កសិករ​នៅ​តាកែវ​និង​កំពង់ស្ពឺ​រអ៊ូ​ពី​បញ្ហា​ជី​គីមី​ឡើង​ថ្លៃ

កសិករ​នៅ​ខេត្ត​តាកែវ​និង​ខេត្ត​កំពង់ស្ពឺ​បាន​រអ៊ូ​ពី​ជី​គីមី​ឡើង​ថ្លៃ កាន់តែ​ខ្ពស់​ក្នុង​ពេល​ដែល​តម្រូវការ​នា​រដូវ​វស្សា​កើនឡើង ។

0:00 / 0:00

ស្រ្តី​រស់​នៅ​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ អ្នកស្រី សា ម៉ាន់ កំពុង​បោច​ស្មៅ​ក្នុង​ចម្ការ​បន្លែ ត្រឡាច និង​សណ្តែក​កួរ អះអាង​ថា​ក្រោយ​ការបោះ​ឆ្នោត​១​អាណត្តិ ទៅ ១​អាណត្តិ ទំនិញ​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់​ទៅ ។ ក្រុម​គ្រួសារ​គាត់​បែក​ឃ្លាត​គ្នា​ស្វែងរក​ចំណូល​ជួយ​គ្រួសារ ។ កូនៗ​បោះបង់​ចោល​សាលា​បែរ​មក​ធ្វើ​កម្មករ​យក​កម្រៃ ។ ប្តី​គាត់​ចេញ​ទៅ​ជួល​ដី​គេ ឯ​ខេត្ត​ផ្សេង​ដាំ​បន្លែ ឯ​គាត់​ខំ​ធ្វើ​ស្រែ​នៅ​ភូមិ​ស្រុក​ជួយ​ទប់​ស្បៀង ។

អ្នកស្រី​ថា​ការសន្យា​របស់​គណបក្ស​នយោបាយ​មុន​បោះ​ឆ្នោត​ថា នឹង​បញ្ចុះ​តម្លៃ​ជី​គីមី​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​កសិករ​ក្នុង​ការប្រើប្រាស់​បង្កើន​ផល​ដំណាំ ។ ប៉ុន្តែ​ក្រោយ​ជាប់​ឆ្នោត​មន្រ្តី​រដ្ឋាភិបាល​តែងតែ​លើកឡើង​ថា ទីផ្សារ​សេរី រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ការឡើង​ថ្លៃ​ទំនិញ​សព្វសារពើ​បាន​ឡើយ ។

អ្នកស្រី សា ម៉ាន់ បាន​ឲ្យ​ដឹង​ថា ៖ «ដូច​ថា​បាន​ពី​ដំណាំ​អ៊ីចឹង យក​ទៅ​ទប់​ទិញ​ហូប ទិញ​សម្លៀក​បំពាក់​កូន​ចៅ​ទៅ នៅ​ខ្វះខាត​ដដែល ។ ទិញ​នៅតែ​ឡើង​ថ្លៃ​ទៀត ឡើងៗ ព្រោះ​អី​ទំនិញ​ឥឡូវ​សុទ្ធតែ​ឡើង​ទាំងអស់ ទាំង​ជី ទាំង​គ្រាប់ ទាំង​ថ្នាំ ។ ជី​ហ្វីលីពីន កាលពី​ឆ្នាំ​មុន​ខ្ញុំ​ទិញ​តម្លៃ​តែ​៦​ម៉ឺន​ជាង ឬ​៥​ម៉ឺន​ទេ ឥឡូវ​នេះ​មួយ​បាវ ១៨៥០០០​រៀល»

អ្នកស្រី សា ម៉ាន់ បាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​ពេល​ផ្លែ​ត្រឡាច សណ្តែក​កួរ និង​ស្រូវ​បាន​ផល គាត់​យក​ទៅ​លក់​ដល់​ភ្នំពេញ ឈ្មួញ​ឲ្យ​តម្លៃ​យ៉ាង​ថោក​តាម​ហាងឆេង​គេ​ទៀត ទើប​ជីវភាព​កសិករ​នៅ​បន្ត​យ៉ាប់យ៉ឺន​ដដែល ។

អ្នកស្រី សា ម៉ាន់ បាន​មាន​ប្រសាសន៍​ថា ៖ «គេ​នៅ​ទីរួមផ្សារ​អ៊ីចឹង គេ​លក់​តម្លៃ ៥​ពាន់ ឬ ៦​ពាន់ ទៅ​តាម​គ្នា​អ៊ីចឹង បើ​កាលណា​យើង​មាន​តែ​របស់​យើង​មានតែ ៧​-​៨​ពាន់ គេ​អត់​មើល​របស់​យើង​ទេ ទាល់តែ​តាម​ហាងឆេង​គេ​អ៊ីចឹង​ដែរ»

ចំណែក​កសិករ​នៅ​ភូមិ​ច្បារមន​វិញ ក្នុង​ឃុំ​កុមារាជា ស្រុក​បាទី ខេត្ត​តាកែវ គាត់​កំពុង​ដាំ​គ្រាប់​ននោង ត្រឡាច ល្ពៅ ក្នុង​ស្រែ​ទួល មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ អ្នកស្រី អៀង ពៅ ឲ្យ​ដឹង​ថា​ជី​គីមី​ឡើង​ថ្លៃ គាត់​បាន​ទៅ​ផ្សំ​រុក្ខជាតិ ទន្រ្ទៀងខែត ស្លឹក​អង្កាញ់ លាមក​គោ ដី​ដំបូក មក​ផ្សំ​ធ្វើ​ជី​ធម្មជាតិ ប៉ុន្តែ​រុក្ខជាតិ​ទាំង​នោះ​មិន​សូវ​សំបូរ គាត់​ត្រូវ​ប្រើ​ជី​គីមី​បន្ថែម រីឯ​ជី​គីមី​ឡើង​ថ្លៃ​គុណ​៣​ដង បើ​ប្រៀបធៀប​ដើម​ឆ្នាំ​មុន ។ គាត់​មិន​រំពឹង​ថា​ប្រាក់​ចំណូល​លក់​បន្លែ​ទាំង​នេះ​អាច​ជួយ​ទប់​ការចំណាយ​ទិញ​អង្ករ​បាន​គ្រាន់​ទេ ។

អ្នកស្រី អៀង ពៅ បន្ត​ថា​កាលពី​ឆ្នាំ​មុន​គាត់​ពុះ​ដី​ស្រែ​៨០​អារ ធ្វើ​ស្រែ​ផង ដាំ​បន្លែ​ផង ។ ននោង​បាន​ផល​ច្រើន​មក​ពី​ទឹក​ភ្លៀង​ជួយ​ស្រោចស្រប់ ។ ឈ្មួញ​ចូល​ទៅ​ទិញ​ដល់​ចម្ការ​ឲ្យ​តម្លៃ​១​ផ្លូន​ជាង​៥០​ផ្លែ​ននោង តែ​១៥០០​រៀល​ទេ តែ​គាត់​អាច​មាន​បា្រក់​ទិញ​អង្ករ​ហូប​មក​ដល់​ខែ​ធ្វើ​ស្រែ​នេះ ។ ឯ​ឆ្នាំ​នេះ​គាត់​បង្កើន​ការដាំ​ននោង ត្រឡាច សណ្តែក​ទ្រើង ដោយ​យក​ដី​ស្រែ​៨០​អារ​មក​ដាំ​ទាំងស្រុង ។ ប៉ុន្តែ​ជី​គីមី​ឡើង​ថ្លៃ គាត់​មិន​សង្ឃឹម​ថា​ប្រាក់​ចំណូល​ដែល​គាត់​រំពឹង​ថា​នឹង​បាន​ច្រើន​នោះ​អាច​យក​មក​ទប់​ថ្លៃ​ទិញ​អង្ករ ប្រហុក អំបិល ស្ករ ប៊ីចេង ខ្ទឹម ម្រេច និង​ជី​គីមី បាន​ឬ​អត់​ទេ ។

អ្នកស្រី អៀង ពៅ បាន​ឲ្យ​ដឹង​ថា ៖ «អា​ហ្នឹង​រួមផ្សំ​គ្នា​ដែរ បើ​ដាក់​តែ​ជី​ក្នុង​ស្រុក​យើង​ហ្នឹង​វា​អត់​គ្រាន់ ដូច​ជា​ទន្រ្ទាន​ខែត អាចម៍​គោ​អី វា​អត់​សូវ​សំបូរ​អ៊ីចឹង ប្រើ​ជី​នោះ​វា​ខ្លាំង​ជាង ។ ឆ្នាំ​នេះ​ជី​គីមី​ឡើង​មួយ​បាវ ១៨​-​១៩​ម៉ឺន​អី​ហើយ ឆ្នាំ​មុន​មួយ​បាវ​តែ​៨​ម៉ឺន ។ បន្លែ​នៅ​សល់​ដដែល»

មេ​ភូមិ​ច្បារមន ឃុំ​កុមារាជា ស្រុក​បាទី ខេត្ត​តាកែវ លោក ជឹម នីថា មាន​ប្រសាសន៍​ថា​ដី​ធ្វើ​កសិកម្ម ស្រូវ និង​បន្លែ​ក្នុង​ភូមិ​នោះ​មាន​៨០​ហិកតា ។ លោក​ថា​កសិករ​នៅ​ភូមិ​នោះ​មិន​ទំនេរ​ទេ ក្រោយពី​ច្រូត​ស្រូវ ដាំ​បន្លែ​បន្ថែម ហើយ​ពេល​បេះ​ផល​ម្តង​ហើយ បើ​កន្លែង​ខ្លះ​នៅ​មាន​ទឹក​អាច​បូម​បាន​គេ​ដាំ​បន្លែ​បន្ត​ទៀត ។ គេ​ធ្វើ​យ៉ាងណា​ទាញ​យក​ផល​ពី​ដី មិន​ថា​រដូវ​ប្រាំង​ឬ​រដូវ​វស្សា​ឡើយ ដើម្បី​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ​ផង ប្រឆាំង​នឹង​ភាព​ក្រីក្រ ខ្វះខាត​ស្បៀង​ផង ។

លោក​ថា​កសិករ​ទោះ​ប្រឹង​យ៉ាង​នេះ​ក្តី ក៏​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​តាម​គ្រួសារ​ធូរធារ​ដែរ ដោយសារ​តែ​ទំនិញ​វា​ចេះតែ​ឡើង​ថ្លៃ​មិន​ឈប់​ឈរ ។ លោក ជឹម នីថា បន្ថែម​ថា​មាន​គ្រួសារ​ខ្លះ​កូន​ទៅ​ធ្វើ​កម្មករ​រោងចក្រ ២​-​៣​នាក់ គេ​បាន​ប្រាក់​ចំណូល​ច្រើន ហើយ​ឪពុក​ម្តាយ​បាន​ជួយ​ធ្វើ​ស្រែ មាន​ស្រូវ​ហូប​និង​លក់​បន្លែ លក់​សត្វ​មាន់​ទា​ផង ក៏​មាន​ជីវភាព​គ្រាន់បើ​អាច​សង់​ផ្ទះ​ថ្មី ឬ​ទិញ​ម៉ូតូ ឬ​ទិញ​សត្វ​គោ ឬ​ទិញ ដី​ស្រែ​ពង្រីក​ថែម​បាន​មួយចំនួន ។ លោក​សំណូមពរ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជីក​ស្រះ​ក្នុង​ភូមិ​នោះ​សម្រាប់​ស្រោចស្រប់​ក៍​ដូច​ទឹក​ទទួល​ទាន ។

លោក ជឹម នីថា បាន​មាន​ប្រសាសន៍​ថា ៖ «បើ​យើង​សម្លឹង​ទៅ​លើ​ជី​ធម្មជាតិ យើង​មិន​សូវ​មាន​ហើយ​បើសិន​ជា​ចិញ្ចឹម​ជា​សត្វ​យក​លាមក​វា​ក៏​យើង​ពិបាក​នឹង​មើល ហើយ​បើ​គិត​ជី​គីមី​វា​ថ្លៃ វា​ពិបាក ។ អ៊ីចឹង​ការបង្ក​បង្កើន​ផល​វា​ជួប​ផល​លំបាក​ច្រើន​នៃ​ការដាំដុះ​ហ្នឹង ។ ខ្លះ​ដី​តិច​អ៊ីចឹង​ទៅ បង្កើត​ដំណាំ​ហ្នឹង​បន្ត​បាន​មួយ​រដូវ​ទៅ បាន​លុយ​ហ្នឹង​បង្វែរ​មក​ទិញ​ស្រូវ​អង្ករ​វិញ​ទៅ បាន​បន្ត​ដាំ​ស្រូវ​ទៅ​ទៀត​បាន​បន្តិច​បន្តួច​ទេ ។ មិនសូវ​ជា​មាន​បាន​អី​ទេ»

រីឯ​មេ​ឃុំ​កុមាររាជា លោក ប៉ុល ដុស មាន​ប្រសាសន៍​ថា​បញ្ហា​ជី​គីមី​បាន​ឡើង​ថ្លៃ នាំ​ឲ្យ​កសិករ​ជួប​ការលំបាក​ពិត​មែន ប៉ុន្តែ​មន្រ្តី​កសិកម្ម​និង​មន្រ្តី​អភិវឌ្ឍន៍​ជនបទ​បាន​ចុះ​ពន្យល់​កសិករ​ឲ្យ​ចេះ​សន្សំ​ជី​ធម្មជាតិ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ទិញ​ជី​គីមី ៖ «បញ្ហា​ជីវភាព ទំនិញ​ឡើង​ថ្លៃ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​សព្វថ្ងៃ​គាត់​មាន​ការប៉ះពាល់​ដែរ ប៉ុន្តែ​ការប៉ះពាល់​ហ្នឹង​គាត់​ខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការរក​ផ្សំ​របស់​គាត់ ដើម្បី​ទប់ទល់​នឹង​ទំនិញ​ឡើង​ថ្លៃ​ដែរ ។ ប៉ះពាល់​បញ្ហា​ការងារ​ជី ជី​វា​ឡើង​ថ្លៃ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​គាត់​ដឹង​ថា​ជី​ឡើង​ថ្លៃ ក៏​គាត់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការសន្សំ​ជី​ធម្មជាតិ​របស់​យើង ធ្វើ​ជី​កំប៉ុស្ដ​លាយ​ខ្លះ​អ៊ីចឹង»

លោក​មេ​ឃុំ​បន្ត​ថា​តាំងពី​ទំនិញ​ឡើង​ថ្លៃ​មាន​សិស្ស​ប្រមាណ​២០​នាក់​ក្នុង​១៣​ភូមិ​នៃ​ឃុំ​នេះ បាន​ទៅ​ធ្វើ​កម្មករ​រោងចក្រ ហើយ​ក៍​មាន​កម្មករ​ខ្លះ​បាន​វិល​មក​ផ្ទះ​វិញ​ដែរ​ដោយ​ប្រាក់ខែ​ចាយ​មិន​គ្រាន់ និង​គ្មាន​ប្រាក់​ផ្ញើ​មក​ក្រុម​គ្រួសារ​ផង ។ លោក​មេ​ឃុំ​បន្ត​ថា​កិច្ច​អភិវឌ្ឍ​នៅ​ក្នុង​ឃុំ​នឹង​បន្ត​ជួសជុល​អាង​ទឹក​ចាស់ៗ និង​ធ្វើ​ផ្លូវ​ថ្នល់​បន្ថែម​ទៀត ។

លោក​សំណូមពរ​ទៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​សុំ​ជួយ​ឧបត្ថម្ភ​វ័យ​ចាស់​ដែល​ខ្វះ​លទ្ធភាព​ទៅ​រក​ប្រាក់​ចំណូល​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​នោះ​ជួយ​គិតគូរ​ជា​ប្រចាំ​ដល់​អ្នក​ទាំង​នោះ ដែល​មាន​ប្រមាណ​០,៥%​នៃ​ចំនួន​១៨១២​គ្រួសារ​ក្នុង​ភូមិ​ទាំង​១៣​នៃ​ឃុំ​នេះ ៕