កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ធ្វើ​កូដកម្ម​រក​ដំណោះស្រាយ

2012-02-22

កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ មេនហាតថេន (Manhattan) នៅ​ខែត្រ​កំពង់ចាម បាន​ធ្វើ​កូដកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ ពុំ​មាន​លទ្ធផល​នោះ​ឡើយ ទោះ​បី​ជា​ពួកគេ​ជិត​ពីរ​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ហែ​ក្បួន​ពី​រោងចក្រ​មក​សាលា​ខែត្រ ដើម្បី​ឲ្យ​លោក​អភិបាល​ខែត្រ​ជួយ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ក្ដី។

RFA/Tin Zakariya

កម្មករ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ មេនហាតថេន (Manhattan) នៅ​ខែត្រ​កំពង់ចាម ធ្វើ​ដំណើរ​ហែ​ក្បួន​ពី​រោងចក្រ​មក​សាលា​ខែត្រ ដើម្បី​ឲ្យ​លោក​អភិបាល​ខែត្រ​ជួយ​ដោះស្រាយ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១២។

តំណាង​កម្មករ​រោងចក្រ​កាត់​ដេរ មេនហាតថេន ខែត្រ​កំពង់ចាម បាន​ឲ្យ​ដឹង​ថា កម្មករ កម្មការិនី​ជិត​ពីរ​ពាន់​នាក់​នឹង​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៧ នៅ​ពេល​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​ខែត្រ និង​មន្ទីរ​ការងារ​មិន​រក​ដំណោះស្រាយ​ជូន​កម្មករ​ចំនួន ១២​ចំណុច ដូច​ដែល​កម្មករ​បាន​ទាមទារ​ទេ​នោះ។

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​តំណាង​កម្មករ​ចំនួន ៤​រូប បាន​ចូល​ជួប​អភិបាល​រង​ខែត្រ​កំពង់ចាម នៅ​សាលា​ខែត្រ និង​មន្ត្រី​មន្ទីរ​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ខណៈ​កម្មករ​ជិត ២​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​ដើរ​ហែ​ក្បួន​ពី​រោងចក្រ​មក​មុខ​សាលា​ខែត្រ​កំពង់ចាម ដើម្បី​ឲ្យ​អភិបាល​ខែត្រ​ជួយ​ជំរុញ​ភាគី​ក្រុមហ៊ុន​គោរព​ទៅ​តាម​ការ​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ឲ្យ​ក្រុមហ៊ុន​អនុវត្ត​នូវ​ការ​ទាមទារ​របស់​កម្មករ​ទាំង ១២​ចំណុច តែ​មិន​បាន​សម្រេច​នោះ។

លោក យ៉ាន់ រ័ត្នកែវពិសី ជា​មន្ត្រី​ដោះស្រាយ​វិវាទ​ការងារ​នៃ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ខាង​អភិបាល​រង​ខែត្រ​បាន​សន្យា​ថា លោក​នឹង​ជំរុញ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​បញ្ហា​វិវាទ​នេះ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​គួរ​តែ​ដាក់​គំនាប​ទៅ​លើ​ភាគី​ក្រុមហ៊ុន​ដែល​មិន​គោរព​សិទ្ធិ​កម្មករ រំលោភ​ច្បាប់​ការងារ ពិសេស​មិន​គោរព​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

លោក យ៉ាន់ រ័ត្នកែវពិសី៖ «នាយកដ្ឋាន​ការងារ​ហ្នឹង​គាត់​ថា ថៅកែ​​ពិបាក​ណាស់ ក្បាល​រឹង​ណាស់ ពិបាក​ការ​ដោះស្រាយ​ណាស់ អ៊ីចឹង​ថៅកែ​ម្នាក់​គាត់​មាន​គំនិត​ខូច ធ្វើ​បាប​កម្មករ តើ​ឲ្យ​គាត់​ធ្វើ​បាប​ដដែល ឬ​មួយ​ឲ្យ​ថៅកែ​ហ្នឹង​គោរព​ទៅ​តាម​ច្បាប់?»

ការ​ទាមទារ​របស់​កម្មករ​ចំនួន ១២​ចំណុច ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​នោះ មាន​ដូច​ជា សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​កិច្ចសន្យា​ការងារ​ដែល​កំណត់​ថេរវេលា​របស់​កម្មករ និយោជក ដែល​ធ្វើការ​លើស​ពី ២​ឆ្នាំ ទៅ​ជា​កិច្ចសន្យា​មាន​ថិរវេលា​មិន​កំណត់។ ទាមទារ​ឲ្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ពីរ​ខែ​ដល់​កម្មករ និយោជក ដែល​ពួក​គាត់​មាន​កិច្ចសន្យា​មិន​កំណត់​ពេល​វេលា ដែល​បាន​សុំ​ឈប់​ពី​ការងារ​នោះ។ សុំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​កន្លែង​ដាក់​យាន​ជំនិះ​របស់​កម្មករ ហើយ​ប្រសិន​បើ​បាត់​ក្នុង​រោងចក្រ​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ និង​ចំណុច​ផ្សេងៗ​ទៀត។

ក្រុម​កម្មករ​បាន​លើក​ឡើង​ថា តំណាង​ក្រុមហ៊ុន​ជនជាតិ​ចិន មិន​គោរព​សិទ្ធិ​កម្មករ​នោះ​ទេ ពេល​ធ្វើ​ការ​គេ​តម្រូវ​ឲ្យ​កម្មករ​ដោះ​ស្បែក​ជើង មាន​ការ​រើស​អើង​សហជីព។ នៅ​ពេល​ដឹង​ថា អ្នក​ណា​ម្នាក់​ជាប់​សាច់​ញាតិ​ជាមួយ​តំណាង​កម្មករ​គេ​បញ្ឈប់​អ្នក​នោះ​ពី​ការងារ។ កម្មករ​បាន​អះអាង​ថា ថ្មីៗ​នេះ ថៅ​កែ​បាន​បញ្ឈប់​កម្មករ និង​តំណាង​កម្មករ​ចំនួន​បី​នាក់​ហើយ៖ «គាប​សង្កត់​កម្មករ​ណាស់ ហើយ​មិន​ហ៊ាន​តវ៉ា​ទៀត ដល់​ពេល​កំណត់​គេ​ដក​ចេញ»

ប្រធាន​រដ្ឋបាល​សួន​ឧស្សាហកម្ម មេតហាតថេន លោក សម សីហា មិន​ធ្វើ​អធិប្បាយ​លើ​ករណី​កម្មករ​ធ្វើ​កូដកម្ម​នេះ​ទេ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១២ ដោយ​លោក​ប្រាប់​ថា​ជាប់​ប្រជុំ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខែត្រ​កំពង់ចាម លោក ចេង ហ៊ាង មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​យ៉ាង​ណា​នោះ លោក​រង់ចាំ​ការ​សម្រេច​ជា​ថ្មី​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ម្ដង​ទៀត ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​នៅ​តែ​មិន​គោរព​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ទៀត មាន​តែ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។

លោក ចេង ហ៊ាង បាន​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ លោក​បាន​ទៅ​សម្របសម្រួល​រវាង​ភាគី​កម្មករ និង​ភាគី​ក្រុមហ៊ុន គឺ​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ចំនួន​បី​ចំណុច​ហើយ ក្នុង​ចំណោម ១២​ចំណុច​ដែល​កម្មករ​ទាមទារ​នោះ។

កម្មករ​រោងចក្រ មេតហាតថេន ធ្វើ​កូដកម្ម​នេះ ជា​ថ្ងៃ​ទី​៣​ហើយ​ដែល​ពួក​គេ​បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​តាំង​ពី​ថ្ងៃ​ទី​២០ កុម្ភៈ មក។ ការ​ធ្វើ​កូដកម្ម​នេះ នៅ​ស្រប​ពេល​កម្មករ​រោងចក្រ​ផលិត​ស្បែក​ជើង​កៅវ៉េ (Kaoway) នៅ​ក្រុង​បាវិត ខែត្រ​ស្វាយរៀង បាន​ធ្វើ​កូដកម្ម ហើយ​មាន​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​កម្មករ​របួស​​ចំនួន​បី​នាក់​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​កម្មករ​បាន​លើក​ឡើង​ថា ពួកគេ​នឹង​ដឹក​នាំ​កម្មករ​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​ទៀត ដើម្បី​រក​ដំណោះ​ស្រាយ បើ​មិន​ដូច្នោះ​ទេ កម្មករ​ជិត ២​ពាន់​នាក់ ក្នុង​កម្មករ​សួន​ឧស្សាហកម្ម​មេតហាតថេន ជាង ៣​ពាន់​នាក់ នឹង​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៦ ឬ​ក៏​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាសា​លា​ខែត្រ​ទៀត ដើម្បី​សុំ​ឲ្យ​លោក​អភិបាល​ខែត្រ​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 23, 2012 03:15 AM

អ្នក​អាន​អនាមិក :

Feb 22, 2012 09:26 AM

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

កម្មករ​ប្រមាណ​៣​ពាន់​នាក់​នៅ​ខេត្ត​កណ្ដាល​ធ្វើ​កូដកម្ម

សកម្មជន​ការពារ​ព្រៃឈើ​ ៦០០ នាក់ នឹង​ទៅ​កន្លែង​គេ​បាញ់​លោក ឈុត វុទ្ធី

បុគ្គលិក​ពេទ្យ​ខេត្ត​សៀមរាប​ខ្លះ រអ៊ូ​រឿង​បើក​ប្រាក់​ហិរញ្ញប្បទាន​យឺត

សន្តិសុខ​​ថៃ​បាញ់​បំបែក​ហ្វូង​កូដករ​ខ្មែរ​ដែល​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ

សង្គម​ស៊ីវិល​ជិត​២០​ស្ថាប័ន​ជួប​ប្រជុំ​តវ៉ា​ឲ្យ​រដ្ឋាភិបាល​​បញ្ចុះ​តម្លៃ​ប្រេង​សាំង

ពលរដ្ឋ​នៅ​ក្រចេះ​បិទ​ផ្លូវ​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង

បុគ្គលិក​ក្រុមហ៊ុន​កាំមីនតែល​ធ្វើ​កូដកម្ម

ពលរដ្ឋ​មាន​ជម្លោះ​ដី​នាំ​គ្នា​តវ៉ា​ស្រប​ពេល​​មាន​កិច្ច​ប្រជុំ​អាស៊ាន

កំណាត់​ផ្លូវ​ជាតិ​លេខ ៧៦ ទៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ បើក​វិញ​ហើយ

កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​ធ្វើ​បាតុកម្ម​ប្រឆាំង​គយ​ចល័ត




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org