ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជឱង្ការថាព្រះអង្គនឹងដឹកនាំការតស៊ូដើម្បីការពារប្រាសាទព្រះវិហារនិងប្រទេសកម្ពុជា ប្រសិនបើប្រទេសថៃធ្វើការឈ្លានពានវាតទីយកនោះ ។
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជឱង្ការនៅក្នុងព្រះរាជសារដែលបានធ្វើឡើងតាំងតែពីចុងខែធ្នូ ឆ្នាំ២០០៣ ប្រទានចំពោះអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់ព្រះអង្គជាជនជាតិអូស្ត្រាលី គឺលោក Julio Jeldres ហើយដែលទើបនឹងចេញផ្សាយក្នុងព្រឹត្តិបត្រ បេអឹមដេ នៅក្នុងសប្តាហ៍នេះ គឺនៅក្រោយពេលដែលប្រទេសកម្ពុជាមានជម្លោះជាមួយប្រទេសថៃនោះ ព្រះមហាវីរក្សត្របានបញ្ជាក់ថា ៖ "ខ្ញុំយល់ឃើញថា យើងមិនត្រូវរំឭកឬសរសេរឡើងវិញនូវរឿងប្រាសាទព្រះវិហារទេ ។ ការកាត់ក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ គឺជាការបញ្ជាក់ច្បាស់លាស់ណាស់ទៅហើយ" ។
នៅក្នុងព្រះរាជសារជាភាសាបារាំងដែលវិទ្យុអាស៊ីសេរីទទួលបានហើយមានការបកប្រែក្រៅផ្លូវការនោះ ព្រះមហាវីរក្សត្របានមានព្រះរាជឱង្ការថា ៖ "ចំពោះពួកថៃដែលនៅតែបន្តចង់ទាមទារយកប្រាសាទព្រះវិហារនោះ គ្មាននរណាអាចឃាត់ឃាំងពួកគេដោយការសរសេរឬនិយាយឲ្យពួកថៃនេះបញ្ឈប់ការចង់ទាមទារប្រាសាទព្រះវិហារ ឬក៏អង្គរវត្តនោះឡើយ ។ បើពួកថៃមិនធ្វើដូចហ៊ីត្លែរ ដែលគាត់បានលើកកងទ័ពដ៏មហិមារបស់គាត់ ក្នុងឆ្នាំ១៩៣៩-១៩៤០ ដើម្បីលុកលុយយកទឹកដី L’Alsace និង Lorrain នៅប្រទេសបារាំងនោះទេ ពួកថៃមិនអាចយកជោគជ័យក្នុងការវាតទីយកទឹកដីប្រទេសកម្ពុជា និងប្រាសាទព្រះវិហារនោះបានទេ" ។
ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលជាអ្នកដឹកនាំការទាមទារប្រាសាទព្រះវិហាររហូតដល់ទទួលបានជោគជ័យក្នុងការសម្រេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានបញ្ជាក់ទៀតថា ៖ "យ៉ាងណាក៏ដោយចុះក្នុងករណីនេះទោះបីជាខ្ញុំមានវ័យចំណាស់ហើយក៏ដោយ ខ្ញុំនឹងចូលព្រៃម៉ាគីដើម្បីប្រយុទ្ធប្រឆាំងនឹងពួកវាតទីនិយមថៃ នៅពេលដែលកងទ័ពថៃចូលឈ្លានពានកម្ពុជានោះ" ។
គួរបញ្ជាក់ថាប្រាសាទព្រះវិហារខ្មែរដែលស្ថិតលើភ្នំដងរែកក្បែរព្រំដែនថៃនោះបានកើតជាជម្លោះរវាងខ្មែរនិងថៃជាយូរមកហើយ រហូតដល់មានការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នាឆ្នាំ១៩៦២ ថាតំបន់ប្រាសាទព្រះវិហារនោះស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្មែរ ។
ប៉ុន្តែជម្លោះបានកើតមានសាជាថ្មីទៀតនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ក្រោយពេលដែលប្រទេសកម្ពុជាបានប្រកាសពីការចូលឈ្លានពានរបស់ថៃ ជាពិសេសគឺការចូលកាន់កាប់ទឹកដីនៃវត្តសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដែលប្រទេសថៃធ្លាប់បានធ្វើការប្រឆាំងជំទាស់ជាយូរមកហើយ ។
ក្រោយពីការចូលលុកលុយនោះប្រទេសកម្ពុជាបានធ្វើការចរចាជាមួយនឹងប្រទេសថៃមួយលើកជាពីរលើករួចមកហើយ ដើម្បីឲ្យមានការដកកងទ័ពចេញពីតំបន់នោះ ។
ការចរចាចុងក្រោយនៅខេត្តសៀមរាប កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ភាគីទាំងពីរបានយល់ព្រមដកកងទ័ពចេញពីតំបន់មានជម្លោះនោះ ប៉ុន្តែរហូតមកទល់នឹងពេលនេះគេនៅតែមិនអាចដឹងបានថា ការដកទ័ពនោះកើតមាននៅពេលណានោះទេ ? ៕
មេទ័ពខ្មែរ៖ ការប៉ះទង្គិចគ្នានឹងចៀសមិនរួចបើថៃនៅតែប៉ុនប៉ងឈ្លានពាន
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់
ហ៊ុនសែន៖ កម្ពុជានឹងបើកច្រកព្រំដែនបើសភាពការណ៍ដូចមុនថ្ងៃ១៥ កក្កដា
អាជ្ញាធររឹតបន្តឹងសន្តិសុខនៅតំបន់ប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មចំពោះសញ្ញាកំណត់ព្រំដែនខ្មែរថៃរបស់Google Earth
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.