មន្រ្តីរដ្ឋាភិបាលកម្ពុជាមិនបានប្រាប់ឲ្យដឹងអំពីឈ្មោះរបស់យុវជនទាំង១៣នាក់នោះទេ ។
មន្រ្តីមួយរូបដែលជាអនុប្រធាននៃនាយកដ្ឋានជនអន្តោប្រវេសន៍បរទេសសុំមិនបញ្ចេញឈ្មោះ ដែលនាយកដ្ឋានរបស់លោកបានរក្សាទុកយុវជនខែ្មរទាំង១៣នាក់នោះ កាលពីពេលថ្មីៗនេះបានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ទៅអស់ហើយ ។ ខ្មែរយើង ទោសអីគាត់រួចរាល់អស់ហើយ អត់មានពាក់ព័ន្ធអីទៀតទេ ។ ឥឡូវខ្មែរយើងអត់ទាន់ចូលសញ្ជាតិត្រូវមក មិនថាតូចឬធំទេ ឲ្យតែប្រព្រឹត្តខុសនៅស្រុកគេ ជួនកាលបទល្មើសចរាចរណ៍ខុសក៏បញ្ជូនមកវិញដែរ» ។
សុខ សេរី ៖ គេបញ្ជូនមកវគ្គទី២ទៀតទេ ? មន្ត្រី ៖ តែកាលណាមានគេបញ្ជូនមកទៀតហើយ ។
សុខ សេរី ៖ ភាគច្រើនគេធានាទៅខេត្តណា ? មន្ត្រី ៖ តាមបងប្អូនគាត់នៅ គាត់នៅបាត់ដំបងទៅបាត់ដំបងទៅ មិនមែនកំណត់ថាភាគច្រើនខេត្តណាទេ ព្រោះខ្មែរយើងចេញទៅនៅហ្នឹងយូរហើយ ។
លោកបានបញ្ជាក់ឲ្យដឹងថា យុវជនខែ្មរទាំង១៣នាក់នោះមិនទាន់បានចូលជាសញ្ជាតិជាអាមេរិកកាំងនោះទេ ទើបរដ្ឋាភិបាលអាមេរិកបានចាប់បញ្ជូនមកកម្ពុជាវិញ ដោយសារតែពួកគេបានប្រព្រឹត្តបទលើ្មសនានានៅក្នុងសហរដ្ឋអាមេរិកនោះ ។
លោកមិនបានប្រាប់ឲ្យដឹងអំពីប្រភេទបទល្មើសដែលយុវជនទាំង១៣នាក់នោះបានប្រព្រឹត្តនៅក្នុងសហរដ្ឋអាមេរិកនោះទេ ។
ស្រ្តីម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលក្មួយប្រុសរបស់លោកស្រីអាយុ២០ឆ្នាំ ត្រូវបានរដ្ឋាភិបាលអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញក្នុងចំណោមយុវជនខែ្មរ១៣នាក់នោះ បានមានប្រសាសន៍ថាលោកស្រីកំពុងតែបណ្តុះបណ្តាលក្មួយប្រុសឲ្យចេះសម្របសម្រួលខ្លួនក្នុងការរស់នៅក្នុងសង្គមខែ្មរក្នុងប្រទេសកម្ពុជា ។
ស្ត្រីដដែលបានឲ្យដឹងថា ៖ «អត់សូវចេះស្ដាប់ផង ឲ្យវានៅហូបចុកអីអ៊ីចឹងទៅ ថ្ងៃក្រោយបណ្ដុះបណ្ដាល ចង់ធ្វើការងារអីចង់ទៅ» ។
យុវជនខែ្មរចំនួន១៣នាក់នោះត្រូវបានរដ្ឋាភិបាលអាមេរិកាំងចាប់បញ្ជូនមកកម្ពុជាវិញតាមជើងយន្តហោះពាណិជ្ជកម្ម កាលពីយប់ថៃ្ងទី១៣ ខែសីហាកន្លងទៅនេះ ហើយពួកគេត្រូវបានអាជ្ញាធរនគរបាលនៃនាយកដ្ឋានជនអន្តោប្រវេសន៍កម្ពុជា រក្សាទុករង់ចាំការធានាជាផ្លូវការពីសាច់ញាតិ ឬបងប្អូនចេញទៅរស់នៅជាមួយ ។ ប្រភពបានឲ្យដឹងថាក្រុមយុវជនទាំងនោះមិនសូវចេះនិយាយភាសាខែ្មរច្បាស់លាស់ទេ ។
លោក John Johnson មន្រ្តីអ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថាលោកមិនបានដឹងថារដ្ឋាភិបាលអាមេរិកនឹងចាប់បញ្ជូនក្រុមថ្មីទៀតដែរឬក៏អត់ទេ ។ ចំពោះក្រុមយុវជនខែ្មរទាំង១៣នាក់ ត្រូវបានរដ្ឋាភិបាលអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញហើយនោះ លោកមិនបានដឹងថាពួកគេបានប្រព្រឹត្តបទល្មើសអ្វីនៅក្នុងសហរដ្ឋអាមេរិកនោះទេ ។
សូមរំឮកថារដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ២០០០កន្លងទៅ ផ្តោតលើការបំពេញកាតព្វកិច្ចទៅវិញទៅមកជាអន្តរជាតិ រវាងប្រទេសទាំងពីរក្នុងការចាប់បញ្ជូនជនជាតិនៃប្រទេសទាំងពីរដែលបានប្រព្រឹត្តបទល្មើសទៅប្រទេសគេរៀងៗខ្លួនវិញ ស្របតាមនីតិវីធីត្រឹមត្រូវនិងក្នុងស្មារតីសហប្រតិបត្តិការជាមួយគ្នា ៕
