លោក កាន់ ឆេងកើត តំណាងឲ្យរោងចក្រ Sky High មានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ ខាងលិចជាយទីក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា រោងចក្រចាប់ផ្តើមដំណើរការជាធម្មតាវិញហើយនៅថៃ្ងច័ន្ទនេះ ៖ «ថ្ងៃហ្នឹងគេចាប់ដំណើរការធ្វើការហើយ ចូលច្រើនដែរ ប៉ុន្តែខ្ញុំអត់ទាន់បានសរុប»។
ការចាប់ផ្តើមដំណើរការរោងចក្រនេះ នៅគ្រាដែលការទាមទាររបស់កម្មករមិនទាន់បានដោះស្រាយនៅទ្បើយទេ។
លោក ហែម ហឿន ជាកម្មករម្នាក់ក្នុងចំណោមកម្មករជាង ៣.០០០នាក់ ដែលរងការបង្ក្រាបដោយអំពើហិង្សាពីសំណាក់កងប្រដាប់អាវុធកាលពីថៃ្ងសៅរ៍កន្លងទៅនេះ បណ្តាលឲ្យក្អកធ្លាក់ឈាម បានថែ្លងថា លោកមិនហ៊ានចូលធ្វើការងារនៅរោងចក្រនោះវិញទេដោយសារតែមានការភ័យខ្លាចនៅឡើយ ៖ «ខ្ញុំអត់ចូលធ្វើការ ព្រោះអីដំណោះស្រាយរបស់ខ្ញុំទាំងប៉ុន្មានហ្នឹងអត់ទាន់បាន»។
លោក ចាន់ ដារី ជាកម្មករម្នាក់ទៀតបានថែ្លងថា លោកមិនហ៊ានបន្តធ្វើកូដកម្មទៀតទេ ៖ «ព្រោះថ្ងៃមុនមានបញ្ហាបាញ់បោះទៅលើកម្មករ គំរាមកំហែងកម្មករ ដើរវ៉ៃកម្មករ កម្មករមួយចំនួនគេបានទៅផ្ទះហើយ ម៉ែឪគេយំផងអីផងយកទៅផ្ទះ»។
កាលពីព្រឹកថៃ្ងសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ កម្មករប្រមាណជាង ៣.០០០នាក់ នៃរោងចក្រតម្បាញ Sky High នៅខាងលិចជាយទីក្រុងភ្នំពេញ បានរងការបង្រ្កាបដោយកងប្រដាប់អាវុធបានបណ្តាលឲ្យកម្មករជាច្រើននាក់រងរបួសបែកក្បាល បាក់ជើង និងមួយចំនួនទៀតកំពុងតែរត់លាក់ខ្លួនពីការស្វែងរកចាប់ខ្លួនដោយសមត្ថកិច្ចនគរបាលនោះ។
កម្មករចំនួនប្រមាណ១៩នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌដង្កោ បានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថៃ្ងសៅរ៍កន្លងទៅ ក្រោយពីបានសាកសួរចម្លើយនិងបានតម្រូវឲ្យចុះហត្ថលេខាលើកិច្ចសន្យាមួយហាមមិនឲ្យចូលរួមនិងដឹកនាំកូដកម្មឬបាតុកម្មនៅថៃ្ងខាងមុខ។
ក្រុមកម្មករជាង ៣.០០០នាក់នោះ បានធ្វើកូដកម្មជិតមួយសប្តាហ៍កន្លងមកហើយ ដើម្បីសម្ដែងការជំទាស់នឹងថៅកែរោងចក្រ Sky High នោះ ដែលបានប្តូរឈ្មោះរោងចក្រពីឈ្មោះ Von Rek មកឈ្មោះ Sky High វិញ ជាលេសដើម្បីគេចវេះពីការបើកប្រាក់ខែកម្មករម្នាក់ៗ ៥០ដុល្លារក្នុងខែ សម្រាប់កម្មករជាង ៣.០០០នាក់នោះ ឬបំភ្លេចអតីតភាពរបស់កម្មករទាំងនោះ នេះបើផែ្អកតាមការអះអាងរបស់កម្មករដែលតវ៉ា។
ក្រុមកម្មករបានទាមទារឲ្យថៅកែរោងចក្រ Sky High នោះ រំសាយក្រុមសហជីពមួយនៅរោងចក្រដោយកម្មករបានចោទប្រកាន់ថា មានភាពលំអៀងទៅថៅកែរោងចក្រ ហើយបែរជាមកគាបសង្កត់ក្រុមកម្មករទៅវិញ។
លោក ជា មុនី ប្រធាននៃសហជីពកម្មករសេរីកម្ពុជា បានប្រតិកម្មថា ៖ «ជាអំពើបង្រ្កាបដោយហិង្សាមួយ ដែលធ្វើឲ្យកម្មករ កម្មការិនីបាក់ស្បាត។ ការដោះស្រាយនេះគឺថា ខាងក្រសួងពាក់ព័ន្ធគឺក្រសួងការងារនេះ អសមត្ថភាពដោះស្រាយឲ្យបងប្អូនកម្មករកម្មការិនីទៅតាមផ្លូវច្បាប់»។
ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្ននេះ រោងចក្រកាត់ដេរចំនួនប្រមាណ ៧៨រោងចក្រនៅក្នុងចំណោម ៤៥០រោងចក្រ នៅទូទាំងប្រទេសកម្ពុជា បានបិទទ្វារនិងព្យួរការងារកម្មករចំនួនជាង ៦០.០០០នាក់ក្នុងចំណោមកម្មករសរុបជាង ៣៤០.០០០នាក់ ដោយសារការប៉ះទង្គិចពីវិបត្តិសេដ្ឋកិច្ចពិភពលោក៕
