តំណាងកសិករចំនួន ១៣៦នាក់ដែលមកពីបណ្តាញការងារនានារបស់អង្គការសេដាក់ នៅខេត្តក្រុង បានជួបជុំគ្នាដើម្បីពិភាក្សាលើការងារដែលបានអនុវត្តកន្លងមក និងបានលើកទិសដៅការងារ ៣ឆ្នាំទៅមុខទៀត។
ការជួបជុំធ្វើសមាជថ្នាក់ជាតិលើកទី៧ របស់បណ្តាញកសិករនិងធម្មជាតិគឺជាសមាជប្រចាំ ដែលធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរីកចម្រើនរបស់បណ្តាញក្នុងឆ្នាំ២០០៩ និងដើម្បីបង្ហាញយុទ្ធសាស្ត្រការងាររហូតដល់ឆ្នាំ២០១២។
តំណាងកសិករទាំង ១៣៦នាក់ គឺជាតំណាងដែលជាប់ឆ្នោតមកពីខេត្ត ក្រុងចំនួន ១១នៃប្រទេសកម្ពុជា។ អ្នកតំណាងទាំងនេះរួមមានតំណាងសមាគមថ្នាក់ខេត្ត តំណាងសហព័ន្ធ ឬបណ្តាញថ្នាក់ជាតិដូចជាបណ្តាញយុវជនថ្នាក់ជាតិ បណ្តាញស្ត្រី បណ្តាញផ្សារសហគមន៍ និងបណ្តាញក្រុមផលិតស្រូវសរីរាង្គ។
ប្រធាន "បណ្តាញកសិករ និងធម្មជាតិ" គឺលោក អួន សុផល បានប្រាប់ឲ្យដឹងអំពីបណ្តាញកសិករ និងធម្មជាតិថា ជាការចងក្រងបណ្តាញកសិករនៅទូទាំងប្រទេសដែលផ្តួចផ្តើមឡើងដោយអង្គការសេដាក ដើម្បីជួយពង្រឹងសមត្ថភាពកសិករកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញមក។
លោក អួន សុផល បញ្ជាក់បន្ថែមថា ៖ «គឺបណ្តាញកសិករទូទាំងប្រទេស ១១ខេត្ត ហើយយើងមានសមាគម ១១០៧សព្វថ្ងៃនេះ។ មានសមាជិកជាងបីម៉ឺននាក់»។
សមាជរបស់បណ្តាញកសិករ និងធម្មជាតិដែលសហការជាមួយមជ្ឈមណ្ឌលសេដាក ត្រូវបានប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺលោក ម៉ក់ សឿន វាយតម្លៃថា ជាបទពិសោធន៍មួយសម្រាប់ក្រសួងរបស់លោកក្នុងការជ្រើសរើសកសិករឆ្នើមដែលក្រសួងគ្រោងនឹងនៅពេលខាងមុខ។
លោកបញ្ជាក់បន្ថែមដូច្នេះថា ៖ «បណ្តាញកសិករនេះជាផ្នែកមួយ ដើម្បីឲ្យកសិករមានសាមគ្គីគ្នាទំនាក់ទំនងផ្លាស់ប្តូរបច្ចេកទេស ការរកទីផ្សារ ក៏ដូចជាមានបញ្ហាអីផ្លាស់ប្តូរគ្នា»។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា សេដាក គឺលោក យ៉ង សាំងកុមារ ថ្លែងថា ការចងក្រងបណ្តាញកសិករ គឺជាការពង្រឹងធនធានមនុស្ស និងបន្តការងារអភិវឌ្ឍន៍កសិកម្ម។ ការចងក្រងបណ្តាញកសិករ នាំឲ្យចំណេញទាំងឈ្មួញ និងទាំងកសិករក្នុងការទិញលក់កសិផល។ ជាពិសេសគឺការកំណត់តម្លៃ។ លោកថ្លែងទៀតថា ថ្មីៗនេះលោកទើបតែចុះកិច្ចសន្យាលើទឹកប្រាក់មួយលានដុល្លារជាមួយប្រទេសហូល្លង់ ក្នុងការប្រមូលទិញស្រូវរបស់កសិករនៅកម្ពុជា៕
