មេ​សហជីព​កម្មករ​ចោទ​ថា លក្ខខណ្ឌ​ការងារ​និង​ការគោរព​សិទ្ធិ​កម្មករ​នៅ​តែ​មាន​បញ្ហា

មេដឹកនាំ​សហជីព​កម្មករ​ដែល​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​ចោទ​ថា លក្ខខណ្ឌ​ការងារ​និង​ការ​គោរព​សិទ្ធិ​កម្មករ​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ប្រទេស​នេះ។

0:00 / 0:00

ការ​អះអាង​របស់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ពេល​ដែល​កម្មករ​ប្រមាណ​ជាង ៣.០០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រោងចក្រ Shoes Premier ស្ថិត​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ទាមទារ​ឲ្យ​រោងចក្រ ផ្ដល់​ការងារ​ឡើង​វិញ​ដល់​បុគ្គលិក​ចំនួន​ពីរ​នាក់​របស់​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​នេះ។

ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​ចោទ​ថា ការព្យួរ​ការងារ​បុគ្គលិក​ចំនួន​ពីរ​រូប​មាន​ឈ្មោះ ហឿន ថារឹទ្ធ ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​និង​ឈ្មោះ សែន ស៊ីធួន ដែល​ជា​លេខា​សហជីព​អស់​ពេល​ជា​ច្រើន​ខែ​ថា ជា​ការរើសអើង​ចំពោះ​សហជីព​កម្មករ។

លោក ជា មុនី មាន​ប្រសាសន៍​ថា ៖ «រយៈពេល​កន្លង​មក រោងចក្រ​នេះ​បាន​រើសអើង​ចំពោះ​សហជីព​សេរី​កម្មករ ហើយ​គាត់​ផ្ដល់​សិទ្ធិ​ឲ្យ​សហជីព​មួយ​ទៀត អ៊ីចឹង​គាត់​ព្យួរ​ការងារ​មេដឹកនាំ​សហជីព»

ទោះ​ជា​យ៉ាង​ណា លោក ជា មុនី បាន​ឲ្យ​ដឹង​ថា បុគ្គលិក​សហជីព​សេរី​កម្មករ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​បន្ត​ឲ្យ​ធ្វើការ​នៅ​រោងចក្រ​ឡើង​វិញ បន្ទាប់​ពី​មាន​ការចរចា​ដោះស្រាយ​រួច​មក។

លោក ជា មុនី បាន​ឲ្យ​ដឹង​ថា រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​ទាន់​គោរព​ច្បាប់​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ហើយ​ថា សិទ្ធិ​របស់​កម្មករ​ត្រូវ​បាន​គេ​រំលោភ​បំពាន ៖ «យើង​ឃើញ​ថា ច្បាប់​មាន​មែន​ពិត ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​រំលោភ​សិទ្ធិ​កម្មករ កម្មការិនី នៅ​តែ​រំលោភ​ច្បាប់ នៅ​តែ​រំលោភ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​ជា​អនុសញ្ញា​ស្នូល ដែល​កម្ពុជា​ទទួល​សច្ចាប័ន»

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ចម ប្រសិទ្ធ ធ្លាប់​បាន​មាន​ប្រសាសន៍​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ថា សព្វថ្ងៃ​ល័ក្ខខ័ណ្ឌ​ការងារ​និង​ការ​គោរព​សិទ្ធិ​កម្មករ​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ថា គោល​នយោបាយ​ដែល​ផ្សា​ភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​និង​ការគោរព​សិទ្ធិ​កម្មករ​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត រូមមាន​ជា​ចិន វៀតណាម ប៉ាគិស្ថាន​និង​ឥណ្ឌា ជាដើម។

មន្ត្រី​ទំនាក់ទំនង​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO លោក នី យូ បាន​ឲ្យ​ដឹង​ថា បើ​តាម​របាយការណ៍​ដែល​បាន​ត្រួត​ពិនិត្យ​មើល​រោងចក្រ​ចំនួន​ជាង ៣០០​រោងចក្រ ដែល​បាន​ចុះ​បញ្ជី​ក្នុង​គម្រោង​នេះ បាន​បង្ហាញ​ថា ល័ក្ខខ័ណ្ឌ​ការងារ​របស់​កម្មករ​កាត់​ដេរ ការ​គោរព​ច្បាប់​ការងារ​និង​ការ​គោរព​សិទ្ធិ​កម្មករ​នៅ​កម្ពុជា កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

លោក នី យូ មាន​ប្រសាសន៍​ថា ៖ «សុំ​និយាយ​ចំពោះ​តែ​រោងចក្រ​ដែល​ចុះ​បញ្ជី​ជាមួយ​នឹង​គម្រោង​រោងចក្រ​កាត់ដេរ​ប្រសើរ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ បើ​តាម​របាយការណ៍​សំយោគ​របស់​យើង ជា​ពិសេស​របាយការណ៍​សំយោគ​ចុង​ក្រោយ​បំផុត បង្ហាញ​ថា កម្រិត​នៃ​ការ​អនុលោម​តាម​ច្បាប់​នៅ​តាម​បណ្ដា​រោងចក្រ ដែល​គម្រោង​ត្រួត​ពិនិត្យ គឺ​ឃើញ​មាន​ភាព​ប្រសើរ​ឡើង»

លោក នី យូ បាន​ឲ្យ​ដឹង​ដែរ​ថា រោងចក្រ​ទាំង​អស់​នោះ ត្រូវ​ជួយ​សម្រួល​ដល់​កម្មករ​ទាក់​ទង​នឹង​សុវត្ថិភាព​ការងារ​និង​សុខភាព​របស់​ពួក​គេ​ផង​ដែរ ៖ «ឧទាហរណ៍​ថា តើ​រោងចក្រ​ហ្នឹង មាន​ផ្ដល់​សម្ភារៈ​ការពារ​ខ្លួន​ដល់​កម្មករ និយោជិត​ឬ​ក៏​អត់? ឧទាហរណ៍ ម៉ាស៊ីន​ដេរ​ហ្នឹង វា​មាន​របាំង​ការពារ​ម្ជុល​អី​ក៏​អត់? ហើយ​ឧទាហរណ៍​នៅ​តាម​កន្លែង​កាត់​សម្លៀក​បំពាក់​អី តើ​បុគ្គលិក​កម្មករ​ហ្នឹង មាន​ពាក់​ស្រោម​ដៃ មាន​ពាក់​អី​អត់? អាហ្នឹង​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​ការងារ​របស់​គាត់»

នៅ​ក្នុង​កិច្ច​ប្រជុំ​ចំនួន​ពីរ​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​ថ្មីៗ​នេះ ដែល​រៀបចំ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​ឲ្យ​ដឹង​ថា តំណាង​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ធំៗ​ចំនួន ២៨ និយាយ​ថា ពួកគេ​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ​បន្ត​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា។

លោក នី យូ បាន​មាន​ប្រសាសន៍​ថា ការដែល​តំណាង​បញ្ជា​ទិញ​សម្លៀក​បំពាក់ សន្យា​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​របស់​ពួក​គេ​បន្ត​ទិញ​ផលិតផល​សម្លៀក​បំពាក់​នៅ​កម្ពុជា ក៏​ដោយសារ​តែ​ពួកគេ​មើល​ឃើញ​ថា នៅ​កម្ពុជា​មាន​ការអនុវត្ត​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ និង​ការគោរព​ច្បាប់​ការងារ​និង​សិទ្ធិ​កម្មករ​ជា​ដើម។

លោក នី យូ មាន​ប្រសាសន៍​ថា ៖ «បណ្ដា​អ្នក​ទិញ​អន្តរជាតិ ជា​ពិសេស​ដែល​មាន​ម៉ាក​ល្បីៗ ដូចជា ខាង H&M, Wal-Mart ដូចជា ឌីសនី គាត់​ឥឡូវ គាត់​សង្កត់​ធ្ងន់​ទៅ​លើ​ការបញ្ជា​ទិញ​ប្រកប​ដោយ​ក្រម​សីលធម៌។ មាន​ន័យ​ថា គាត់​អត់​ចង់​បាន​ផលិតផល​សម្លៀក​បំពាក់​របស់​គាត់ ពី​ប្រទេស​ណា ដែល​មាន​លក្ខខណ្ខ​ការងារ​មិន​ល្អ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​គាត់​បន្ត​ចាប់​អារម្មណ៍ នៅ​ក្នុង​ការបន្ត​សុំ​ក្រុមហ៊ុន​របស់​គាត់ ឲ្យ​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ទៀត ដោយសារ​តែ​ប្រទេស​កម្ពុជា​របស់​យើង មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​ទីផ្សារ​វាយនភណ្ឌ​ពិភពលោក ពី​លក្ខខណ្ខ​ការងារ​ល្អ​ប្រសើរ​នៅ​តាម​បណ្ដា​រោងចក្រ»

បើ​តាម​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០០៧ និង​រហូត​ដល់​ខែ​តុលា ឆ្នាំ​២០០៨​នេះ មាន​រោងចក្រ​ចំនួន ៣០ ហើយ​ដែល​បាន​បិទ​ទ្វារ ហើយ​ថា ការបិទ​ទ្វារ​រោងចក្រ​ទាំង​អស់​នេះ មិនមែន​ជា​ការដួល​រលំ ដោយសារ​ការ​ក្ស័យ​ធន​នោះ​ឡើយ ហើយ​ថា ដោយសារ​តែ​ការផ្លាស់​ប្ដូរ​ទីតាំង​ពី​ភ្នំពេញ ដែល​មាន​តម្លៃ​ជួល​ថ្លៃ និង​តាម​ការបញ្ជា​របស់​រដ្ឋាភិបាល ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​រោងចក្រ​នៅ​កណ្ដាល​ទីក្រុង និង​ដោយសារ​រោងចក្រ​ខ្លះ​បិទ​ទ្វារ ហើយ​ទៅ​បើក​ថ្មី​មួយ​ទៀត ដោយ​មើល​ឃើញ​ថា រដ្ឋាភិបាល​បាន​អនុគ្រោះ​ពន្ធ ចំនួន ៥​ឆ្នាំ ហើយ​រោងចក្រ​ទាំង​អស់​នោះ បំភ្លេច​ចោល​នូវ​ប្រាក់​អតីត​ភាព​ការងារ​របស់​កម្មករ។

លោក ជា មុនី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការបិទ​ទ្វារ​រោងចក្រ​ទាំង​អស់​នោះ ចន្លោះ​ពី​ចុង​ឆ្នាំ ២០០៧ មក​ចុង​ឆ្នាំ​២០០៨ មាន​កម្មករ​ប្រមាណ ២៧.០០០​នាក់ ដែល​បាន​បោះបង់​ការងារ​រោងចក្រ​កាត់ដេរ ហើយ​ទៅ​រក​ការងារ​ថ្មី។

លោក ជា មុនី បាន​បន្ត​ថា តាម​ការស្ទង់​របស់​សហជីព ចំនួន​កម្មករ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការធ្លាក់​ចុះ​ខ្លះ​ដែរ ហើយ​ថា បើ​តាម​ការ​រក​ឃើញ​របស់​សហជីព មាន​កម្មករ​ប្រមាណ ៣០​ភាគរយ នៃ​កម្មករ​រោងចក្រ​ស្បែក​ជើង​ក្នុង​ប្រទេស​កម្ពុជា ជា​ក្មេង​ពុំ​ទាន់​គ្រប់​អាយុ។

ទោះ​ជា​យ៉ាង​ណា​បើ​តាម​មន្ត្រី​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក កាំង ម៉ូនីកា បាន​ឲ្យ​ដឹង​ថា ការបិទ​ទ្វារ​របស់​រោងចក្រ​ទាំង​នោះ គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ ជា​ពិសេស ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​បាន​ទិញ​ផលិតផល​សម្លៀក​បំពាក់​ប្រមាណ ៧០​ភាគរយ​នៃ​ផលិតផល​សម្លៀក​បំពាក់​ផលិត​ដោយ​កម្ពុជា និង​បញ្ហា​ទាំង​ឡាយ ដែល​ជា​ឥទ្ធិពល​របស់​សហជីព​កម្មករ​រោងចក្រ ដែល​សព្វថ្ងៃ មាន​ចំនួន​រហូត​ដល់​ទៅ​ប្រមាណ ១.០០០​សហជីព។

លោក កាំង ម៉ូនីកា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០០៨​នេះ គេ​មិន​រំពឹង​ថា នឹង​មាន​ការបើក​រោងចក្រ​បន្ថែម​ទៀត​ឡើយ ៖ «ខ្លះ​ទៅ​ដោយសារ​ខ្វះ​ការបញ្ជា​ទិញ​ពី​ខាង​ក្រៅ​មក ហើយ​អ្នក​ខ្លះ​ទៀត ក៏​មាន​បញ្ហា​ទាក់ទង​ទៅ​នឹង​រឿង​សហជីព​អី​មួយ​ចំនួន​តូច​អ៊ីចឹង​ដែរ។ ឆ្នាំ​នេះ យើង​ឃើញ​ហើយ​ស្ថានភាព​គឺ​អត់​ល្អ​ទេ យើង​មិន​សង្ឃឹម​ថា មាន​រោងចក្រ​បន្ថែម​ទៀត នឹង​មក​ទេ ហើយ​រហូត​យើង​ត្រូវ​រង់ចាំ​ទៅ​ដល់​ឆ្នាំ​ក្រោយ រហូត​ដល់​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ហ្នឹង​បន្តិច»

បើ​តាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ ILO បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា វិស័យ​កាត់ដេរ ដែល​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច បាន​ផ្ដល់​ការងារ​ដល់​ពលករ​ប្រមាណ ៣៥០.០០០​នាក់ ហើយ​មាន​មនុស្ស​យ៉ាង​ហោច​ប្រមាណ ១.៧​លាន​នាក់ បាន​និង​កំពុង​តែ​ពឹង​ផ្អែក​លើ​វិស័យ​នេះ៕