ពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ស្រែ

ប្រភព​ពី​អ្នក​ស្រុក​បាន​អះអាង​ថា ដី​ស្រែ​និង​ដី​ចម្ការ​រាប់​សិប​ហិកតារ​ក្នុង​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​ ដែល​អតីត​អ្នក​ភូមិ​ខ្មែរ​ក្រហម​រាប់​រយ​គ្រួសារ​បាន​បង្ក​បង្កើន​ផល​កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ឯកជន​មួយ ឈ្មោះ រ័ត្ន សម្បត្តិ មាន​ផែនការ​វិនិយោគ​លើ​ផ្ទៃ​ដី​ទំហំ ៥.២០០​ហិចតារ ដែល​ដី​ទាំង​នោះ​ត្រូវ​ពួក​គាត់​បញ្ជាក់​ថា កំពុង​ស្ថិត​ចំ​លើ​ដី​អតីត​ភូមិ​​គ្រឹះ​ខ្មែរ​ក្រហម​កាល​ពី​សម័យ​សង្គ្រាម។

0:00 / 0:00

អតីត​អ្នក​ភូមិ​ខ្មែរ​ក្រហម​ដដែល​បាន​អះអាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​កក្កដា​ថា ពួក​គេ​ប្រឆាំង​ចំពោះ​ការ​ប៉ុនប៉ង​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​និង​ភាគី​ក្រុមហ៊ុន​ក្នុង​ការ​រំលោភ​យក​ដី​ស្រែ​ចម្ការ​ពួក​គេ​ដែល​ធ្លាប់​បាន​បង្ក​បង្កើន​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៖ «កាល​នោះ យើង​នៅ​មាន​ការ​វាយ​តប់​គ្នា យើង​មិន​ទាន់​បាន​[សន្តិភាព]​ទេ ដល់​ឆ្នាំ​១៩៩៣ ក៏​មាន​ការ​ចរចា​គ្នា ក៏​នាំ​គ្នា​កាប់​រាន​ទន្ទ្រាន ខ្លះ​ក៏​មាន​ធ្វើ​ពលិកម្ម ដាច់​ដៃ​ដាច់​ជើង​ដោយសារ​កន្លែង​ត្រង់​ហ្នឹង»

លោក ហុក ណាក់ អាយុ​៦៦​ឆ្នាំ បាន​ថ្លែង​ថា ៖ «ខ្ញុំ​ស្តាប់​អាស៊ីសេរី ឮ​សូរ​ដូចជា​នៅ​រតនគិរី ដូចជា​កោះកុង សៀមរាប ឮ​សូរ​អ៊ីចឹង វាល​ៗ​គឺ​ដី​ក្រុមហ៊ុន​នេះ ក្រុមហ៊ុន​នោះ ឥឡូវ​ធ្លាក់​ដល់​ខ្ញុំ​ហើយ»

យោង​តាម​ផែនទី​នៃ​ទីតាំង​ដី​ស្នើ​សុំ​ដោយ​ក្រុមហ៊ុន រ័ត្ន សម្បត្តិ ដែល​កាត់​មក​ពី​ក្រុមហ៊ុន យោរី​សាកូ បាន​គូស​បញ្ជាក់​ថា ផ្ទៃ​ដី​វិនិយោគ​សរុប​ទំហំ ៥.២០០​ហិកតារ ដែល​ជា​គម្រប​ព្រៃ​ឈើ ឆ្នាំ​២០០២ ស្ថិត​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

កំណត់​ហេតុ​ចុះ​ស្រង់​ដី​ដែល​រង​ផល​ប៉ះពាល់ បាន​បញ្ជាក់​ថា ផែនទី​វិនិយោគ​ខាង​លើ​របស់​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជា​ពលរដ្ឋ​បី​ឃុំ ក្នុង​ស្រុក​សំឡូត ជិត ២០០​គ្រួសារ និង​ផ្ទៃ​ដី​ជាង ៩៤៦​ហិកតារ។

អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ថា​តើ​ក្រុមហ៊ុន រ័ត្ន សម្បត្តិ មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ ឬ​មាន​កុងត្រា​វិនិយោគ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ហើយ​មាន​គម្រោង​ដាំ​ដំណាំ​អ្វី​ទេ។ ចំណែក លោក សៀង ស៊ុតថង អភិបាល​រង​ខេត្ត និង​លោក ពាង ណារិទ្ធ អគ្គ​លេខា​ធិការ​សាលា​ខេត្ត ទទួល​បន្ទុក​វិនិយោគ បាន​បញ្ជាក់​ថា ពួក​លោក​គ្រាន់​តែ​ទទួល​សេចក្តី​ជូន​ដំណឹង មិន​ចាំ​កាល​បរិច្ឆេទ​របស់​ក្រសួង​កសិកម្ម ដែល​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​សិក្សា​ដី​នៅ​តំបន់​នោះ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ពី​ក្រុមហ៊ុន រ័ត្ន សម្បត្តិ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ផែនការ​វិនិយោគ​ខាង​លើ​នេះ​បាន​ទេ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក យិន ម៉េងលី ដែល​បាន​ចុះ​អង្កេត​ដល់​មូលដ្ឋាន បាន​ថ្លែង​ថា ៖ «ទី​១ ត្រូវ​ឲ្យ​មាន​ការ​សិក្សា​វាយ​តម្លៃ​ឡើង​វិញ ទី​២ សុំ​ឲ្យ​ឈប់​មាន​ការ​ប្រជុំ​របៀប​គំរាម​កំហែង​គាត់ ហើយ​ចំណុច​ទី​៣ ខ្ញុំ​ឃើញ​ថា ការ​អភិវឌ្ឍ​នេះ​ហាក់​បី​ដូច​ជា​មាន​ការ​លាក់​កំបាំង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ឯកសារ»

លោក​បន្ត​ថា បើ​សិន​ជា​អាជ្ញាធរ​ខេត្ត​និង​ក្រុមហ៊ុន​មិន​បាន​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ទេ នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​ភូមិ​ទាំង​នោះ ដែល​ជីវភាព​ពួក​គាត់​ពឹង​ពាក់​អាស្រ័យ​លើ​ដី​ស្រែ​ចម្ការ​នោះ​ជា​យូរ​ឆ្នាំ​មក​ហើយ៕