មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​តំបន់​អាទិភាព​ដើម្បី​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ

មន្ត្រី​ជំនាញ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បាន​ចុះ​ត្រួតពិនិត្យ​តំបន់​អាទិភាព​មួយចំនួន​ក្នុង​ខែត្រ​បាត់ដំបង​និង​ក្រុង​ប៉ៃលិន ដើម្បី​អនុវត្ត​គម្រោង​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៨​នេះ។

0:00 / 0:00

លោក ហេង រតនា អគ្គនាយក​រង​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែ​ធ្នូ ថា គម្រោង​ថ្មី​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ខែត្រ​បាត់ដំបង ក្រុង​ប៉ៃលិន មាន​ថវិកា​១​លាន​៨​សែន​ដុល្លារ​សម្រាប់​រយៈពេល​មួយ​ឆ្នំា​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។

លោក ហេង រតនា បាន​ឲ្យ​ដឹង​ថា ៖ «ហើយ​ការបោស​សម្អាត​ជួនកាល​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​និង​យើង​បាន​ធ្វើការ​ហ្វឹកហ្វឺន​បាន​អី​ហើយ យើង​នឹង​អាច​ចាប់ផ្តើម​នៅ​ខែ​១២​នេះ​តាម​គម្រោង​ផែនការ​យើង...»

ផែនការ​បោស​សម្អាត​កាកសំណល់​សង្រ្គាម​ថ្មី​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍​ថា ពលរដ្ឋ​កម្ពុជា​រង​គ្រោះ​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កើន​ច្រើន​ជាង​ការរង​គ្រោះ​ដោយសារ​គ្រាប់​មីន។

លោក សោម វីរៈ ប្រធាន​គម្រោង​បោស​សម្អាត​កាក​សំណល់​សង្រ្គាម​បាន​ថ្លែង​ថា មន្រ្តី​ជំនាញ​សហរដ្ឋ​អាមេរិក​ប្រមាណ​៤​នាក់​រួម​ជាមួយ​មន្ត្រី​ជំនាញ​ខ្មែរ កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ បាន​ចុះ​ទៅ​សិក្សា​តំបន់​អាទិភាព​ក្នុង​ខែត្រ​បាត់ដំបង​និង​ក្រុង​ប៉ៃលិន​រួច​រាល់​ហើយ​មុន​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នៅ​ចុង​ខែ​ធ្នូ​នេះ។

តំបន់​អាទិភាព​ទាំង​នោះ​បាន​កំណត់​យក​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង និង​យក​ភូមិ​ចំនួន​មួយ​ទៀត ក្នុង​សង្កាត់​សាលាក្រៅ ខណ្ឌ​សាលាក្រៅ ក្រុង​ប៉ៃលិន ដែល​គេ​សិក្សា​រក​ឃើញ​ថា​មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើន។

លោក ឈឹម សុវណ្ណនី អនុប្រធាន​កង​ឯកភាព​កម្ចាត់​មីន​ទី​៣​នៅ​ក្រុង​ប៉ៃលិន បាន​ថ្លែង​ថា អត្រា​រងគ្រោះ​ដោយសារ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ខែត្រ​បាត់ដំបង​និង​ក្រុង​ប៉ៃលិន​មាន​ច្រើន ហើយ​ក៏​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​កប់​នៅ​ក្រោម​ដី​ជម្រៅ​ជ្រៅ​ដែល​ម៉ាស៊ីន​មិន​អាច​រាវ​រក​ឃើញ​បាន។

លោក ឈឹម សុវណ្ណនី បាន​មាន​ប្រសាសន៍​ថា ៖ «ដោយសារ​អាត្រា​នៃ​ការគ្រោះថ្នាក់​ឥឡូវ​ហ្នឹង​គឺ​វា​មាន​ចំនួន​កើន​នៅ​លើ​ការគ្រោះថ្នាក់​ដោយ​គ្រាប់​មិន​ទាន់​ផ្ទុះ មិន​មែន​ដោយសារ​មីន​ទេ»

លោក ឃឹម ឃឿន មន្ត្រី​ប្រមូល​ព័ត៌មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​របស់​កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​ខែត្រ​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ខែត្រ​បាត់ដំបង​មា​នអត្រា​រងគ្រោះ​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ការកើន​ឡើង​ច្រើន​ជាង​គ្រាប់​មីន។

លោក ឃឹម ឃឿន បាន​ឲ្យ​ដឹង​ថា ៖ «ឆ្នាំ​២០០៨ អត្រា​រងគ្រោះ​៨២​នាក់។ ជា​ទូទៅ​វា​ច្រើន​រង​គ្រោះ​ដោយសារ​ការលេង​ច្នៃ ការធ្វើ​ដំណើរ ការធ្វើ​កសិកម្ម»

បើ​តាម លោក ហេង រតនា របាយការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា​ពី​ដើម​ឆ្នាំ​រហូត​ដល់​ខែ​តុលា ឆ្នំា​២០០៨ មាន​អត្រា​គ្រោះថ្នាក់​មាន​ជាង​២៣៨​ករណី ហើយ​ការរងគ្រោះ​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ទំហំ​ធំ​ជាង​ពី​៥៥​ទៅ​៦០%។

លោក​បន្ត​ថា មជ្ឈមណ្ឌ​កម្ចាត់​មីន​កម្ពុជា​បាន​រំដោះ​ផ្ទៃ​ដី​ទំហំ​ជាង​២០០​គីឡូម៉ែត​ការ៉េ ដោយ​បាន​រក​ឃើញ​និង​កម្ទេច​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​១​លាន​៦​សែន​គ្រាប់ ហើយ​នៅ​សល់​ផ្ទៃ​ដី​៤០០០​គីឡូម៉ែត​ការ៉េ​ទៀត​ដែល​ត្រូវ​ធ្វើការ​បោស​សម្អាត​បន្ត ហើយ​ថា បុគ្គលិក​មជ្ឈមណ្ឌ​កម្ចាត់​មីន​កម្ពុជា​បច្ចុប្បន្ន​ទូទាំង​ប្រទេស​មាន​ជាង​២៣០០​នាក់៕