ប្រជាកសិករ​ត្អូញត្អែរ​អំពី​បញ្ហា​ជី​គីមី​ឡើង​ថ្លៃ​ខ្ពស់

ប្រជាកសិករ​នៅ​តាម​ខេត្ត​ជាច្រើន ត្អូញត្អែរ​អំពី​ជី​គីមី​ឡើង​ថ្លៃ​ខ្លាំង ដែល​នាំ​ឲ្យ​ពួកគាត់​ព្រួយ​បារម្ភ​ពី​កសិផល​លក់​ចេញ​វិញ មិន​អាច​សង​ថ្លៃ​ជី​គ្រប់។

0:00 / 0:00

កសិករ ខៀវ វ៉ុន រស់នៅ​ភូមិ​ស្វាយឃ្លាំង ឃុំ​ស្រង់ មាន​ប្រសាសន៍​ថា គ្រប់​គ្រួសារ​នៅ​រដូវ​វស្សា ត្រូវការ​ជី​គីមី​សម្រាប់​បង្ក​បង្កើន​ផល​ដំណាំ។ រដ្ឋាភិបាល​គួរតែ​ដឹក​ជី​យក​មក​លក់​ឲ្យ​កសិករ​ក្នុង​តម្លៃ​ថោក ដូច​ដឹក​អង្ករ​លក់​ថោក​ក្នុង​ទីក្រុង​ដែរ។

លោក​ថា គ្រប់​ទីផ្សារ ជី​គ្រប់​ប្រភេទ​បាន​ឡើង​ថ្លៃ ២​ទៅ​៣​ដង​ក្នុង​១​បាវ ទម្ងន់​៥០​គីឡូក្រាម បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ៖ «បើ​អង្ករ​វា​ថោក ជី​វា​ថ្លៃ រក​លុយ​ទិញ​ជី​ធ្វើ​ស្រែ​អត់​បាន​ទេ។ បើ​រដ្ឋាភិបាល​ដឹក​ជី​មក​លក់​ឲ្យ​ប្រជាជន គឺ​សូម​អរគុណ​ហើយ»

មេភូមិ​ព្រីង ឃុំ​ទួលសាលា លោក ឡុង ហ៊ន មាន​ប្រសាសន៍​ថា ឃុំ​នោះ​ធ្វើ​ស្រែ​បូម​ទឹក ចំណាយ​ថ្លៃ​ប្រេង​អស់​ច្រើន​ម៉ឺន​រៀល ហើយ​ជី​ឡើង​ថ្លៃ លើស​ឆ្នាំ​មុន​២​ទៅ​៣​ដង​ទៀត។ កសិករ​មិន​រំពឹង​ថា អាច​លក់​ផល​ស្រូវ​បាន​ថ្លៃ ទប់​ថ្លៃ​ជី ថ្លៃ​ប្រេង បាន​ឬ​អត់​ទេ នៅ​ឆ្នាំ​ក្រោយ​នេះ។

លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ចេញ​លក់​ជី​ឲ្យ​បាន​ធូរ​ថ្លៃ ជួយ​ដល់​កសិករ ៖ «ដល់​ទីផ្សារ​សេរី រដ្ឋ​ដឹក​អង្ករ​លក់ តែ​អត់​មាន​ដឹក​ជី​ដើរ​លក់​ដែរ។ ប្រជាពលរដ្ឋ​គាត់​ធ្វើ​បាន ហើយ​តម្លៃ​ឡើង​អត់​រួច ហើយ​តម្លៃ​ទីផ្សារ​ឡើង​កប់​ពពក»

កសិករ រាជ សារឿន នៅ​ភូមិ​ក្រាំងឃ្នង អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ដឹក​ជី​លក់​ក្នុង​តម្លៃ​ថោក​ដូច្នេះ ៖ «ខ្ញុំ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម​ក្ដី តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ក្រុង​ក្ដី គឺ​ថា គួរ​ចែកចាយ​ជី​ដែល​មាន​តម្លៃ​ទាប»

អនុប្រធាន​នាយកដ្ឋាន​ក្សេត្រសាស្រ្ត​និង​កែលំអ​ដី​ធ្លី​នៃ​ក្រសួង​កសិកម្ម លោក​បណ្ឌិត ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ជ្រាប​ថា ក្រសួង​កសិកម្ម​និង​រដ្ឋាភិបាល​មាន​គម្រោង​ជួយ​កសិករ​តាម​ការស្នើសុំ​ដឹក​ជី​លក់​ក្នុង​តម្លៃ​ថោក បាន​ឬ​អត់​ទេ។ ប៉ុន្តែ​លោក​ចង់​ណែនាំ​កសិករ ឲ្យ​ងាក​មក​សន្សំ​រុក្ខជាតិ កាក​សំណល់​ផ្ទះ​បាយ សំរាម លាមក​សត្វ មក​ផលិត​ជា​ជី​ធម្មជាតិ ដោយ​ជី​ធម្មជាតិ​ជួយ​កែ​ដី​រឹង ខូច​រេចរឹល មក​ជា​ដី​ធូរ បង្កើត​ជា​ជីវចម្រុះ ហើយ​ជួយ​បន្ថយ​ប្រាក់​ចំណាយ​ទិញ​ជី​គីមី​ផង។

លោក​បណ្ឌិត ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជន្លេន​មាន​តួនាទី​មួយ​យ៉ាង​ចម្បង​ក្នុង​ការ​បម្លែង​ដី​ហ្នឹង ឲ្យ​កាន់តែ​កើត​មាន​ជី​ជាតិ​បាន។ ហើយ​រួមផ្សំ​ទាំង​ការផ្លាស់ប្ដូរ​មុខ​ដំណាំ​ស្រូវ យើង​អាច​ដាំ​ដំណាំ​សណ្ដែក​នៅ​រដូវ​ប្រាំង សណ្ដែក​វា​អាច​ធ្វើ​ឲ្យ​ដី​ហ្នឹង​កើន​នូវ​សារធាតុ​អាហ្សូត»

ឈ្មួញ​នាំ​ជី​គីមី តាម​ព្រំដែន​ខ្មែរ​-ថៃ លោក ខុង មីញ ឲ្យ​ដឹង​ថា ជី​គីមី​ឈ្មោះ ក្បាលគោ បាន​ឡើង​ថ្លៃ​ឆ្នាំ​នេះ ខ្ពស់​ជាង​ឆ្នាំ​មុន ២​ទៅ​៣​ដង។ លោក​ថា ឆ្នាំ​មុន គាត់​លក់​អស់ ១៨០ ទៅ​២០០​តោន។ ឯ​ឆ្នាំ​នេះ គាត់​លក់​អស់​តែ ៦០​តោន​ទេ ដោយ​ជី​ក្បាល​គោ​នោះ ឡើង​ថ្លៃ​ខ្លាំង ហើយ​លក់ ១​បាវ ៥០​គីឡូ ដល់​ទៅ ១២៥០​បាត បើ​ប្រៀបធៀប​ឆ្នាំ​មុន គាត់​លក់​ថ្លៃ​តែ ៦០០​បាត ប៉ុណ្ណោះ។

តាម​ការអះអាង​របស់​កសិករ​ទូទាំង​ប្រទេស​និង​អាជីវករ ឲ្យ​ដឹង​ថា ផលិតផល​សម្រាប់​បម្រើ​ការចាំបាច់​ក្នុង​ការ​ផលិត​កសិកម្ម បាន​ឡើង​ថ្លៃ​ខ្លាំង ក្នុង​រដូវ​វស្សា​ឆ្នាំ​២០០៨​នេះ៕