ពលរដ្ឋ​រស់​នៅ​ក្បែរ​ប្រាសាទ​បន្ទាយ​ឆ្មារ​ប្រឈម​នឹង​ការ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​កំពុង​អត់​ដី​កសិកម្ម​បង្ក​បង្កើន​ផល បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​បាន​ចុះ​ហាម​ឃាត់​និង​ចាប់​យក​ម៉ាស៊ីន​គោ​យន្ត​ភ្ជួរ​ដី ក្រោយ​ពី​ពួក​គេ​បាន​យក​ទៅ​ភ្ជួរ​នៅ​ស្រែ​ចម្ការ ដែល​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

0:00 / 0:00

ឡី ប៉ិប អាយុ ៤៣​ឆ្នាំ បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រជា​ពលរដ្ឋ ៨៥​គ្រួសារ​រស់​នៅ​ភូមិ​ត្រពាំង​ធ្លក ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​ជីវភាព​ក្នុង​គ្រួសារ ដោយសារ​មិន​មាន​ដី​ស្រែ​ចម្ការ​បង្ក​បង្កើន​ផល។

លោក​បាន​បន្ត​ថា ដី​ស្រែ​រាប់​សិប​ហិកតារ​នៅ​ក្នុង​ភូមិ​ដែល​ពួក​ធ្លាប់​បង្ក​បង្កើន​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​មន្ត្រី​បរិស្ថាន​ហាម​ឃាត់​ដក​ហូត​យក​ដោយ​សំអាង​ថា ដី​នៅ​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ទេសភាព​ប្រាសាទ​បន្ទាយ​ឆ្មារ ៖ «បើ​ថា​យើង​ទើប​ទៅ​គាស់​កកាយ​ទៅ​មិន​ថា​ទេ តែ​យើង​គាស់​បាន​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​ហើយ​ក៏​នៅ​តែ​គេ​ចាប់»

ក្រុម​អ្នក​ភូមិ​បាន​បន្ត​ថា ខាង​មន្រ្តី​បរិស្ថាន​បាន​ចាប់​យក​ម៉ាស៊ីន​គោ​យន្ត​ភ្ជួរ​ដី​របស់​អ្នក​ភូមិ​ជំរិត​ទារ​លុយ​ជា​ច្រើន​លើក​ច្រើន​សា ក្នុង​រយៈពេល​ជា​បន្ត​បន្ទាប់​មក​នេះ ខណៈ​ដែល​ពួក​គេ​ប្រើ​ប្រាស់​ក្នុង​ការ​ភ្ជួរ​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៖ «គេ​ចាប់​យក​គោ​យន្ត​យើង​ដើម្បី​ផាក​ពិន័យ។ ពួក​នេះ​មិន​មែន​ពួក​អនាធិបតេយ្យ​ទេ ខេត្ត​ស្រុក​ទទួល​ស្គាល់​ត្រឹម​ត្រូវ អត្តសញ្ញាណ​ប័ណ្ណ​ក៏​មាន ប័ណ្ណ​គ្រួសារ​ក៏​មាន សៀវភៅ​គ្រួសារ​ក៏​មាន»

ក្រុម​អ្នក​ភូមិ​ដដែល​បាន​បន្ត​ថា ក្រុម​មន្ត្រី​បរិស្ថាន​បាន​ប្រាប់​ថា ប្រជា​ពលរដ្ឋ​ទាំង ៨៥​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ធ្លក គឺ​មួយ​គ្រួសារៗ​អាច​រស់​នៅ​លើ​ដី​ទំហំ ៥០​ម៉ែត្រ គុណ​នឹង ៧០​ម៉ែត្រ​ដែល​ពួក​គេ​កំណត់​ឲ្យ​ប៉ុណ្ណោះ។

អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ម៉ម ឆាយ​ឆន មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ទេ ប៉ុន្តែ​អះអាង​ថា ផ្ទៃ​ដី​ទំហំ ៨១.២០០​ហិកតារ គឺ​បាន​កំណត់​ដោយ​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​ឆ្នាំ​១៩៩៣ ដើម្បី​អភិរក្ស​ថែ​រក្សា​ការពារ​តំបន់​ទេសភាព​ប្រាសាទ​បន្ទាយ​ឆ្មារ។

លោក​បន្ត​ថា យោង​តាម​ច្បាប់​ការពារ​តំបន់​ធម្មជាតិ​មាន​ការ​កណត់​ព្រំ​ប្រទល់ ហើយ​បែង​ចែក​ជា​តំបន់​ដែល​មាន​ដី​កសិកម្ម​ឲ្យ​សហគមន៍​បង្ក​បង្កើន​ផល​បាន ៖ «មាន​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើ​ប្រាស់​ចិរភាព ហើយ​និង​តំបន់​សហគមន៍»

មន្ត្រី​អង្គការ​រក្សា​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា Vigilance លោក ឡាយ វឌ្ឍនា បាន​ថ្លែង​ថា យោង​តាម​ការ​សិក្សា​មាន​ប្រជា​ពលរដ្ឋ​ចំនួន​បី​ឃុំ ក្នុង​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​រង​ការ​បាត់​បង់​ដី​កសិកម្ម​ដោយសារ​ព្រះ​រាជ​ក្រឹត្យ​អភិរក្ស​តំបន់​ទេសភាព​ប្រាសាទ​បន្ទាយ​ឆ្មារ។

មន្ត្រី​រូប​នេះ​បាន​បន្ត​ថា ការ​កំណត់​យក​តំបន់​ទេសភាព​ប្រាសាទ​បន្ទាយ​មាន​ឆ្មារ គឺ​មាន​ផ្ទៃ​ដី​ធំ ហើយ​អាជ្ញាធរ​មិន​បាន​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ឲ្យ​បាន​ជាក់​លាក់​ជុំវិញ​ការ​ផល​ប៉ះពាល់​របស់​អ្នក​ភូមិ ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង។

លោក​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ គួរ​ចុះ​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ បើ​មិន​ដូច្នេះ ផល​ប៉ះ​ពាល់​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ៕