ក្រុមអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ចំនួនជាង ២០ រូបមកពីប្រទេសចំនួន ១០ មានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងប្រទេសតំបន់អាស៊ីអាគ្នេយ៍ កំពុងជួបប្រជុំគ្នាក្នុងសន្និសីទអន្តរជាតិមួយ ដែលធ្វើឡើងរយៈពេល ២ ថ្ងៃ នៅក្នុងខេត្តសៀមរាប ដើម្បីសិក្សារួមគ្នាមួយ ស្វែងរកការពិតនៃអរិយធម៌សម័យអង្គរដ៏អស្ចារ្យ ថាតើមានការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសដទៃទៀតយ៉ាងណានៅសម័យនោះ។
លោក ឃេ កេសាវ៉ាផានី (K. Kesavapany) នាយកវិទ្យាស្ថាន ណាឡាន ដា ស្រ៊ីវិចាយ៉ា (Nalan da Sriwijaya) សម្រាប់ការសិក្សា និងស្រាវជ្រាវរបស់ប្រទេសសិង្ហបុរី ដែលជាអ្នករៀបចំឱ្យមានសន្និសីទនោះ មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រទី ១០ ខែមិថុនាថា ក្រុមអ្នកជំនាញទាំងអស់ ដែលកំពុងមកជួបប្រជុំគ្នានេះ គឺនឹងជជែកគ្នាអំពីសកលភាវូបនីយកម្ម ដែលវាមានទំនាក់ទំនងជាច្រើនជាមួយនឹងអាណាចក្រអង្គរខ្មែរ នៅក្នុងសតវត្សទី ៧ រហូតដល់សតវត្សទី ១១ នៃគ្រីស្ទសករាជ ដែលជាហេតុឱ្យអ្នកស្រាវជ្រាវចង់វិលត្រឡប់ទៅរកសតវត្សនោះវិញ ដើម្បីឱ្យប្រាកដថា តើសកលភាវូបនីយកម្មយ៉ាងណា ដែលបានគ្រប់ដណ្ដប់ទៅលើអាណាចក្រអង្គរខ្មែរពីព្រោះតែប្រាង្គប្រាសាទជាច្រើន ដែលកសាងឡើងអំពីថ្ម គឺធ្វើដោយប្រជាពលរដ្ឋនៃអាណាចក្រអង្គរ ប៉ុន្តែជនជាតិខ្មែរជំនាន់នោះនៅតែទទួលឥទ្ធិពលផ្នែកជំនឿ និងសាសនាពីប្រទេសដទៃ។
លោក ឃេ កេសាវ៉ាផានី ៖ «មនុស្សគ្រប់ៗ គ្នាបានស្គាល់អង្គរវត្ត ពីព្រោះតែវាបានកសាងឡើងជាច្រើនសតវត្សមកហើយ។ ប៉ុន្តែ អ្វីដែលប្រជាពលរដ្ឋជាច្រើនមិនបានដឹងនោះ គឺតើអរិយធម៌របស់អាណាចក្រអង្គរមានការភ្ជាប់ទំនាក់ទំនងយ៉ាងណាជាមួយតំបន់ជាច្រើនទៀតនៃពិភពលោក ដូចជាប្រទេសឥណ្ឌា ចិន និងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ជាដើម។ ហើយហេតុអ្វីបានជាអាណាចក្រអង្គរមួយនេះបានទទួលយកឥទ្ធិពលអរិយធម៌ពីប្រទេសឥណ្ឌា ដូចជា ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាជាដើម។ តើអាណាចក្រអង្គរខ្មែរអាចធ្វើឱ្យមានឥទ្ធិពលដ៏ខ្ពង់ខ្ពស់យ៉ាងណានោះ គឺវាមានភាពស្មុគស្មាញយ៉ាងធំធេង ដែលទាំងនេះត្រូវតែធ្វើការសិក្សា ដើម្បីឱ្យដឹងប្រាកដ»។
លោក ពូ សុធីរៈ ដែលជាបុគ្គលិកការងារនៅក្នុងវិទ្យាស្ថានសិក្សា និងស្រាវជ្រាវនៃប្រទេសសឹង្ហបូរីនោះ មានប្រសាសន៍ថា គោលបំណងនៃវិទ្យាស្ថានរបស់លោក ដែលរៀបចំសន្និសីទអន្តរជាតិឡើង គឺដើម្បីសិក្សាស្វែងយល់អំពីអាណាចក្រអង្គររបស់ខ្មែរ ដែលអតីតព្រះមហាក្សត្រខ្មែរបានកសាងអង្គរឡើងថ្មីៗ គឺឥទ្ធិពល និងមានភាពរីកចម្រើនរុងរឿង។ ប៉ុន្តែ ជាច្រើនសតវត្សក្រោយមក ហេតុអ្វីកិត្យានុភាព និងអរិយធម៌ទាំងនោះបាត់បង់អស់ទៅវិញ។ ដូច្នេះ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិចង់សិក្សាឡើងវិញថា ហេតុអ្វីបានជាឥទ្ធិពលអារ្យធម៌ដ៏ខ្ពង់ខ្ពស់ ត្រូវបានសាបរលាបវិញ។
លោក ពូ សុធីរៈ ៖ «អំបាញ់មិញនេះមានវាគ្មិន ដែលសុទ្ធសឹងតែជាអ្នកស្រាវជ្រាវជាន់ខ្ពស់ មានបទពិសោធន៍ច្រើនអន្តរជាតិទៅទៀត ដែលគេសិក្សាអង្គរនេះយូរហើយ គេបាននិយាយអំពីផលប៉ះពាល់ ដែលកើតមានឡើងដោយសារបរិស្ថានដោយសារការប្រែប្រួលក្នុងសង្គម ដូចថាភ្លៀងៗ ខ្លាំងហើយលោកតែរាំងស្ងួតវិញតែម្ដង។ ដូច្នេះ ប្រជារាស្ត្រដែលនៅជុំវិញអង្គរហ្នឹងដោយសារពិបាកនៅត្រូវបម្លាស់ទី ត្រូវរត់ទៅរកការរស់នៅរបស់ខ្លួននេះជារឿងមួយត្រូវចងក្រងទុក»។
អ្នកស្រី អាន់ណេ ឡឺមេសត្រ៍ (Anne Lemaistre) តំណាងអង្គការ យូណេស្កូ (UNESCO ) ប្រចាំកម្ពុជា មានប្រសាសន៍ថា អង្គការ UNESCO សប្បាយចិត្តជាមួយនឹងការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងអាណាចក្រអង្គរជាមួយពិភពលោកខាងក្រៅនោះ។
វិទ្យាស្ថាន Nalan da Sriwijaya សម្រាប់ការសិក្សា និងស្រាវជ្រាវរបស់ប្រទេសសិង្ហបុរី បានឱ្យដឹងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវអំពីសកលភាវូបនីយកម្មរបស់អាណាចក្រអង្គរខ្មែរបានច្បាស់លាស់ហើយនោះ គេនឹងបោះពុម្ពជាសៀវភៅ ហើយអ្វីដែលរកឃើញពីចក្រភពអង្គរខ្មែរ ក៏នឹងត្រូវផ្សព្វផ្សាយទៅកាន់ប្រទេសដទៃទៀតដែរ៕