កម្មកររោងចក្រតម្បាញ វិនសាន់ (Win Sand) ជាង ១០០នាក់បានធ្វើកូដកម្មតវ៉ាឲ្យថៅកែរបស់ខ្លួន បើកប្រាក់ឈ្នួលគ្រប់ចំនួនឲ្យពួកគេ និងទាមទារឲ្យថៅកែទទួលយកម្មករដែលបានបញ្ឈប់ពីការងារជាង ៥០នាក់ឲ្យចូលធ្វើការវិញ។
មន្រ្តីសហជីពសេរីកម្មករកម្ពុជា ឈុន សំអូន បានមានប្រសាសន៍នៅថ្ងៃទី៥ មករាថា កម្មករទាំងអស់នោះបានដាក់ពាក្យបណ្តឹងប្តឹងថៅកែរោងចក្រ វិនសាន់ ទៅមន្ទីរការងារខែត្រកណ្តាលដោយ ទាមទារឲ្យថៅបើកប្រាក់ខែគ្រប់ចំនួនឲ្យពួកគេវិញសុំឲ្យទទួលយកកម្មករប្រមាណ ៥០នាក់ដែលថៅកែបានបញ្ឈប់ដោយគ្មានមូលហេតុឲ្យចូលធ្វើការវិញ និងសុំឲ្យរៀបចំប័ណ្ណសម្គាល់ខ្លួនកម្មករឲ្យបានច្បាស់លាស់។
លោក ឈុន សំអូន មានប្រសាសន៍បន្ថែមថា ៖ «ប័ណ្ណសម្គាល់ខ្លួនហ្នឹងឲ្យបានច្បាស់លាស់ត្រឹមត្រូវមកគាត់ធ្វើប័ណ្ណសម្គាល់ដូចជាអត់យកជាការបានសោះ គ្មានថ្ងៃខែបរិច្ឆេទចូលធ្វើការសោះ»។
ក្រុមកម្មករបាននិយាយថា រោងចក្រនេះទើបបានបើកដំណើរការបានចំនួន ៤ខែកន្លងមកទេដែលឲ្យប្រាក់ខែពួកគេក្នុងម្នាក់ចំនួន ៤៥ដុល្លារ។ ប៉ុន្តែនៅចុងក្រោយនេះពួកគេធ្វើការបានមួយខែកន្លះ គឺថៅកែបានបើកឲ្យពួកគេតែ ៣៧ដុល្លារទេ។ ជាមួយគ្នានៅពេលដែលកម្មករមួយចំនួនធ្វើការតវ៉ាដើម្បីបើកប្រាក់ខែបង្រ្គប់បែរជាតំណាងរោងចក្របានធ្វើលិខិតមួយច្បាប់បង្ខំឲ្យពួកគេផ្តិតមេដៃ ដោយសន្យាថា គេនឹងបើកប្រាក់ខែនោះជូន ប៉ុន្តែពេលបានមេដៃគេបែរបញ្ឈប់ការងារកម្មករទៅវិញ។
កម្មករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា ៖ «គំរាមពួកខ្ញុំអញ្ចឹងហើយ ខ្ញុំធ្វើអីគេមិនកើតបានត្រឹមផ្តឹតមេដៃហើយគេដេញចេញឥឡូវនៅក្រៅរោងចក្រនៅហាលក្តៅអត់បាយក្រហាយទឹក»។
កម្មករដែលសុំមិនបញ្ចេញឈ្មោះម្នាក់ទៀតបន្ថែមថា ៖ «មិនពេញចិត្តគេដេញកម្មករទីណាត់ទីណែងគ្នាចេញ ហើយយំផងអីផង ហើយណាមួយបើកលុយបាត់រាល់ខែបងឯងមើល! អាសូរតែលុយច្រើនទៅ លុយតែប៉ុណ្ណឹងហ្នឹង»។
ចំណែកកម្មករដែលសុំមិនបញ្ចេញឈ្មោះម្នាក់ទៀតក៏បានបន្ថែមថា ៖ «ពេលពួកខ្ញុំតវ៉ាធ្វើកូដកម្មហ្នឹងគំរាមខ្ញុំថា ចាំមើលដកពួកខ្ញុំចោល លេងឲ្យលេខរៀងឲ្យផ្តិតមេដៃម្តងម្នាក់ៗ ពួកខ្ញុំអត់ដឹងល្ងង់ខ្លៅស្រាប់ផ្តិតមេដៃទៅអត់មានបានអី ផ្ទុយទៅវិញគេថា ខ្ញុំលាលែងតំណែង...»។
មន្រ្តីរដ្ឋបាលរោងចក្រ វិនសាន់ លោក ស៊ិន តិចប៊ុន បានបំភ្លឺថា ពុំមានការបញ្ឈប់កម្មករពីការងារ នោះទេ ប៉ុន្តែលោកបានទទួលស្គាល់ថា កន្លងមកគឺមានការយឺតយ៉ាវក្នុងការបើកប្រាក់ខែនោះមែន ដោយសារបញ្ហាបច្ចេកទេស។
លោក ស៊ិន តិចប៊ុន មានប្រសាសន៍បន្ថែម ៖ «អូរ!អាហ្នឹងគ្រាន់តែបញ្ហាប្រាក់ខែ គ្រាន់តែមិនទាន់ពន្យល់គាត់ថា អ្នកខ្លះគឺរោងចក្រកំពុងត្រៀមគិតបើកឲ្យគាត់ណាបង។ គាត់សុំលាឈប់ដោយខ្លួនឯងគាត់លាឈប់ក៏រោងចក្រមិនបង្ខិតបង្ខំឲ្យគាត់ថា ដាច់ខែត្រូវតែធ្វើការអីដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខែត្រកណ្តាល គឺលោក ផល នៀង បានទេនៅថ្ងៃទី៥ មករា ដើម្បីសួរថា តើមន្ទីរការងារនឹងដោះស្រាយបែបណាអំពីបញ្ហានេះ?
ក្រុមកម្មករដដែលបានអះអាងកន្លងមកថា ថៅកែបានសន្យាបើកប្រាក់ខែបង្រ្គប់ឲ្យពួកគេជាច្រើនលើកមកហើយ ប៉ុន្តែមិនបានធ្វើដូចសន្យានោះទេ៕
