រវាងព្រះអង្គនិងរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានគម្រោងបង្រួបបង្រួមលើបញ្ហាផ្សះផ្សាជាតិឡើងវិញ ហើយការបង្រួបបង្រួមយ៉ាងណានោះ គឺអាស្រ័យទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកសម្រេច។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មានបន្ទូលដូច្នេះថា ៖ «ខ្ញុំបានសរសេរសំបុត្រមួយអរគុណសម្ដេច [ហ៊ុន សែន] ខ្ញុំសូមអបអរសាទរចំពោះបញ្ហាបង្រួបបង្រួមផ្សះផ្សាជាតិ។ [ផ្សះផ្សា]ដោយរបៀបណានោះ គណបក្សនរោត្ដមរណឫទ្ធិ មានគោលបំណងតែមួយគត់ គឺស្រេចតែរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដេចតេជោលោកយល់ថា យើងខ្ញុំអាចនឹងបម្រើប្រទេសជាតិ មាតុភូមិរបៀបណា គឺស្រេចតែសម្ដេចលោកសម្រេចទេ។ ទោះបីយ៉ាងណាក៏ដោយ ខ្លួនខ្ញុំធ្លាប់តែបម្រើជាតិ បម្រើសម្ដេចឪ ជាង២៥ឆ្នាំមកហើយ»។
ការយាងនិវត្តន៍របស់សម្ដេចក្រុមព្រះបានធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានបើកភ្លើងខៀវនៅក្នុងការលើកលែងទោស។
កាលពីថ្ងៃទី១៧ កញ្ញា កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បើកផ្លូវឲ្យមានការយាងនិវត្តន៍របស់សម្ដេចក្រុមព្រះ យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមជម្រាបថា សម្ដេចក្រុមព្រះនឹងមកវិញនៅពេលភ្ជុំនេះ ខ្ញុំចង់ឲ្យព្រះអង្គយាងមកពេលភ្ជុំ។ ពីមុនដាក់ខ្ញុំ ខ្ញុំដាក់វិញ។ បើធ្វើស្រួលដាក់ខ្ញុំ ខ្ញុំធ្វើស្រួលដាក់វិញដែរ។ ខ្ញុំសូមទោសឯកឧត្ដម ញឹក ប៊ុនឆៃ អត់បានសួរយោបល់ឯកឧត្ដមក្នុងឋានៈជាម្ចាស់ដើមបណ្ដឹង ប៉ុន្តែសូមយោគយល់ដល់ការលំបាករបស់ខ្ញុំ។ បណ្ដឹងរវាង ហ៊្វុនស៊ិនប៉ិច និង នរោត្ដម រណឫទ្ធិ រួចតុលាការគេកាត់។ យោងតាមគោលការណ៍ច្បាប់ ត្រូវជាប់គុកពីរភាគបីសិន ប៉ុន្តែករណីនេះ យើងរកឃើញវិធីដើម្បីដោះស្រាយបញ្ហានេះ»។
សូមរំឭកថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០០៧ ទៅស្នាក់នៅប្រទេសម៉ាឡេស៊ី និងបន្ទាប់មក តុលាការក្រុងភ្នំពេញបានកាត់ទោសព្រះអង្គឲ្យជាប់ពន្ធនាគារ ១៨ខែ តាមបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ពីបទកេងប្រវ័ញ្ចប្រាក់លក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចនៅឯគល់ស្ពានជ្រោយចង្វា៕
