កសិករ​នៅ​ស្រុក​កំពង់​ត្រឡាច​ត្អូញ​ពី​បញ្ហា​តម្លៃ​ស្រូវ​ចុះ​ថោក

កសិករ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​ជា​អ្នក​ធ្វើ​ស្រែ​ប្រាំង​នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច បាន​ត្អូញ​ថា ផលិតផល​ស្រូវ​នា​ឆ្នាំ​នេះ កំពុង​តែ​ចុះ​ថោក​ជា​គំហុក ដែល​បណ្តាល​ឲ្យ​កសិករ​ខ្មែរ​ស្ទើរ​គ្រប់​គ្នា​ប្រឈម​មុខ​នឹង​ការ​ខាត​បង់។

0:00 / 0:00

យុវ​កសិករ​ឈ្មោះ មៀឌ ធា អាយុ ២៧​ឆ្នាំ នៅ​ឃុំ​អំពិលទឹក ថ្លែង​ថា ប្រាក់​ចំណូល​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​ពី​ស្រូវ​ប្រាំង​សម្រាប់​គ្រួសារ​របស់​គេ​ដែល​មាន​កម្មសិទ្ធិ​ដីធ្លី​ប្រហែល ២​ហិកតារ មាន​ចំនួន​ប្រហែល ៥​លាន​រៀល​ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម ៥​លាន​នោះ មៀឌ ធា បាន​ចំណាយ​អស់​ប្រហែល ៣​លាន​រៀល​រួច​ទៅ​ហើយ ទៅ​លើ​ការ​ធ្វើ​ស្រែ​នៅ​សល់​ប៉ុន្មាន គឺ​ប្រាក់​កម្រៃ​កម្លាំង​និង​កម្មករ​ដែល​គិត​ទៅ​គិត​មក​គ្មាន​ចំណេញ​ទាល់​តែ​សោះ​សម្រាប់​មួយ​រដូវ​នេះ។

កសិករ មៀឌ ធា ឲ្យ​ដឹង​ដូច្នេះ ៖ «បើ​គិត​ពី​ផល​ចំណេញ​គ្មាន​ចំណេញ​ទេ គ្រាន់​តែ​ថា​ជា​តម្លៃ​ខ្លួន​យើង​ធ្វើ​មួយ​ឆ្នាំ បើ​យើង​ទៅ​ស៊ី​ឈ្នួល​គេ​ក៏​បាន​លុយ​ប៉ុណ្ណឹង​ដែរ»

បុរស​ចំណាស់​ឈ្មោះ យឹម ចេន អាយុ ៦៥​ឆ្នាំ រស់​នៅ​ឃុំ​ដដែល​បន្ថែម​ថា ការ​ធ្វើ​ស្រែ​របស់​លោក​នៅ​ឆ្នាំ​នេះ​បាន​ខាត​អស់​ប្រហែល ៣​លាន​រៀល​ទៅ​ទៀត ដោយសារ​តែ​តម្លៃ​ស្រូវ​ចុះ​ថោក​ពេក ហើយ​ថ្លៃ​ផលិត ដូច​ជា ជី ប្រេង ពូជ និង​សោហ៊ុយ ឈ្នួល​ផ្សេងៗ​ទៀត​បាន​ឡើង​ថ្លៃ​ទៅ​តាម​តំលៃ​ទំនិញ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន។

លោក យឹម ចេន រអ៊ូ​ថា ការ​លក់​ដូរ​បាន​ធ្វើ​ឡើង​អាស្រ័យ​លើ​ឈ្មួញ​កណ្តាល​ដែល​ដើរ​ទិញ​តាម​ស្រែ ៖ «មិន​ដឹង​មូល​ហេតុ​អី​ស្រាប់​តែ​ចុះ​ថោកៗ​ហ្នឹង ដូច​ឆ្ងល់​ដែរ អ៊ីចឹង​បាន​ខ្ញុំ​សូម​តវ៉ា​ហ្នឹង»

កសិករ​ជាច្រើន​នាក់​បាន​រអ៊ូ​ស្រដៀងៗ​គ្នា​អំពី​ការ​គ្មាន​ទីផ្សារ និង​ការ​គ្មាន​ជម្រើស​ក្នុង​ការ​លក់​ដូរ​ស្រូវ ហើយ​ត្រូវ​បង្ខំ​ចិត្ត​លក់ បើ​ទោះ​បី​ជា​ឈ្មួញ​ឲ្យ​តម្លៃ​ថោក ឬ​ក៍​ថ្លៃ​ក៍ដោយ។

នៅ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង កសិករ​ច្រើន​ដាំ​ស្រូវ​ប្រភេទ ៦៦ ដែល​ជា​ពូជ​ស្រូវ​នាំ​ចូល​ពី​វៀតណាម អាច​ផ្តល់​ផល​ច្រើន ឆាប់​បាន​ទិន្នផល ហើយ​ប្រើ​រយៈពេល​ត្រឹម ៣​ខែ​ប៉ុណ្ណោះ​សម្រាប់​ស្រែ​ប្រាំង។

ប្រភព​ពី​កសិករ​ដដែល​បាន​អះអាង​ថា ក្នុង​មួយ​តោន​នៃ​ស្រូវ​នេះ គេ​អាច​លក់​បាន​ត្រឹម​តម្លៃ ៦០​ម៉ីន​រៀល គឺ​ស្មើ​ប្រហែល ១៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ការ​ធ្លាក់​ចុះ​នេះ​បាន​ចាប់​ផ្តើម​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដែល​នាំ​កសិករ​ខ្លះ​អស់​កម្លាំង​ចិត្ត​ក្នុង​ការងារ​ធ្វើ​ស្រែ ហើយ​បាន​លះ​បង់​មុខ​របរ​ស្រែ​ចម្ការ​ចោល ដោយ​ចាប់​យក​មុខ​របរ​ដើរ​ស៊ី​ឈ្នួល​គេ​នៅ​គ្រប់​ច្រក​ល្ហក រី​ឯ​កសិករ​ខ្លះ​ទៀត​នៅ​បន្ត​ធ្វើ​ស្រែ បើ​ទោះ​បី​ជា​ខាត ឬ​ចំណេញ​ក៍ដោយ។

យុវ​កសិករ មៀឌ ធា បញ្ជាក់​ថា ការ​បន្ត​ធ្វើ​ស្រែ បើ​ទោះ​បី​ជា​ខាត​រាល់​ឆ្នាំ​ក៏ដោយ គឺ​ដោយសារ​តែ​គ្មាន​ជម្រើស ៖ «ធ្វើ​ម៉េច​បើ​កសិករ​ប្រកប​តែ​កសិកម្ម​ដំណាំ​ដាំ​ដុះ​ហ្នឹង​ហើយ មិន​ដឹង​ជា​ធ្វើ​អី បាន​តែ​ធ្វើ​ប្រាំង​ធ្វើ​ចម្ការ ដាំ​ត្រប់ ដាំ​ពោត​អី​ទាំង​អស់​ផ្សំៗ គ្មាន​របរ​រក»

កសិករ​ម្នាក់​ទៀត​ឈ្មោះ ខៀវ សំអុល អាយុ ៥៨​ឆ្នាំ​បន្ថែម​ថា គ្មាន​រដ្ឋ​អំណាច ឬ​ក្រុម​ណា​មួយ​ដែល​បាន​មក​ជួយ​កសិករ​នៅ​ត្រង់​ចំណុច​នេះ​នៅ​ឡើយ។ លោក​ឮ​សូរ​តែ​ការ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ជំរុញ​និង​ការ​ជួយ​ពលរដ្ឋ​លើ​ផ្នែក​កសិកម្ម ប៉ុន្តែ​នៅ​តាម​មូលដ្ឋាន​វិញ លោក​មិន​ទាន់​ឃើញ​ការ​ចូល​រួម​របស់​រដ្ឋាភិបាល​មក​ដល់​កសិករ​នោះ​នៅ​ឡើយ​ទេ ដែល​សំណូមពរ​ចម្បង​បំផុត​នោះ គឺ​ការ​រក​ទីផ្សារ​ស្រូវ​សម្រាប់​ពួក​គាត់។

កសិករ​ឈ្មោះ ខៀវ សំអុល បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មិន​ដឹង​ថា​យ៉ាង​ម៉េច? ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខាង​ស្រុក​ស្រែ​ចម្ការ​ផង បើ​សិន​ជា​ទំនិញ​ផ្សារ ទំនិញ​ស្រុក​ស្រែ​ចម្ការ ស្រូវ​ចុះ​ថោក​យ៉ាង​នេះ ហើយ​ទំនិញ​ផ្សារ​ឡើង​ថ្លៃ ទូ​ទាត់​នឹង​ទំនិញ​ផ្សារ​យ៉ាង​ម៉េច​នឹង​កើត ក្នុង​មួយ​តៅ​មិន​បាន​ប៊ីចេង​មួយ​កញ្ចប់​ផង»

របាយការណ៍​របស់​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា ស្រូវ​នៅ​កម្ពុជា នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ក្នុង​មួយ​ឆ្នាំៗ ប្រហែល ២​លាន​តោន ដែល​ជា​ស្រូវ​សល់​ពី​តម្រូវ​ការ​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក។ ក្រសួង​កសិកម្ម​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា កម្ពុជា​នា​ពេលបច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ទីផ្សារ​ស្រូវ​ជាក់​លាក់​សម្រាប់​ពលរដ្ឋ​នៅ​ឡើយ​ទេ ហើយ​ស្រូវ​ដែល​នាំ​ចេញ​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឡើង​តាម​រយៈ​ឈ្មួញ​កណ្តាល​នាំ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​នាំ​ស្រូវ​ទៅ​លក់​នៅ​ប៉ែក​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់។

បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​អង្គការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហៅ​កាត់​ថា ស៊ីដាក់ អត្ថាធិប្បាយ​ថា កសិករ​ខ្មែរ​មិន​ទាន់​មាន​លទ្ធភាព​បង្កើត​ឃ្លាំង​ស្តុក​ស្រូវ​រាប់​ម៉ឺន​រាប់​សែន​តោន និង​ម៉ាស៊ីន​សម្រាប់​ការពារ​ស្រូវ​បាន​នៅ​ឡើយ​ដោយសារ​តែ​មិន​មាន​ទុន ហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ការ​លក់​ដូរ​ស្រូវ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង។ លោក​បន្ត​ទៀត​ថា ការ​ពឹង​ពាក់​ទៅ​លើ​ប្រទេស​ជិត​ខាង​នេះ បាន​នាំ​កសិករ​ខ្មែរ​ជួប​ផល​លំបាក គឺ​ការ​លក់​ដូរ​ធ្វើ​ឡើង​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​របស់​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ។

បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​នៅ​ការ​ធ្វើ​បង្កើន​នូវ​សេវាកម្ម​ផ្សព្វផ្សាយ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​ដែល​កសិករ​ថ្មី ឲ្យ​គាត់​អាច​ផលិត​បាន​ច្រើន ចំណាយ​តិច​លើ​ពូជ។ ហើយ​ជា​ពិសេស​ទៀត យើង​ធ្វើ​ម៉េច​គាំទ្រ​ឲ្យ​មាន​ការ​វិនិយោគ​ដើម្បី​ពង្រីក​លទ្ធភាព​របស់​យើង​ក្នុង​ការ​នាំ​អង្ករ​ចេញ​ផ្ទាល់​ទៅ​លើ​ទីផ្សារ​អន្តរជាតិ។ អ៊ីចឹង​បើ​សិន​ជា​រៀបចំ​ឲ្យ​មាន​ឃ្លាំង​ធំៗ​នៅ​តំបន់​ហ្នឹង​ទៅ ហើយ​មាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​វិនិយោគ គេ​មាន​ទុន​គ្រប់​គ្រាន់​គេ​អាច​ប្រមូល​ទិញ​ស្តុក ហើយ​យើង​កិន​ជា​អង្ករ ហើយ​យើង​នាំ​ចេញ​ទៅ​ទីផ្សារ​ផ្ទាល់»

អនុ​ប្រធាន​នាយកដ្ឋាន​ផែន​ការ​នៃ​ក្រសួង​កសិកម្ម លោក ស្រី វុទ្ធី បាន​ពិពណ៌នា​ថា ក្រសួង​កសិកម្ម​បាន​គិត​គូរ​ទៅ​លើ​រឿង​នេះ​ហើយ។ ក្នុង​ឆ្នាំ ២០០៨ កន្លង​ទៅ គេ​បាន​ចំណាយ​ទឹក​ប្រាក់​ចំនួន ១២​លាន​ដុល្លារ ដែល​ជា​ទឹក​ប្រាក់​ហិរញ្ញប្បទាន​សម្រាប់​ធានា​ទីផ្សារ​ស្រូវ​ក្នុង​ការ​លក់​ទិញ​មិន​ឲ្យ​មាន​ធ្លាក់​ថ្លៃ​ខ្លាំង ហើយ​ក្នុង​ឆ្នាំ ២០០៩ នេះ គេ​គ្រោង​ថា​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១៨​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​ដដែល​នេះ។

លោក ស្រី វុទ្ធី មាន​ប្រសាសន៍​ថា ៖ «នៅ​ឆ្នាំ ២០០៩ នេះ នឹង​ធ្វើ​បន្ត​ទៅ​ទៀត​ក្នុង​ទឹក​ប្រាក់ ១៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទាំង​អស់។ នេះ​គឺ​ជា​អ្វី​ដែល​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋ»

ប្រភព​ពី​ក្រសួង​កសិកម្ម​ដដែល​បង្ហើប​ទៀត​ថា ទឹក​ប្រាក់​ចំនួន ៧២​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​អនុម័ត​រួច​ហើយ នៅ​ក្នុង​ម្រោង​មូលនិធិ​ទ្រទ្រង់​វិស័យ​កសិកម្ម ដែល​រដ្ឋាភិបាល​ត្រូវ​យក​ទឹក​ប្រាក់​នោះ នៅ​ក្នុង​ការ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន​សម្រាប់​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ស្រូវ ការ​ផ្គត់ផ្គង់​ឥណទាន​ទៅ​ដល់​រោង​ម៉ាស៊ីន សម្រាប់​ធានា​ការ​ប្រមូល​ទិញ ការ​បង្កើន​បច្ចេកទេស​ក្នុង​ការ​សម្ងួត​ស្រូវ​និង​ការ​ផ្សព្វផ្សាយ​ស្ដីពី​ទីផ្សារ​ស្រូវ ទៅ​ដល់​ប្រជាពលរដ្ឋ​និង​ការ​រៀបចំ​ក្រុម​សហករណ៍​ជាដើម។ មន្ត្រី​ដដែល​សង្ឃឹម​ថា កម្ពុជា នឹង​រក​ឃើញ​នូវ​ទីផ្សារ​ខ្លួន​ឯង​តាម​រយៈ​ការ​ប្រឹង​ប្រែង​ដើរ​លើ​គម្រោង​នេះ​នា​ពេល​ខាង​មុខ៕