មន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹងថា គេកំពុងតែរៀបចំសំណុំឯកសារនានា ដើម្បីដោះលែងលោក ហង្ស ចក្រា នៅពេលឆាប់ៗនេះ ដោយមានការយល់ព្រមពីដើមបណ្ដឹងគឺលោក សុខ អាន ជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាឧបនាយករដ្ឋមន្រ្តី។
កូនស្រីរបស់លោក ហង្ស ចក្រា កញ្ញា ហង្ស ពិសី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងសៅរ៍ ទី២៧ កុម្ភៈនេះ នៅក្នុងពិធីតូចមួយ ទទួលអំណោយជាប្រាក់មួយចំនួនពីម្ចាស់អំណោយបរទេសតាមរយៈក្លឹបអ្នកកាសែតកម្ពុជាថា ៖ «សូមឲ្យព្រះមហាក្សត្រ ក៏ដូចជារដ្ឋាភិបាលសុំឲ្យគាត់ដោះលែងប៉ាខ្ញុំឲ្យបានឆាប់ បានមុនពេលបុណ្យចូលឆ្នាំខ្មែរ ឲ្យគាត់មកជួបជុំក្រុមគ្រួសារវិញព្រោះពួកខ្ញុំរាល់ថ្ងៃពិបាក ចង់ឲ្យគាត់មករស់នៅក្បែរ។ និយាយរួមទោះជាអត់មានអីក៏ដោយ ឲ្យតែមានប៉ានៅក្នុងផ្ទះ»។
ភរិយារបស់លោក ហង្ស ចក្រា លោកស្រី ស៊ឹម សួគ៌ា អាយុ៥៤ឆ្នាំ បានថែ្លងថា ៖ «បើសិនជាដោះលែងវិញ ខ្ញុំមិនដឹងជារកអ្វីមកប្រៀបបានទេ បើថា បានដោះលែងខ្ញុំសប្បាយមែនទែនតែម្ដង»។
ទាក់ទងនឹងការទទួចស្នើសុំរបស់ក្រុមគ្រួសារខាងលើនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាមន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា មានសញ្ញាវិជ្ជាមានក្នុងការដោះលែងឆាប់ៗនេះ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «ចាំខ្ញុំជជែកជាមួយឯកឧត្ដមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហើយ ប៉ុន្តែខ្ញុំបានសួរឯកឧត្ដម សុខ អាន ហើយ យើងនឹងរៀបចំសម្រួលការងារហ្នឹង។ ប៉ុន្តែសូមជម្រាបថា គឺខុសអំពីការនិយាយបកស្រាយរបស់អ្នកកាសែតគ្មានព្រំដែនដែលសរសេរបង្កាច់ថា ស្អីឯណាទៅបង្ខំឲ្យ ហង្ស ចក្រា ត្រូវចូលជាមួយគណបក្សប្រជាជន ជាមួយរដ្ឋាភិបាល គឺអត់មានទេ។ អ្នកដែលនិយាយហ្នឹង បើនិយាយតាមពិត ជាជំហររដ្ឋាភិបាលគេចង់បន្តឲ្យគ្រប់១២ខែឯណោះ អ៊ីចឹងអ្នកដែលនិយាយហ្នឹងអត់បានចំណេញអីទាំងអស់ ហើយគ្មានយល់សភាពការណ៍អីទាំងអស់ ប៉ុន្តែឯកឧត្ដម សុខ អាន គាត់យល់អំពីមនុស្សធម៌ គាត់យល់អំពីការលំបាកហ្នឹង គាត់បាននិយាយផ្ទាល់មាត់ជាមួយខ្ញុំហ្នឹង គឺគាត់អនុគ្រោះ»។
លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍ថា ៖ «...ហាក់ដូចជាមានច្រកវិជ្ជមានច្រើន... ដែលអាចមានការដោះលែង...»។
លោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ត្រូវបានតុលាការរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុករយៈពេល១ឆ្នាំ កាលពីថៃ្ងទី២៦ ខែមិថុនា ឆ្នាំ២០០៩កន្លងទៅ ក្រោមបទផ្សាយព័ត៌មានមិនពិតនិងបទបរិហារកេរ្តិ៍ ដោយសារតែកាសែតរបស់លោកបានផ្សាយព័ត៌មានមួយចំនួនកាលពីខែមេសានិងខែឧសភា ឆ្នាំ២០០៩កន្លងទៅ ចោទប្រកាន់ថា មន្រ្តីនិយមលោក សុខ អាន ប្រឈមមុខនឹងការដកចេញពីតំណែងជាច្រើននាក់ និងអត្ថបទនិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំបែកសំបុកមន្រ្តីអាក្រក់និងពុករលួយនៅជុំវិញលោក សុខ អាន។
លោក សុខ អាន ឧបនាយរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ធ្លាប់បានបដិសេធនៅក្នុងសភាជាតិកាលពីឆ្នាំ២០០៩កន្លងទៅ ចំពោះការចោទប្រកាន់នោះ។
ប្រភពពីគ្រួសារបានឲ្យដឹងថា លោក ហង្ស ចក្រា កំពុងតែមានជំងឺហត់ លើសឈាមនិងជំងឺកន្ទុយថ្លែននៅក្នុងភ្នែក៕
