ការបដិសេធរបស់មន្រ្តីជំនាញកិច្ចការព្រំដែនកម្ពុជាខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានតាមប្រព័ន្ធអ៊ីម៉េល ដោយលោក សម រង្ស៊ី កាលពីថៃ្ងទី៧ ខែមេសាថ្មីៗនេះ ថាជាការជោគជ័យដ៏ធំមួយសម្រាប់កម្ពុជាទាក់ទងនឹងបញ្ហាព្រំដែន។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែនកម្ពុជា បានមានប្រសាសន៍ប្រតិកម្មថា ការប្រកាសរបស់លោក សម រង្ស៊ី គឺជាការបំភ្លៃនូវការពិតមួយករណីបន្ថែមទៀត។
លោក វ៉ា គឹមហុង បានបញ្ជាក់ថា ៖ «ការដែលគាត់មើលមិនយល់ មិនចេះមើលផែនទី មិនចេះបកស្រាយផែនទី ដែលគេដាក់ចំណងជើងនៅលើផែនទី ហើយយកមកបកស្រាយថា រដ្ឋាភិបាលឯកភាពជាមួយគាត់ ថាចូលអីៗអ៊ីចឹង គឺជាការបកស្រាយបំផ្លើសការពិតទៀតហើយ ជាការបំភាន់មតិសាធារណជនជាតិ និងអន្តរជាតិបន្តទៅទៀត។ សូមឲ្យគាត់មើលឯកសារ បើយើងមិនជំនាញទេ សូមឲ្យសួរអ្នកជំនាញ បានវាត្រឹមត្រូវ។ កុំចេះតែនិយាយខុសពីការពិត!»។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក សម រង្ស៊ី បានមានប្រសាសន៍បា្រប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីប្រទេសបារាំង កាលពីថ្ងៃទី៧ ខែមេសានេះ ថា ៖ «ខ្ញុំបានឃើញឯកសារដែលមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី អ្នកជំនាញខាងផែនទី កិច្ចការព្រំដែន គេបានបញ្ចេញឯកសារ គេទទួលស្គាល់ថា បង្គោលដែលខ្ញុំបានដកនៅខេត្តស្វាយរៀងឆ្នាំទៅនោះ មិនមែនជាបង្គោលព្រំដែនមែនទែនទេ!»។
សេចក្តីប្រកាសព័ត៌មានរបស់លោក សម រង្ស៊ី នៅថៃ្ងទី៧ ខែមេសានេះ បានបញ្ជាក់ថា មន្រ្តីរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទទួលស្គាល់លើឯកសារដាក់ជូនតុលាការថា តម្រុយបង្គោលព្រំដែនបណ្តោះអាសន្នទាំងនោះ គឺស្ថិតនៅចម្ងាយប្រមាណ ៥១៦ម៉ែត្រ ចូលមកទឹកដីកម្ពុជាពីបន្ទាត់ព្រំដែនពិតប្រាកដ។
កាលពីថៃ្ងទី៣០ ខែមីនាកន្លងទៅនេះ ក្រុមតំណាងរាស្រ្តគណបក្សសមរង្ស៊ីជាច្រើនរូប បានសរសេរលិខិតរួមគ្នាផ្ញើទៅប្រធានសភាជាតិ លោក ហេង សំរិន សើ្នសុំឲ្យផ្អាកដំណើរការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដោយសារតែមានការរកឃើញថា តម្រុយបង្គោលព្រំដែនលេខ១៨៤, លេខ១៨៥, លេខ១៨៦ និងលេខ១៨៧ នៅក្នុងភូមិសាស្ត្រ ភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានខិតចូលក្នុងទឹកដីប្រទេសកម្ពុជា រវាងពី ៣០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ។
ប្រភពបានឲ្យដឹងថា ប្រធានសភាជាតិ លោក ហេង សំរិន បានឆ្លើយតបវិញថា លោកមិនបញ្ជូនលិខិតស្នើសុំនោះទៅរដ្ឋាភិបាលទេ ដោយសារតែគណបក្សសមរង្ស៊ី និងរដ្ឋាភិបាល ធ្លាប់បានបកស្រាយអំពីរឿងនេះរួចហើយ៕