កម្មករ​រោងចក្រ​តាក់ហ្វាត​ស្វែង​រក​​អន្តរាគមន៍​ពី​ប្រមុខ​​រដ្ឋាភិបាល

រោងចក្រ​កាត់ដេរ​តាក់ហ្វាត​នៅ​ក្នុង​ខណ្ឌ​មានជ័យ បាន​ព្យួរ​ការងារ​កម្មករ​ជិត​២.០០០​នាក់ អស់​រយៈពេល​ជា​ច្រើន​ខែ​ដោយសារ​ក្ស័យ​ធន នាំ​ឲ្យ​ក្រុម​កម្មករ​ទាំង​នោះ​ស្វែង​រក​​កិច្ចអន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្ដាច់​កិច្ចសន្យា​របស់​ពួកគេ។

0:00 / 0:00

កម្មករ​កាត់​ដេរ​នៃ​រោងចក្រ​តាក់ហ្វាត​ជាង​១៨០០​នាក់ នៅ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ជាយ​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​ច័ន្ទ ទី​១៩ ខែ​តុលា បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​នេះ ផ្តាច់​កិច្ចសន្យា​ទាំង​អស់​របស់​កម្មករ ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​ពួកគាត់ ដោយសារ​តែ​រោងចក្រ​នេះ​កំពុង​តែ​ព្យួរ​ការងារ​កម្មករ​ជិត​១​ឆ្នាំ​មក​ហើយ និង​ជំពាក់​ប្រាក់ខែ​កម្មករ​ជាច្រើន​មក​ហើយ​ដែរ។

លោក មាស សម្ភស្ស ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ញត្តិ​និង​បណ្ដឹង​តវ៉ា​នោះ ត្រូវ​បាន​តំណាង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​ហើយ​នៅ​ថ្ងៃ​ច័ន្ទ (១៩ តុលា)​នេះ។

លោក មាស សម្ភស្ស មាន​ប្រសាសន៍​ដូច្នេះ ៖ «ពួក​យើង​ខ្ញុំ​មាន​ទំនុក​ចិត្ត​ហើយ ហើយ​គាត់​ក៏​ជឿ​ជាក់​ថា ប្រហែល​ជា​មិន​យូរ​ទេ​រោងចក្រ​ហ្នឹង។ គាត់​និយាយ​ថា មិន​ត្រឹមត្រូវ​ទេ​ក្នុង​ការ​ព្យួរ​ការងារ​តាំង​ពី​ខែ​២ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​កម្មករ​មាន​ផល​វិបាក​ខ្លាំង​ណាស់ បើ​សិន​ជា​គាត់​មិន​អាច​ធ្វើ​អាជីវកម្ម​ទៀត​ទេ សូម​ឲ្យ​មាន​ការ​បិទ​រោងចក្រ ទូទាត់​ផ្ដាច់​កិច្ចសន្យា​ឲ្យ​ពួកគាត់​ទៅ។ យើង​បាន​ដាក់​ទៅ​ដល់​គាត់​ហើយ គាត់​ថា ឲ្យ​ពួក​យើង​ខ្ញុំ​វិល​ត្រឡប់​មក​វិញ រង់ចាំ​ដំណោះ​ស្រាយ​គាត់ គាត់​សុំ​ពេល​មួយ​រយៈ​ដើម្បី​ដោះស្រាយ​ឲ្យ»

កម្មករ​កាត់ដេរ​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​កម្មករ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​តាក់ហ្វាត​នោះ បាន​ថែ្លង​ថា កម្មករ​កំពុង​តែ​ជួប​ប្រទះ​ស្ថានការណ៍​លំបាក​យ៉ាង​ខ្លាំង​នា​ពេល​នេះ ៖ «ពួក​ខ្ញុំ​១៨២៣​នាក់ ជួប​ទុក្ខ​លំបាក​ជា​យូរ​មក​ហើយ ដែល​ក្រុមហ៊ុន​ធ្វើ​បាប ព្យួរ​ការងារ​ជិត​មួយ​ឆ្នាំ​ហើយ ដល់​ឥឡូវ​ឲ្យ​ពួក​ខ្ញុំ​ព្យួរ​ពីរ​ខែ ឲ្យ​ម្នាក់​តែ​១០​ដុល្លារ ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ សំណូម​ពរ​ឲ្យ​សម្ដេច​តេជោ ហ៊ុន សែន ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​ពួកខ្ញុំ​ជួប​ទុក្ខ​លំបាក​ខ្លាំង​ណាស់ សុទ្ធ​តែ​កម្មករ​ក្រីក្រ​ទាំង​អស់»

តំណាង​ម្នាក់​នៃ​រោងចក្រ​តាក់ហ្វាត ដែល​ទើប​បាន​លា​ឈប់​ពី​ការងារ​នៅ​រោងចក្រ​នោះ បាន​ថែ្លង​ថា រោងចក្រ​នេះ​គ្មាន​ការ​ទទួល​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​រយៈ​ពេល​១​ឆ្នាំ​មក​ហើយ ហើយ​រោងចក្រ​នេះ​កំពុង​តែ​ក្ស័យ​ធន ៖ «ជិត​មួយ​ឆ្នាំ​អី​ដែរ ដែល​អត់​មាន​ការ​បញ្ជា​ទិញ ហ្នឹង​ត្រឹម​ថ្ងៃ​៧ ខ្ញុំ​នៅ​ធ្វើ​ត្រឹម​ថ្ងៃ​៧ ខ្ញុំ​ដឹង ឥឡូវ​មិន​ដឹង​យ៉ាង​ម៉េច​ដែរ ព្រោះ​ខ្ញុំ​អត់​ដែល​បាន​ទៅ»

គេ​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​ភ្លាមៗ​ទេ ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​តំណាង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​របស់​កម្មករ​ខាង​លើ​នេះ ប៉ុន្តែ​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា ញត្តិ​និង​សំណើ​របស់​ពួកគាត់ បាន​ដាក់​ទៅ​ក្រសួង​ការងារ​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ទៅ​ហើយ កាល​ពី​ពេល​ថ្មីៗ​នេះ។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ បាន​ទៅ​ដឹក​នាំ​ការ​តវ៉ា​របស់​កម្មករ​ទាំង​នោះ​ផង​ដែរ ហើយ​បាន​សន្យា​ថា លោក​នឹង​តាម​ឃ្លាំ​មើល​ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ។

ប្រភព​ពី​តំណាង​កម្មករ​និង​សហជីព​កម្មករ បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​ឈ្មោះ​តាក់ហ្វាត​នោះ បាន​ព្យួរ​ការងារ​កម្មករ​សរុប​ជាង​១៨០០​នាក់ ចាប់​តាំង​ពី​ថៃ្ង​ទី​១៤ ខែ​កុម្ភៈ ដើម​ឆ្នាំ​២០០៩ រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​មាន​គម្រោង​ការ​ចង់​ព្យួរ​ការងារ​កម្មករ​ទាំង​នោះ​ចំនួន​ជាង​២​ខែ​ទៀត ដោយសារ​តែ​គ្មាន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​ក្រៅ​តាំង​ពី​ដើម​ឆ្នាំ​២០០៨​មក។

ថៅកែ​រោងចក្រ​តាក់ហ្វាត បាន​ផ្តល់​ប្រាក់​ខែ​ឲ្យ​កម្មករ​ព្យួរ​ការងារ​នោះ ចំនួន​១២​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ប្រៀបធៀប​ទៅ​នឹង​ប្រាក់​ខែ​ពេញ​របស់​កម្មករ​ជា​មធ្យម​៦០​ដុល្លារ​ក្នុង​មួយ​ខែ៕